Friday, April 21, 2017

ប្រភពពីៈ https://www.khmerload.com/news/60523
ម៉ាឡេស៊ី៖ ប្រជាជនជាច្រើនដែលរស់នៅក្នុងតំបន់ Klang Valley បានកើតការងឿងឆ្ងល់យ៉ាងខ្លាំង និងគិតថាខ្លួនឯងកំពុងតែស្រវាំងភ្នែកក៏ថាបាន នៅពេលដែលពួកគេបានឃើញឡានមួយគ្រឿង មានពណ៌ចម្រុះទៅដោយកូនឡានក្មេងលេងតូចៗជាច្រើនដែលត្រូវបានបិទពីលើនោះ។  ទោះជាយ៉ាងណា វាគឺជាការពិត និងមិនមែនជាការស្រមើស្រមៃនោះទេ!
បន្ទាប់ពីបានឃើញឡាននោះរួចមក គ្រប់គ្នាបានឆ្ងល់ថា តើនរណាជាម្ចាស់របស់វា ហើយហេតុអ្វីបានជាគេតុបតែងឡានទៅជាបែបនេះ?
តាមពិតទៅ រថយន្តមួយគ្រឿងនេះ គឺជាកម្មសិទ្ធិរបស់លោក Datuk Seri Mahadi Badrul Zaman ដែលជាអ្នកចូលចិត្តឡានតូចៗ គ្រប់ស៊េរី ជាពិសេសគឺប្រភេទឡានប្រណាំង។ បុរសអាយុ ៣៤ឆ្នាំរូបនេះ គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Financial Genius Group។ លោកបានចាប់ផ្តើមរក្សាទុកកូនឡានទាំងនេះ តាំងតែពីលោកមានអាយុ ១៣ឆ្នាំមកម្ល៉េះ ហើយរហូតមកដល់ពេលនេះ លោកមានប្រមាណ ៥ ០០០ កូនឡានឯណោះ។
ដោយសារតែលោកមានកូនឡានតូចៗបែបនេះច្រើន ដូច្នេះលោកក៏បានសម្រេចចិត្តរៀបចំឡានទាំងនេះ ក្នុងរបៀបមួយដែលប្រកបដោយគំនិតច្នៃប្រឌិតបំផុត គឺលោកបានយកកូនឡានទាំង ៥ ០០០គ្រឿងនេះ ទៅបិទពេញលើឡាន Jaguar S-Type របស់លោកតែម្តង។
សម្រាប់អ្នកដែលបានឃើញរថយន្តមួយនេះរួចបានឆ្ងល់ថា តើលោក Datuk Seri Mahadi Badrul Zaman នឹងធ្វើយ៉ាងណាបន្តទៀត ដើម្បីថែរក្សារថយន្តដ៏ចម្លែករបស់លោកនៅក្នុងរដូវវស្សា។ លើសពីនេះ ពួកគេក៏ទន្ទឹងរង់ចាំមើលដែរថា តើស្នាដៃរបស់លោក នឹងកាន់តែចម្លែកបែបណានៅថ្ងៃក្រោយ៕
ប្រភពពី​ៈ https://www.khmerload.com/news/60583
ចិន៖ ហេតុការណ៍ដ៏កម្រមួយបានកើតឡើង ធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលនិងរន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារតែកុមារាអាយុទើបតែ៧ឆ្នាំម្នាក់ អាចរួចជីវិតពីសេចក្តីស្លាប់បាន បន្ទាប់ពីក្មេងប្រុសរូបនេះ បានលោតទម្លាក់ខ្លួនពីលើអគារកម្ពស់១០ជាន់ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្នុងទីក្រុង Suzhou ភាគខាងត្បូងខេត្ត Jiangsu ប្រទេសចិន។
យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍រន្ធត់នេះ បានកើតឡើង បន្ទាប់ពីកុមារារងគ្រោះបានមើលរឿងតុក្កតាច្រើនពេក ដោយឃើញតួអង្គសម្តែងក្នុងគំនូរជីវចល កាន់ឆ័ត្រយោងលោតទម្លាក់ខ្លួនពីលើទីខ្ពស់ ធ្លាក់មកដល់ដីបានដោយសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុអាជីវិត ទើបបណ្តោយចិត្តឲ្យក្មេងប្រុសខាងលើនេះ ព្យាយាមសាកល្បងធ្វើត្រាប់តាម ដោយកាន់ឆ័ត្ររបស់គេ លោតទម្លាក់ខ្លួនពីលើអគារតាមតែម្តងទៅ។
ជាសំណាងល្អ ដែលកុមារារងគ្រោះអាចនៅរស់រានមានជីវិត បន្ទាប់ពីឆត្ររបស់គេបានធ្លាក់ទាក់ ទៅប៉ះនឹងខ្សែភ្លើងអគ្គីសនី នៅទីសាធារណៈក្នុងទីក្រុង ជាហេតុធ្វើឲ្យបង្អង់ល្បឿននៃការធ្លាក់ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កុមារារងគ្រោះនៅតែទទួលរងរបួសធ្ងន់។
ក្រោយកើតហេតុកុមារារងគ្រោះ ក៏ត្រូវបានគេប្រញាប់ប្រញាល់ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ ឆ្លងតាមរយៈការពិនិត្យយ៉ាងយកចិត្តទុកដាក់ ខាងក្រុមគ្រូពេទ្យបានឲ្យដឹងថា ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរ ជីវិតរបស់កុមារារងគ្រោះខាងលើនេះ គឺស្ថិតក្រោមការគំរាមកំហែងខ្លាំង ឬអាចនឹងបាត់បង់ជីវិតក៏ថាបាន ៕