ប្រភពពី៖http://www.khmerload.com/news/27325
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់
ត្រូវបានក្រុមប្រជាពលរដ្ឋ ព័ទ្ធចាប់បាន និងវាយម្នាក់មួយដៃ ម្នាក់មួយជើង
នៅសល់តែដង្ហើមចង្រិត ក្រោយពីក្រុមជននេះ ធ្វើសកម្មភាពប្លន់យកម៉ូតូ
ពីនារីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួន ចូលមកទឹកដីស្រុកគិរីវង់
តាមបណ្តោយផ្លូវលំក្នុងភូមិ ។
ពេលនោះក៏ត្រូវប្រជាពលរដ្ឋ ដែលស្អប់ខ្ពើមឈ្មោះ
ថាចោរនាំគ្នាស្ទាក់ចាប់បាន និងព្រួតគ្នាវាយទ្រមខ្លួនម្នាក់
ឯម្នាក់ទៀតរត់រួច យកតែប្រាសអាយុ ហើយបើកុំតែកម្លាំងនគរបាល ទៅទាន់ពេល
កុំអីជនសង្ស័យអស់លក្ខណ៍នេះ ប្រហែលស្លាប់តៃហោង បាត់ទៅហើយ ។
ហេតុការណ៍ប្រជាពលរដ្ឋ ចាប់ជនសង្ស័យព្រួតវាយ សល់តែដង្ហើមចង្រិតនេះ
បានកើតឡើងកាលពីថ្ងៃទី៥ មិថុនា វេលាម៉ោង១០ និង៣០នាទីព្រឹក នៅភូមិតាមេង
ឃុំកំពែង ស្រុកគិរីវង់ ។
លោកវរសេនីយ៍ត្រី យ៉ុក សារ៉ាត់ អធិការនគរបាល ស្រុកគិរីវង់
បានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាននេះ ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស
អាយុ៣៨ឆ្នាំ រស់នៅឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ខេត្តកំពត ។
ចំណែកនារីជាម្ចាស់ម៉ូតូឈ្មោះ ដេន ជី អាយុ២៥ឆ្នាំ រស់នៅភូមិដូនទាវ ឃុំត្នោត
ស្រុកបន្ទាយមាស ។ លោកអធិការបន្តថា នៅមុនពេលកើតហេតុ
នារីរងគ្រោះបានជិះម៉ូតូ១គ្រឿង ធុនសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត
1E-1317 ឌុបក្មេង២នាក់ ធ្វើដំណើរពីត្បូងទៅជើង នៅក្នុងភូមិទន្លេ
ឃុំព្រៃឫស្សី ស្រុកបន្ទាយមាស។
ពេលនោះក៏បានជួបជន២នាក់ ជិះម៉ូតូសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ
ពាក់ស្លាកលេខភ្នំពេញ 1CK-2767 មកស្ទាក់ផ្លូវពីមុខ រួចឈប់ម៉ូតូសម្លុត
ទារឱ្យប្រគល់សោម៉ូតូឱ្យពួកគេ ។ ដោយសារការភ័យខ្លាច នារីរងគ្រោះក៏ប្រគល់ម៉ូតូ
ឱ្យទៅជនល្មើស ហើយជនម្នាក់ បានជិះម៉ូតូដែលប្លន់បាននេះ គេចខ្លួនបាត់
ចំណែកម្នាក់ទៀត ត្រូវអ្នកភូមិព័ទ្ធជាប់ និងចាប់បានហើយព្រួតវាយ
រហូតសល់តែដង្ហើមចង្រិត ។
វត្ថុតាងដែលរឹបអូសបានមាន កាំភ្លើងខ្លីម៉ាកកា៥៤មួយដើម
ខោអាវជាបុគ្គលិកធនាគារ និងឯកសារមួយចំនួនទៀត ។ លោកវរសេនីយ៍ទោ សែម សុជាតិ
នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ថ្លែងថា ជនសង្ស័យនេះ
ជាមុខសញ្ញាចាស់ ហើយពេលនេះរងរបួសធ្ងន់ ដោយប្រជាពលរដ្ឋព្រួតវាយ
ត្រូវបានយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ៕

ចោរប្លន់ដែលពលរដ្ឋព្រួតវាយស្ទើរស្លាប់
0 comments:
Post a Comment