Thursday, June 9, 2016

​​​       ប្រភព៖https://www.khmerload.com/news/49317
(ភ្នំពេញ)៖ កីឡាករបាល់ទាត់ជនជាតិជប៉ុន Keisuke HONDA បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅមុននេះបន្តិច តាមជើងហោះហើរ EVA Air ច្រកទ្វារ VIP ព្រឹកថ្ងៃទី០៩ មិថុនានេះ ដើម្បីបើកមកបើកសាលាបាល់ទាត់ថ្នាល និងផ្តល់បទពិសោធន៍ពីការលេងបាល់ទាត់ កីឡាករក្មេងៗកម្ពុជា។
សូមបញ្ជាក់ផងដែរថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ពីសំណាក់កីឡាករខ្សែប្រយុទ្ធជប៉ុន ដែលកំពុងលេងឲ្យ ក្លឹប AC Milan ក្នុងប្រទេសអ៊ីតាលី ក្រោយពីធ្លាប់មកប្រកួតនៅទឹកដីកម្ពុជា ម្តងដែរកាលពីខែកញ្ញា ឆ្នាំ២០១៥ ក្នុងវគ្គ ជម្រុះ World Cup 2018 ប្រចាំទ្វីបអាស៊ី ជើងទី២ ជុំទី២ ដោយកម្ពុជា បានចាញ់ជប៉ុន ២-០ ក្នុងនោះ ហុងដា ក៏រកបាន១គ្រាប់ផងដែរនៅនាទីចុងម៉ោង៕
ប្រភព ៖ Fresh News
កំណត់ហេតុខ្មែរឡូត៖ នៅចាំបានថា កាលពីឆ្នាំមុន កីឡាករ Honda ក៏បានមកប្រទេសកម្ពុជាម្តងដែរ​ គឺអមជាមួយក្រុមជម្រើសជាតិជប៉ុន ដើម្បីមកប្រកួតជាមួយ ក្រុមជម្រើសកម្ពុជា។
គួររំលឹកផងដែរថា កាលនោះ កីឡាករ Honda ទទួលបានការស្វាគមន៍គាំទ្រច្រើនជាងគេពីសំណាក់បងប្អូនអ្នកគាំទ្រនៅកម្ពុជា ហើយទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្របានថតរូបជាមួយផងដែរ។ 
សូមបញ្ជាក់ផងដែរថា​ កាលនោះក្រុមជម្រើសជាតិកម្ពុជា បានចាញ់ ក្រុមជម្រើសជាតិជប៉ុន ២-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៦មឺុននាក់ តែទោះជាយ៉ាងណាអ្នកគាំទ្រក៏មានមោទនភាពចំពោះការប្រកួតមួយនេះដែរ។

         ប្រភព៖https://www.khmerload.com/news/49324
(ខេត្តព្រះសីហនុ) ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា មានករណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយគួរ​ឱ្យ​រន្ធត់​បំផុត បន្ទាប់​ពី​​​រថយន្ត​២គ្រឿង​​បាន​បុក​គ្នាយ៉ាងពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​២នាក់ស្លាប់ និង​រងរបួស​ធ្ងន់​-ស្រាល​​២នាក់ កាលពីវេលាម៉ោង​១២ថ្ងៃត្រង់ ថ្ងៃ​ទី​០៩ មិថុនា ២០១៦ ស្ថិត​នៅ​​ផ្លូវជាតិលេខ៤ ត្រង់​ចំណុច​ដូង​ក្រអូប​ទឹក​សាប ក្នុងភូមិស្មាច់ដែង ឃុំ​រាម ស្រុកព្រៃនប់ ។
ទោះបីជាយ៉ាងណា មូលហេតុ​ និង​អត្ត​សញ្ញាណ​ជនរងគ្រោះ គេមិនទាន់ដឹង​នៅឡើយទេ ។ ក្រោយ​កើតហេតុ​​ភ្លាម​ៗ កម្លាំង​សមត្ថ​កិច្ចបាន​ចុះ​ទៅ​ជួយ​អន្តរា​គមន៍ ដោយ​ជួយ​ហៅ​រថយន្ត​​ដឹក​ជន​រង​គ្រោះ ​ទៅ​កាន់​មន្ទីរពេទ្យ ​ហើយ​​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​ស្ទូច​មក​រក្សា​ទុក​ ដើម្បីរង់ចាំ​ការ​ដោះ​ស្រាយ​បន្ត ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
