ប្រភពពី៖http://www.khmerload.com/news/27322
រាជធានីភ្នំពេញ ៖ ចាត់ទុកថាជារឿងចៃដន្យអាក្រក់បំផុត
ឬជារឿងដែលនឹកស្មានមិនដល់ ដែលបុរសស្ត្រីចំនួន៤នាក់
ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និងមានទីលំនៅ ក្នុងភូមិជាមួយគ្នា
បែរជាជិះម៉ូតូបុកគ្នា បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់ ។
ហេតុការណ៍នេះ បានកើតឡើង ខណៈភាគីម្ខាង ធ្វើដំណើរចេញពីផ្ទះ ទៅធ្វើការ
រីឯភាគីម្ខាងទៀត ចេញពីធ្វើការត្រឡប់ទៅផ្ទះ លុះពេលទៅដល់ពាក់កណ្តាលផ្លូវ
ស្រាប់តែបុកគ្នា ពេញទំហឹងលាន់សូរដូចរន្ទះ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង
កាលពីវេលាម៉ោង៦ និង២៥នាទីព្រឹក ថ្ងៃទី៥ មិថុនា នៅលើកំណាត់ផ្លូវជាតិលេខ៣
ត្រង់ចំណុចមុខវត្តស្លែង ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
សមត្ថកិច្ចនគរបាល បានឱ្យដឹងថា ជនរងគ្រោះ នៅក្នុងហេតុការណ៍
គ្រោះថ្នាក់ចរាចរណ៍ ទាំងអ្នកស្លាប់ និងរបួស
គឺពួកគេត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ដែលអ្នកស្លាប់ ត្រូវបានគេស្គាល់ឈ្មោះ
អ៊ួង សាវុទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនឯកជនមួយ
យាមរោងចក្រកាត់ដេរ នៅម្តុំភូមិ ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
មានទីលំនៅក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
បុរសនេះជិះម៉ូតូធំ១គ្រឿងម៉ាក XLR ពណ៌សលាយក្រហម
អត់មានស្លាកលេខ បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ ដោយឡែក
ភាគីម្ខាងទៀត មានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ
ពាក់ស្លាកលេខកណ្តាល 1Q-7573 បើកបរដោយយុវជន ឈ្មោះ សួង ភារម្យ អាយុ១៨ឆ្នាំ
បានរងរបួសស្រាល ចំណែកអ្នករួមដំណើរជាមួយ ២នាក់ទៀត ដែលរបួសធ្ងន់ម្នាក់ឈ្មោះ
ទិត្យ វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហីុង សាវុន ភេទស្រី
អាយុ៤០ឆ្នាំ ។ ពួកគេទាំង៣នាក់ ជាកម្មកររោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិ
ជាមួយអ្នកស្លាប់នោះដែរ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ បុរសដែលស្លាប់
បានជិះម៉ូតូធំមួយគ្រឿងនោះ ចេញពីយាមនៅរោងចក្រ ត្រឡប់ទៅផ្ទះ
ដោយបានធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច តាមផ្លូវវត្តស្លែង
លុះពេលទៅដល់ផ្លូវជាតិលេខ៣ ត្រង់ចំណុចកើតហេតុ ជនរងគ្រោះបានបើកឆ្លងផ្លូវ
ក្នុងបំណងឆ្ពោះទៅ ទិសខាងត្បូងវិញ ។ ស្រាប់តែភាគីអ្នកជិះម៉ូតូ៣នាក់
ដែលត្រូវជាបងប្អូនជីដូនមួយ នឹងគ្នាជិះពីត្បូងទៅជើង ក្នុងល្បឿនលឿន
ក៏បុកគ្នាពេញទំហឹងតែម្តង បណ្តាលឱ្យបុរសដែលជិះម៉ូតូធំ
ដួលបែកក្បាលធ្លាយខួរស្លាប់ម្នាក់ ភ្លាមៗនៅនឹងកន្លែង ។
ចំណែកខាងភាគីអ្នកជិះម៉ូតូហុងដាឌ្រីម សេ១២៥ បានរបួសធ្ងន់
និងស្រាលទាំង៣នាក់ ហើយម៉ូតូរបស់គេបានរងការខូចខាត ខ្ទេចមួយកំណាត់ខាងមុខ
បន្ទាប់មកអ្នករងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះ ហើយម៉ូតូទាំង២គ្រឿង
ត្រូវនគរបាលនាំយកទៅរក្សាទុក រង់ចាំការដោះស្រាយគ្នា នៅពេលក្រោយ ៕

សពជនរងគ្រោះនៅកន្លែងកើតហេតុ




មនុស្សម្នាចោមរោមមើលកន្លែងកើតហេតុ
0 comments:
Post a Comment