ប្រភពពី៖ http://www.khmerload.com/news/35369
ស្ទឹងត្រែង៖ កូនថៅកែសណ្ឋាគារអង្គរមាស និងបក្ខពួកមួយក្រុម ដែលគេដឹងថា ជាកូនអ្នកមានលុយ និងអះអាង ថា ជាកូនឧកញ៉ា បានជិះម៉ូតូដេញវាយតប់គ្នា និងបានបើករថយន្តដេញបុកគូជម្លោះដល់ផ្ទះ ហើយវាយកម្ទេច កញ្ចក់បង្អួចផ្ទះថែមទៀត បង្ករឲ្យមានការភ្ញាក់ ផ្អើលក្នុងក្រុងស្ទឹងត្រែង តែសមត្ថកិច្ច បានត្រឹមឈរមើល ព្រោះក្លាច អំណាចកូនអ្នកមាន។ ហេតុការណ៍ ក្រុមកូនអ្នកមានលុយ មាន អំណាច បង្កភាពអនាធិបតេយ្យក្នុងប្រទេស ដែល មានច្បាប់ទម្លាប់ត្រឹមត្រូវនេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិព្រែក សង្កាត់-ក្រុងស្ទឹងត្រែង។
លោក ឆេង គឹមសួរ ត្រូវជាបងថ្លៃជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្អូនថ្លៃ របស់គាត់ ឈ្មោះ ឃីម ភារម្យ (ហៅពៅ) បានជិះម៉ូតូ ឌុបក្មេងតូចម្នាក់ ត្រូវជាក្មួយទៅដើរទារលុយគេ ហើយក៏បានជួបមិត្តភក្តិ ដែលឈរ ជិតជនបង្ករ ហើយសើចដាក់គ្នា ពេលនោះជនរងគ្រោះ ក៏បានងាក មើលដែរ ហើយជនបង្ករដែលគេដឹងថា ឈ្មោះ ស ជាកូនថៅកែសណ្ឋាគារអង្គមាស ក៏បានស្រែកថា «ហ្អែងមើលអី?»។
ជនរងគ្រោះ ឃីម ភារម្យ បានឆ្លើយតបវិញថា «គ្រាន់តែមើលមុខមិនបានហ្អី?» ហើយក៏ជិះម៉ូតូចេញទៅ។ ក្រោយ មកឈ្មោះ ស បានជិះម៉ូតូដេញ តាម វាយជនរងគ្រោះ ក៏វាយតបវិញ រួចក៏ជិះម៉ូតូមកផ្ទះ បានមួយសន្ទុះក្រោយមក ជនបង្ករបាននាំបក្ខពួក ៦នាក់ជិះ រថយន្តពីរគ្រឿង មួយគ្រឿងម៉ាក វីហ្គោ ជារបស់សណ្ឋាគារអង្គរមាស និង មួយ គរឿងទៀតម៉ាកព្រូស បានតាមដេញបុក ជនរងគ្រោះ ដល់ផ្ទះ។ ជនបង្ករបានបើក រថយន្តបម្រុងបុកជនរងគ្រោះតែ ត្រូវបានគេចផុតរត់ទៅចំហៀងផ្ទះ ហើយរថយន្តព្រូស បានតាមបុកទៀត ត្រូវបានជនរងគ្រោះ យកដុំថ្មរគប់តបទៅ វិញ ដើម្បីការពារខ្លួន ត្រូវកញ្ចក់ រថយន្តវីហ្គោបណ្តាលឲ្យបែក និង ត្រូវក្បាលកូនថៅកែ សណ្ឋាគារអង្គរមាស ពេល នោះ ក្រុមកូនអ្នក មានចំនួន ៦នាក់ បានចុះពីលើរថយន្ត យកដុំថ្មរគប់កញ្ចក់បង្អួចផ្ទះបងជនរងគ្រោះ។
បើតាមលោក ឆេង គឹមសួរ ពេលកំពុងឈ្លោះប្រកែក និងយកដុំថ្មគប់គ្នានោះ កូនថៅកែសណ្ឋាគារ អង្គរមាស បាន ស្រែកថា «អញជាកូន ឧកញ៉ា មានលុយចង់សម្លាប់អាណា ក៏បានដែរ»។