នាពេលថ្មីៗនេះ រថយន្តកុងតឺន័រមួយគ្រឿង ពេលកំពុងធ្វើដំណើរទិសដៅ ពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានជ្រុលទៅបុករះរថយន្ត៤គ្រឿង បណ្តាលរងការខូចខាតស្ទើរទាំងស្រុង និងបណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចអូត្រាវ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា រថយន្តកុងតឺន័រ បានបុករថយន្ត Lexus RX300 ហើយជ្រុលទៅបុករថយន្តទួរីស និងរថយន្តធន់តូច (រថយន្តតាក់សីុនៅវាលរេញ) បណ្តាលរថយន្តទាំងនោះ រងការខូចខាតយ៉ាងខ្លាំង ដោយឡែករថយន្តកុងតឺន័រ បានក្រឡាប់ធ្លាក់ផ្លូវផងដែរ។ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ បានចុះទៅជួយ អន្តរាគមន៍ដោយហៅរថយន្តពេទ្យ មកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ផងដែរ។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅយប់ថ្ងៃនេះថា ជនរងគ្រោះទាំង៤នាក់នោះ មានជនជាតិបរទេស២នាក់ផងដែរ តែមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ៕

             ប្រភព៖https://www.khmerload.com/news/49326
រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុងធ្វើការ​សម្របសម្រួល​(​អាជ្ញាកណ្តាល​) រវាង​ម្ចាស់​រថយន្ត​និង​ក្រុមហ៊ុន OCIC ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន OCIC ទទួលខុសត្រូវ​ក្នុង​ការ​បាក់​ស្រុត​ដី​ធ្លាក់​រថយន្ត​នៅ​ជ្រុង​ប៉ែក​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​រសៀល​ថ្ងៃ​ទី​០៨ មិថុនា​ម្សិលមិញ ។
នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា ដែល​ប្រាប់​កោះសន្តិភាព​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។
សូម​បញ្ជាក់​ថា អំឡុង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​០៨ មិថុនា បាន​បណ្តាល​ឲ្យ​ស្រុត​ដី​ធ្លាក់​រថយន្ត​៣​គ្រឿង​នៅ​ជ្រុង​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ រថយន្ត​ដែល​គេ​ចត​ទុក​លក់​ទាំង​៣​គ្រឿង​និង​ធ្លាក់​ដោយសារ​ការ​ស្រុត​ដី​ពេល​ភ្លៀង​នោះ​ម៉ាក CRV ២​គ្រឿង (​ព៌​ណ​ទឹកប្រាក់​និង​ព៌​ណ​ស្លែ​) និង​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​០១​គ្រឿង ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួរឲ្យដឹងថា យ៉ាងហោចណាស់មានរថយន្តចំនួន៣គ្រឿង បានធ្លាក់ចូល ក្រោយពីមានហេតុការណ៍ស្រុតដី នៅជាប់របងស្តាតអូឡាំពិកប៉ែកខាងកើត ក្នុងខណ្ឌ៧មករា នាវេលាម៉ោងប្រមាណ២:១០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ បានទៅចោមរោមមើល។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តចំនួន៣គ្រឿង ដែលម្ចាស់ចតចោល នៅជាប់របងការដ្ឋានសំណង់ បានធ្លាក់ចូល ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ នៅរសៀលថ្ងៃនេះ តែមិនមានព័ត៌មាន ពីគ្រោះថ្នាក់ដល់ មនុស្សនោះទេ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍៕


