Friday, June 13, 2014

ប្រភពពី៖http://www.khmerload.com/news/27528

ឥណ្ឌា៖ ដុំក្រួសមួយដុំ ត្រូវបានវះកាត់ យកចេញពីប្លោកនោម ក្មេងប្រុសជនជាតិឥណ្ឌា អាយុ៧ឆ្នាំម្នាក់ បន្ទាប់ពីត្រូវម្តាយចុង បង្ខំឲ្យបរិភោគខ្សាច់ និងភក់។
ក្មេងប្រុសម្នាក់ បានទទួលរងនូវ ការធ្វើបាប និងមានការឈឺចាប់យ៉ាងខ្លាំង អស់រយៈពេល ជាងមួយឆ្នាំមកហើយ ដោយសារតែ ម្តាយចុងរបស់គេ បង្ខំឲ្យបរិភោគ ខ្សាច់ និងភក់ លាយជាមួយបាយ ជំនួសឲ្យម្ហូបនៅពេល ទទួលអាហារ។ ដោយសារតែទ្រាំមិនបាន គេក៏បានសម្រេចចិត្ត រត់ចេញពីផ្ទះ ដែលនៅក្នុងភូមិតូចមួយ ស្ថិតនៅរដ្ឋ Karnataka ភាគខាងលិចប្រទេសឥណ្ឌា ហើយបានទៅរស់នៅតាមដងផ្លូវ Bangalore នៅឯភាគខាងត្បូង ប្រទេសឥណ្ឌា។ បន្ទាប់មក រូបគេត្រូវបានប៉ូលីសប្រទះឃើញ ហើយបាននាំទៅកាន់ មន្ទីរសប្បុរសធម៌ សម្រាប់ការពារ សុខមាលភាពកុមារ របស់ប្រទេសឥណ្ឌា ដែលមានឈ្មោះថា Need Based Indai ដើម្បីចិញ្ចឹម និងថែទាំផងដែរ។
ជាមួយគ្នានេះដែរ បន្ទាប់ពីបានទៅរស់នៅ មន្ទីរសប្បុរសធម៌នោះមក ក្មេងប្រុសរូបនេះមានបញ្ហា ឈឺពោះធ្ងន់ធ្ងរ និងមានក្លិនទឹកនោម ដែលធ្វើឲ្យកុមារផ្សេងទៀត ធ្វើបាប និងមិនហ៊ាននៅជិតគេនោះទេ។ បន្ទាប់មកទើបគេ ពិនិត្យរកឃើញថា នៅក្នុងប្លោកនោម របស់ក្មេងប្រុសនេះ មានដុំក្រួសមួយដុំ ដែលជាហេតុធ្វើឲ្យគេ មានអាការៈបែបនេះ។
យ៉ាងណាមិញ មន្ទីរពេទ្យដែលក្មេងប្រុសនោះទៅពិនិត្យ បានរ៉ាប់រង ថ្លៃព្យាបាលរបស់គេទាំងអស់ និងបានឲ្យក្រុមគ្រូពេទ្យមួយក្រុម ធ្វើការវះកាត់ យកដុំក្រួសនោះ ចេញពីខ្លួនរបស់គេ បានដោយសុវត្ថភាពថែមទៀតផង។ លោកវេជ្ជបណ្ឌិត បាននិយាយថា “នៅពេលដែលជួបជាមួយ ក្មេងប្រុសនេះ យើងបានកត់សម្គាល់ឃើញថា គេមានភាពទន់ខ្សោយខ្លាំងណាស់ ហើយបានយំឱបពោះរហូត។ យើងបានធ្វើតេស្តមួយចំនួន ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលរកឃើញ ដុំក្រួសមួយដុំ នៅក្នុងប្លោកនោមរបស់គេ ក្រោយមក២ថ្ងៃ ទើបយើងធ្វើការវះកាត់យកវាចេញ ហើយដុំក្រួសនោះ គឺបណ្តាលមកពី ខ្សាច់ និងភក់ដែលគេបរិភោគនោះ។”
ទោះជាយ៉ាងណា លោក Rahim Shaik នាយករបស់មន្ទីរសប្បុរសធម៌ Need Based Indai បាននិយាយថា “នៅពេលនេះ គេមានសុខភាពល្អ ហើយពួកយើង នឹងមើលថែទាំគេ ដោយយកចិត្តទុកដាក់ ទាំងផ្លូវកាយ និងផ្លូវចិត្ត និងបានឲ្យគេចូលរៀនថែមទៀតផង”។ ជាមួយគ្នានេះដែរ ក្មេងប្រុសដែលរងគ្រោះដោយ សារម្តាយចុងធ្វើបាបរូបនេះ មិនចង់ទៅរស់នៅផ្ទះរបស់គេវិញទេ និងមិនចង់ផ្តល់ដំណឹងទៅឲ្យអ្នកផ្ទះគេផងដែរ ដូចនេះអ្នកដែលនៅមន្ទីរសប្បុរសនោះ សង្ឃឹមថាក្មេងប្រុសនោះ នឹងទទួលបាននូវការចិញ្ចឹមថែទាំ ដើម្បីឲ្យគេមានជីវិតរស់នៅ ល្អជាងនៅផ្ទះរបស់ខ្លួន៕



0 comments:

Post a Comment