ប្រភព៖https://www.khmerload.com/news/49333
រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ប្តី​និង​កូន​២​នាក់​តាម​ទាន់​ខណៈ​កំពុង​នាំ​សហាយ​ឡើងឋានសួគ៌​នៅផ្ទះ​សំណាក់​«​សំណាងល្អ​ថ្មី​»​ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣០៤ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១០ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ គី​ម ឡាយ អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​វៀតណាម បាន​នាំ​សាហា​យ​របស់​នាង​ជា​អ្នក​រើស​អេ​ត​ចាយ​ឈ្មោះ ជឿន ថា​ន​ភុង អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម​ដូច​គ្នា​ទៅ​ឡើងផ្ទះ​សំណាក់​សំណាង​ថ្មី បន្ទប់​លេខ​១០៥ ជាន់​ទី​១ ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ លុក ហ៊ី អាយុ​៥១​ឆ្នាំ មុខរបរ​រកស៊ី ស្នាក់​នៅ​ម្តុំ​បឹង​ត្របែក​ខណ្ឌចំការមន ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ ស្ត្រី​ជនជាតិ​វៀតណាម​រូប​នោះ​និង​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​«ផ្ទះសំណាក់​សំណាង​ថ្មី​»ហើយ​ក៏​បាន​គ្នា​ឡើងឋានសួគ៌​ទាំង​ព្រឹក ខណៈនោះ​ស្រាប់តែ​ប្តី និង​កូនប្រុស​២​នាក់​បាន​តាម​មក​ទាន់ ក៏​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​អូ​ឡាំ​ពិ​ក​ឲ្យ​ជួយ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង ។
ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​និង​សាហា​យ​ជនជាតិ​វៀតណាម​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​ឡាំ​ពិ​ក​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
ចំណាប់អារម្មណ៍ខ្មែរឡូត
ឆ្ងល់​ផ្ញើ​លុយ​ឱ្យ​ប្រពន្ធ​ អស់​ច្រើន​ហើយ​នៅ​តែ​ថា ចាយ​មិន​គ្រប់ ជិះ​ពី​បន្ទាយ​មាន​ជ័យ​មក ឃើញ​ប្រពន្ធ​កំពុង​សហាយស្មន់។ គួរឲ្យដឹងថា ស្រី្ត​វ័យ​​ជាង​​៣០​ឆ្នាំ​​ម្នាក់ មាន​ប្តី​និង​កូន​៣​នាក់​​ទៅ​ហើយ​មិន​គ្រប់គ្រាន់​​ទៀត នាង​បាន​​បង្កើត​ស្នេហ៍​ថ្មី​លួច​លាក់ មាន​​សហាយស្មន់ ​ជាមួយ​បុរស​ពោះម៉ាយ​កូន​មួយម្នាក់​​ទៀត​យ៉ាង​ត្រេកត្រអាល ដែល​បុរស​​ជា​ប្រុស​សហាយ​នោះ​ គឺជា​មិត្តភក្ដិ​បុរស​​ជា​ប្ដី​របស់​ខ្លួន ដែល​មានមុខរ​បរ​ជា​កម្មករ​សំណង់​ដូច​គ្នា​ ។
លុះ​​ពេល​​បុរស​ជា​ប្ដី​ចាកចេញ​ទៅ​ធ្វើ​ការងារ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ​​បាត់ រយៈពេល​ជាង​១​ខែ ​ស្ត្រី​រូប​នោះ​បាន​​សាង​ភាព ផ្អែម​ល្ហែម​​ជាមួយ​បុរស​​ ដែល​ជា​ប្រុស​សហាយ​ និង​បាន​រួមរ័ក​ជាមួយ​គ្នា​​ជា​ញឹកញាប់ ព្រមទាំង​សុំ​លុយ​ពី​​ប្ដី ​ទៅ​ឱ្យប្រុស​ស្នេហ៍​​ចាយវាយ​ជា​​បន្តបន្ទាប់​ថែម​ទៀត​ផង ។
ក្រោយ​​ពី​វេរ​លុយ​តាម​វី​ង​ឱ្យ​​ប្រពន្ធ​ជា​បន្តបន្ទាប់ ហើយ​មិន​ចេះ​គ្រប់គ្រាន់​នៅ​តែ​សុំ​ទៀត ​ធ្វើ​ឱ្យ​​មានការ​ងឿងឆ្ងល់​ ទើប​បុរស​ជា​ប្ដី​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​តាមដាន​ប្រពន្ធ ​ហើយ​ពេល​​មក​ដល់​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ មិន​បានឃើញ​​ប្រពន្ធ​នៅផ្ទះ ទេ ក៏​បាន​សួរ​អ្នក​​ជិតខាង​ ទើប​ដឹង​​ពី​កន្លែង​ដែល​ប្រពន្ធ និង​ប្រុស​សហាយ​ខណៈ​កំពុង​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​គ្នា ​ក៏​បាន​​បិទទ្វារ​បន្ទប់ រួច​​ហៅ​ប៉ូលិស​ឱ្យ​​ចាប់ខ្លួន​ទាំង​២នាក់​តែ​ម្ដង​ ។
ហេតុ​ការ​ណ៍​​ប្ដី​តាម​ទាន់​ប្រពន្ធ​លួច​មាន​សហាយ​ និង​ប្ដឹង​ឱ្យ​​​​ប៉ូ​លិ​​ស​ចាប់ខ្លួន​នោះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៥០​នាទី ព្រឹក​​ថ្ងៃ​ទី​០៤ ​កុម្ភ​: ​២០១៦​ ស្ថិត​នៅ​ក្នុងផ្ទះ​ជួល​​របស់​ប្រុស​សហាយ​ ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​​ភ្នំពេញ​ ។
ស្ត្រី​ផឹ​ត​ក្បត់​​ប្តី​នោះ​​ឈ្មោះ​ឯម ច្រឹប អាយុ​៣៥​ឆ្នាំ​ មុខរបរ​នៅផ្ទះ​​មើលថែ​កូន ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​ ចំណែក​បុរស​ជា​ប្តី​​ឈ្មោះ​និ​មន អាយុ​៤៩​ឆ្នាំ ជា​កម្មករ​សំណង់​ ដែល​តែងតែ​ទៅ​ធ្វើការនៅ​​ឆ្ងាយ ហើយ​១​ខែ​ចុង​ក្រោយ​​នេះ បាន​ទៅ​ធ្វើ​កា​​រសំណង់​នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ដោយឡែក​ បុរស​ដែល​ជា​សាហា​យ​ស្ម​ន់​ឈ្មោះ​គង់ ចំរើន អាយុ​៤៥​ឆ្នាំ​ ជា​បុរស​ពោះម៉ាយ​កូន​​មួយ ដែល​បាន​​លែងលះ​ប្រពន្ធ ​និងត្រូវជា​មិត្តភក្ដិ​របស់​បុរស​ជា​ប្តី ​និង​មានមុខ​បរជា​កម្មករ​សំណង់​ជាមួយ​គ្នា ស្នាក់​នៅផ្ទះ​ជួល​​កើតហេតុ​ខាងលើ ។
ប្រភព​ពី​បុរស​​​ជា​ប្តី​​រៀបរាប់​ទាំង​ហួសចិត្ត​​ថា គាត់​និង​ប្រពន្ធ​បាន​​រៀប​ការ​ជាមួយ​គ្នា​​​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ​ចំណងដៃ​គឺ​​បានកូន​ប្រុស​-ស្រី​ចំនួន​​៣​នាក់​ ។ មិនតែប៉ុណ្ណោះ​ រវាង​គាត់​ប្រុស​សហាយ​ គឺជា​មិត្តភក្ដិ​យ៉ាង​ជិត​ស្និទ្ធ រួមការ​ងារ​ជាមួយ​គ្នា​ ​ហើយ​រយៈពេល​១​​ឆ្នាំ​កន្លង​មក ​គាត់​តែងតែ​ចេញ​ធ្វើ​ការងារ​​សំណង់​នៅ​ឯ​ទី​ឆ្ងាយ​ៗ​ មិនសូវ​ជា​មាន​ពេលវេលា​គ្រប់​គ្រាន់ នៅ​រួមរស់​ជាមួយ​ប្រពន្ធ​ឡើយ​ ។ ព្រោះតែ​ជីវភាព​គ្រួសារ​ ទើប​ខិតខំ​តស៊ូ​រក​​ប្រាក់​កម្រៃ ដើម្បី​ចិញ្ចឹម​ប្រពន្ធ​-កូន​ ដោយ​ទុកចិត្ត​ប្រពន្ធ១០០% មិន​ដែល​គិត​ថា ប្រពន្ធ​ផិតក្បត់​បែប​នេះ​ឡើយ ​។ ហើយ​ទោះជា​ចាកចេញ​ទៅ​ឆ្ងាយ ​ក៏​ពិតមែន ប៉ុន្តែ​គាត់​មិន​ដែល​ផ្ដេសផ្ដាស​ក្បត់​ចិត្ត​ប្រពន្ធ​កូន​ឡើយ គាត់​បាន​ខំ​សន្សំ​​លុយកាក់ និង​បាន​ផ្ញើ​​មក​ឱ្យ​​នាង​ជា​ប្រពន្ធ​ មិន​ដែល​ខកខាន​ម្ដង​ណា​ទេ ​។
បុរស​នោះ​បាន​​បន្ត​ថា នៅ​ចុង​ក្រោយ​នេះ ​គាត់​បាន​ចាកចេញ​ទៅ​ធ្វើការ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ អស់​រយៈពេល​១​ខែ​កន្លង​​មក​ហើយ​ ​ព្រោះ​ត្រូវ​​បាន​មេការ​សំណង់​ចាត់​ឱ្យ​​ទៅ​ទីនោះ ។ ចំណែក​បុរស​ឈ្មោះ​គង់ ចំរើន​ មិន​បាន​ទៅ​ជាមួយ​គាត់​នោះ​ឡើយ​ ។ គាត់​​មិន​បានដឹង​ថា ប្រពន្ធ​គាត់​និង​​បុរស​នោះ​​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ចាប់តាំងពី​ពេល​ណា​នោះ​ទេ​ ។ ប៉ុន្តែ​ទំនង​តាំងពី​មុន​ពេល​​ដែល​គាត់​ចាកចេញ​ទៅ​ធ្វើការ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ​មកម្ល៉េះ ។ ហើយ​អ្វី​ដែល​គាត់​ទុកចិត្ត​ប្រពន្ធ​​នោះ គឺ​ដោយ​សារ​តែ​កន្លង​​មក​ គាត់​ស្រលាញ់​នាង​ខ្លាំង​ណាស់​ មិន​ដែល​ធ្វើបាប​នាង​ម្ដងណា​​ឡើយ ។ ផ្ទុយ​ទៅ​វិញ ​បែរជា​មានរឿង​ផិតក្បត់​​កើតឡើង​បែប​នេះ​ គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់ ។
ប្រភព​​ដដែល​បន្ត​ឱ្យ​ដឹង​ថា​ អ្វី​ដែល​ធ្វើ​ឲ្យ​​គាត់​មានការ​សង្ស័យ​ទៅ​លើ​ប្រពន្ធ​នោះ គឺ​ដោយសារ​តែ​គាត់​ផ្ញើ​​លុយ​ឱ្យ​​ចាយ​រហូត ប៉ុន្តែ​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ប្រពន្ធ​បាន​ខ​ល​​សុំ​លុយ​ថែម​​ទៀត​ដោយ​ប្រាប់​ថា ចាយ​មិន​​គ្រប់​ ហើយ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ប្រពន្ធ​បាន​សុំ​លុយ​​ទៀត ខណៈនោះ​គាត់​បាន​ផ្ញើ​​លុយ​ចំនួន​៤០០​​ដុល្លារ ​ហើយ​មិនយូរ​ប៉ុន្មានក៏បាន​ប្រាប់​ថា ​លុយ​នោះ​ចាយ​អស់ហើយ និង​​បាន​សុំ​​​ថែម​ចំនួន​១០០០​ដុល្លារ​ទៀត​ ។ ពេល​នោះ​ គាត់​មិន​បាន​មាត់.ក​អ្វី​ទេ​ ក៏​បាន​ផ្ញើ​ឱ្យ​ចំនួន​១.០០០​ដុល្លារ​ទៀត ។
​ប៉ុន្តែ​ដោយ​​ការ​ងឿងឆ្ងល់ នៅ​រសៀល​ថ្ងៃ​ទី០៣ ​កុម្ភ​: ​គាត់​បាន​លួច​ធ្វើ​​ដំណើរ​ត្រឡប់​មក​ផ្ទះ​​នៅ​ភ្នំពេញ​វិញ​ ដើម្បី​តាមដាន​ប្រពន្ធ​។​លុះ​​ពេល​ទៅ​ដល់ មិន​បានឃើញ​ប្រពន្ធ​នៅផ្ទះ​ឡើយ​ ក៏​បាន​សួរ​អ្នកជិតខាងទើប​ដឹង​ថា ​ប្រពន្ធ​គាត់ចេញ​បាត់​ពី​ផ្ទះ​រហូត ​មិន​ដែល​នៅផ្ទះ​ទេ ​ហើយ​អ្នក​ជិតខាង​បាន​ប្រាប់​ពី​គោលដៅ​ដែល​ប្រពន្ធ​គាត់​តែង​ទៅ​រាល់ថ្ងៃ​ គឺ​បន្ទប់​ផ្ទះ​ជួល​​ដែល​មិត្តភក្ដិ​របស់​គាត់​ឈ្មោះ គង់ ចំរើន ស្នាក់​​នៅ​ ។
បុរស​ខាងលើ​​​បន្ត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​០៤ ​កុម្ភ​: គាត់​បាន​តាម​ទាន់​​ប្រពន្ធ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​របស់​ប្រុស​សហាយ​​យ៉ាង​ល្អូក​ល្អឺ​ន​​ជាមួយ​គ្នា​ ដូច​ជាល​លក​ញី​-ឈ្មោល ទើប​គាត់​ចាក់សោ​​ទ្វារផ្ទះ​ពី​​ក្រៅ​ និង​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​​ជួយ​​ឃាត់​បាន​​ទាំង​២​នាក់​តែ​ម្ដង​។​បន្ទាប់​​មក ​បាន​សំណូមពរ​ឱ្យ​សមត្ថ​កិច្ច​​នាំ​អ្នក​ទាំង​ពីរ​ទៅ​​ប៉ុស្តិ៍​​ចោម​ចៅ ដើម្បី​សួរនាំ​ ។ ​ចំណែក​រូប​គាត់​ជា​ប្ដី​ បាន​សម្រេចចិត្ត​​ថា សុខ​ចិត្ត​បំពេញ​បំណង​ប្រពន្ធ​ទៅ​​ចុះ គាត់​​មិន​បំបែក​នាង​ពី​ប្រុស​​សហាយ​នោះ​ឡើយ ។ គាត់​សុខចិត្ត​លះបង់​នាង​ទៅ​​ឱ្យ​បុរស​ជា​មិត្ត​ភក្ដិ​ម្នាក់​នោះ​ គាត់​មិន​អាច​យក​មនុស្ស​ស្រី​​ ផិតក្បត់​ធ្វើ​ជា​ប្រពន្ធ​​តទៅ​ទៀត​នោះ​ទេ​ ។
ដោយឡែក​ បុរស​ឈ្មោះ​គង់​ ចំរើន ដែល​ជាប់ចោទ​ថា​ ជា​ប្រុស​សហាយ​នោះបាន​និយាយ​ថា ​ខ្លួន​ពិតជា​បាន​លួច​​សហាយស្មន់​ជាមួយ​​ស្ត្រី​ម្នាក់​នោះ​មែ​ន ហើយ​ពេល​នេះ​​ បើសិន​ជា​ប្ដី​របស់​នាង​​និង​​នាង​លែងលះ​គ្នា​​ដាច់ស្រេច​ ខ្លួន​សុខចិត្ត​ទទួលយក​នាង​ធ្វើ​ជា​ប្រពន្ធ​ ​ព្រោះ​ខ្លួន​ក៏​ជា​ពោះម៉ាយ​កូន​មួយ​​​ ។

Tuesday, May 24, 2016

     ប្រភព៖https://www.khmerload.com/news/48757
វៀតណាម៖ នាពេលថ្មីៗនេះ មនុស្សជាច្រើន ក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ជុំវិញរូបភាពរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចូលទៅពិសាអាហារ ដែលមានតម្លៃត្រឹម៦ដុល្លារ នៅក្នុងហាងលក់អាហារ ដ៏សាមញ្ញមួយកន្លែង នៃទីក្រុងហាណូយ ប្រទេសវៀតណាម។
យោងតាមប្រភពព័ត៌មាន ប៊ីប៊ីស៊ី បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចូលទៅពិសាអាហារ នៅក្នុងហាងកន្លែងកាលពីថ្ងៃអង្គារ ជាមួយនឹងលោក Anthony Bourdain មេចុងភៅដ៏ល្បីឈ្មោះមួយរូប ហើយក៏ត្រូវបានគេស្គាល់ថា ជាអ្នកដែលចូលចិត្ត ភ្លក្សរសជាតិអាហារ នៅតាមដងផ្លូវផងដែរ។
យ៉ាងណាមិញ ក្រៅពីទិដ្ឋភាពទាំងនោះហើយ នៅមាន៦ចំណុចផ្សេងទៀត ដែលប្រិយមិត្តប្រហែលជាមិនបានចាប់អារម្មណ៍ ជុំវិញសកម្មភាពនៃការពិសាអាហារ របស់លោក បារ៉ាក់ អូបាម៉ា នៅឡើយ។សូមតាមដានចំនុចខាងក្រោមទាំងអស់គ្នា៖
១.គ្មានអ្នកណា នៅក្នុងហាងនោះ មើលទៅដូចជាស្គាល់លោក បារ៉ាក់ អូបាម៉ា ឡើយ
បើយើងមើលនៅក្នុងរូបថត យើងអាចឃើញយ៉ាងច្បាស់ថា អ្នកដែលទទួលទាន អាហារនៅក្នុងហាងនោះ មិនមានភាពភ្ញាក់ផ្អើល ឬក៏ច្របូកច្របល់អ្វីឡើយ នៅពេលដែលមានវត្តមាន របស់ប្រធានាធិបតីអាមេរិក ចូលក្នុងហាងអាហារ ដ៏សាមញ្ញ និងអង្គុយនៅតុក្បែរពួកគេនោះ។
ក្នុងនោះដែរ អ្នកកាសែតសញ្ជាតិប្រេស៊ីល Sofia Perpetua បានសរសេរនៅលើ បណ្តាញសង្គមថា “ខ្ញុំពិតជាចូលចិត្តអំពីរបៀប នៃអ្នកទទួលទានអាហារទាំងនោះ ក្នុងការធ្វើពុតដូចជា ពួកគេមិនស្គាល់ថា អ្នកណាកំពុងអង្គុយ ក្បែរគេអញ្ចឹង”។
តែយ៉ាងណាមិញ នៅពេលដែលលោក អូបាម៉ា ចេញពីហាងអាហារនោះ មនុស្សជាច្រើន ដែលរង់ចាំនៅខាងក្រៅ គឺពិតជាសប្បាយរីករាយ និងច្រួលច្របល់ ខ្លាំងមែនទែន។
២.ការរៀបចំអាហារ មានភាពស៊ីមេទ្រី
មុខម្ហូប Bun Cha របស់វៀតណាម គឺជាប្រភេទអាហារដែលមាន សាច់ជ្រូកអាំង និងនំបញ្ចុក ព្រមទាំងបន្លែមួយចំនួន បូករួមជាមួយនឹង ស្រាបៀរថែមទៀត គឺរឹតតែពិសេស។ តែអ្វីដែលធ្វើឲ្យ មានការជជែកវែកញែកខ្លាំង នៅលើបណ្តាញសង្គម នោះគឺទីតាំងនៃការដាក់អាហារ។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា “ការដាក់អាហារ ឲ្យត្រង់ជួរល្អឥតខ្ចោះពេក ពិតជាធ្វើឲ្យខ្ញុំទើសចិត្តមែន។ ជាពិសេសគឺរបៀបនៃការ ដាក់ចានគោម ចាន និងចង្កឹះ នៅលើតុ”។
ក្នុងនោះក៏មានអ្នកបញ្ចេញមតិ ផ្សេងទៀតលើកឡើងថា “ការបរិភោគអាហារ ដែលមានការដាក់ចាន មានទីតាំងត្រឹមត្រូវល្អ ពិតជារឿងដ៏អស្ចារ្យ និងឆ្លាតមែន”។ 
៣.ការដាក់ចង្កឹះរបស់លោកប្រធានាធិបតី ពិតជាសកម្មភាព ដ៏ល្អឥតខ្ចោះ ក៏ប៉ុន្តែ..
Anthony Bourdain មេចុងភៅដ៏ល្បី បានធ្វើការសរសើរ អំពីរបៀបនៃការដាក់ចង្កឹះ របស់លោក បារ៉ាក់ អូបាម៉ា ហើយគ្រប់គ្នាក៏យល់ស្រប តាមហ្នឹងផងដែរ។ ដោយក្នុងនោះ លោក Bourdain បានសរសេសនៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់លោកថា “ខ្ញុំពិតជាមាន មោទនភាពចំពោះ លោកប្រធានាធិបតីណាស់ ដែលគាត់បានដាក់ចង្កឹះ យ៉ាងមានសណ្តាប់ធ្នាប់ នៅលើចានគោម និងមិនដោតវាចូលក្នុងនំបញ្ចុក (សញ្ញាបង្ហាញអំពីភាពមិនគួរសម និងមិនគោរពជាខ្លាំង)”។
យ៉ាងណាមិញ នៅលើរូបភាពបង្ហាញ ពីជ្រុងម្ខាងទៀត ក៏មានអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ធ្វើការលើកឡើងថា “តើមានតែខ្ញុំ ឬក៏មានអ្នកផ្សេងទៀត ដែលមិនបានដឹងថា ក្រដាសគម្របចង្កឹះពណ៌ក្រហម បានជ្រុះនៅលើឥដ្ឋ?” 
៤.ជើងម៉ាប្លាស្ទិក និងស្រាបៀរហាណូយ
នេះគឺជាសកម្មភាព ដ៏គួរឲ្យគោរពមួយ ដែលលោកប្រធានាធិបតីអាមេរិក រូបនេះមិនបានប្រកាន់ឬកអ្វីឡើយ ពោលគឺលោកអាចអង្គុយ នៅលើជើងម៉ាប្លាស្ទិក ដូចជាប្រជាជនវៀតណាមទូទៅ នៅក្នុងហាងនោះ ព្រមទាំងទទួលទាន ស្រាបៀរហាណូយ ផងដែរ។ 
៥.តើប្រធានបទអ្វី ដែលលោក អូបាម៉ា និងលោក Bourdain ពិភាក្សាគ្នា ក្នុងពេលទទួលទានអាហារ?
នេះក៏ជាសំណួរមួយ ដែលមានការជជែកវែកញែកគ្នា យ៉ាងក្តៅគគុក នៅតាមបណ្តាញសង្គម នានាផងដែរ។ ដោយក្នុងនោះគេចង់ដឹងថា តើប្រធានបទអ្វី ដែលមេចុងភៅដ៏ល្បីបំផុតមួយ នៅលើពិភពលោក និងអ្នកដឹកនាំដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក លើកយកមកពិភាក្សាគ្នា និងជជែកវែកញែក ក្នុងអំឡុងពេលទទួលទាន អាហារ។ 
៦.តើរូបថតទាំងនេះ ថតឡើងដើម្បីអ្វីឲ្យប្រាកដ?
នេះក៏ជាសំណួរមួយ ដែលត្រូវបានទទួលការ ចាប់អារម្មណ៍ខ្លាំងនៅលើ បណ្តាញសង្គម ផងដែរ ដោយក្នុងនោះ មានការលើកជាចម្ងល់ច្រើនថា តើរូបថតទាំងនេះ ថតឡើងគឺដើម្បីអ្វីឲ្យប្រាកដ។ ដោយក្នុងនោះ មានអ្នកប្រើប្រាស់បណ្តាញសង្គម Instagram ម្នាក់បានលើកជាសំណួរថា “តើពួកគាត់មានគម្រោងអ្វី? ឬមួយក៏ពួកគាត់ កំពុងតែថតដើម្បី ទុកសម្រាប់កម្មវិធីរបស់ Bourdain?”។ ក្នុងនោះដែរ ក៏មានអ្នកកាសែតម្នាក់ លើកឡើងផងដែរថា “ទិដ្ឋភាពក្នុងការទទួលទានអាហារនេះ នឹងធ្វើការចាក់ផ្សាយ នៅអំឡុងខែកញ្ញាខាងមុខ”។
ទាំងនេះគឺជាចំណុចទាំង៦យ៉ាង ដែលប្រិយមិត្តយើងប្រហែល ជាមិនបានចាប់អារម្មណ៍ តែវាគឺជាប្រធានបទ ដ៏ពេញនិយមដែលមាន ការជជែកវែកញែកគ្នា នៅលើបណ្តាញសង្គម របស់បរទេស៕ 
          ប្រភពៈhttps://www.khmerload.com/news/48762
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នៅឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ អាច រៀបចំធ្វើបាន ព្រោះកម្រិតទឹកមិនទាបដូចឆ្នាំកន្លងទៅនោះឡើយ។
ការថ្លែងបញ្ជាក់របស់សម្តេច បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ហើយធ្វើម៉េចជម្រៅទឹកត្រូវឲ្យល្អបំផុត ដែលត្រូវអុំទូក ព្រោះបើមិនអុំទៀត គឺឡើងពីរឆ្នាំជាប់គ្នា ឆ្នាំនេះត្រូវតែអុំ អ៊ីចឹងត្រៀមទូកងឲ្យហើយទៅ! អុំបាន។ ប៉ុន្តែឆ្នាំទៅ បើអុំប្រហែលជាមានបញ្ហា ព្រោះអាទឹក ដែលមិនត្រូវខ្នាតនេះ គឺនឹងធ្វើឲ្យលំបាកសម្រាប់ចំណុះទូកអុំ»។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក តែងតែប្រារព្ធធ្វើឡើងនៅក្នុងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ តែនៅឆ្នាំ២០១៥កន្លងទៅ ព្រះរាជពិធីនេះមិន ត្រូវបានប្រារព្ធឡើងនោះឡើយ ដោយសារតែទឹកទន្លេបួនមុខមានកម្រិតទាបខ្លាំង ដែលបង្កការលំបាកក្នុងការអុំទូក។ កាលពីឆ្នាំ២០១១ ២០១២ ២០១៣ ព្រះរាជពិធីបុណ្យអុំទូក ក៏ត្រូវបានផ្អាកផងដែរ ដោយសារកម្ពុជាជួបគ្រោះទឹកជំនន់ និង ត្រូវកាន់ព្រះរាជមរណទុក្ខ៕