ក្រោយឃើញហេតុការណ៍ ឈ្លោះប្រកែកអនាធិបតេយ្យក្នុងសង្គម មិនសមជាប្រទេសមានច្បាប់ ទម្លាប់បែបនេះ ប្រជាពលរដ្ឋ បាននាំគ្នាមក ចោមរោម ជួយអន្តរាគមន៍ ធ្វើឲ្យក្រុមកូនអ្នក មានក្នុងខេត្តស្ទឹងត្រែង រត់ឡើងរថយន្តវីហ្គោ ទាំងអស់គ្នា ចេញពីកន្លែងកើតហេតុ បន្សល់ទុក រថយន្តព្រូស មួយគ្រឿងនៅទីនោះ ហើយត្រូវបានបងប្អូនជនរងគ្រោះ បន្ធូរកង់ទាំងបួន និងយកដុំឈើដាក់ព័ទ្ធជុំវិញ រថយន្តមិនឲ្យយកចេញ។
បងប្អូនជនរងគ្រោះ ក៏បានប្តឹងដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ហើយសមត្ថកិច្ចបាន ចុះមកពិនិត្យមើល ដែរ តែហាក់បីដូចជាគ្មាន ចំណាត់ការ បានត្រឹមតែមកប្រាប់ថា ឲ្យរថយន្ត ទៅម្ចាស់គេវិញទៅ។
បើតាមការបញ្ជាក់ពីបងប្អូនជនរងគ្រោះ សមត្ថកិច្ចមិនត្រឹមតែមិនស្វែងរកដំណោះស្រាយនោះទេ ថែមទាំងបោះ ពាក្យសម្តីថា «មកពីផ្ទះ អត់របងទើបគេបើកចូល រឿងនេះស្អែកចាំដាក់ពាក្យបណ្តឹង»។ បន្ទាប់ពីបោះពាក្យសម្តីមិន ប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានវិជ្ជាជីវៈជា អ្នកមើលខុសត្រូវ លើប្រជាពលរដ្ឋហើយនោះ លោកនគរបាលក្រុង ស្ទឹងសែន ក៏បានយកទៅឲ្យ ភាគីជម្លោះបាត់ទៅ។
បើតាមប្រជាពលរដ្ឋក្បែរនៅកន្លែងកើតហេតុ ក៏បាននិយាយដែរថា ក្រោយពីមានហេតុការណ៍កើតឡើង ហើយ ក៏មានការប្តឹងដល់ សមត្ថកិច្ច តែហាក់បីដូចជាមិនមានវិធានការសោះ។ លុះនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ជនរងគ្រោះ ក៏បានដាក់ពាក្យប្តឹងទៅកាន់ តុលាការថែមទៀត។
បន្ទាប់ពីមានពាក្យបណ្តឹង លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង បានចុះទៅដល់ទីតាំងកើតហេតុ និង បានធ្វើកំ ណត់ហេតុដកហូតរថយន្ត ម៉ាកព្រូស យកទៅរក្សាទុកនៅតុលាការខេត្ត។
លោកស្រី ស៊ុន យ៉ឺត បានបញ្ជាក់ថា ចំពោះមុខអ្នកយកអ្នកសារព័ត៌មានថា នឹងចាត់ការលើ សំណុំរឿងនេះទៅតាម ច្បាប់ដោយមិនគិតពី អ្នកមាន ឬអ្នកក្រទេ តែផ្អែកទៅ តាមអង្គហេតុជាក់ស្តែង។
ពាក់ព័ន្ធនិងករណីខាងលើលោកវរសេនីយ៍ឯក ហម ប៊ុនធែល ស្នងការរង និង ជាប្រធានការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌ បានប្រាប់តាម ទូរស័ព្ទថា សមត្ថកិច្ចបានឃាត់ជនបង្ករបាន២នាក់ ដែលបានបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ។ ក្នុងរឿងនេះ មានពាក្យ បណ្តឹងពីរ ពាក្យបណ្តឹងមួយ អ្នកគេដេញបុក បានទៅប្តឹងនៅតុលាការ ឯពាក្យ បណ្តឹងមួយទៀត អ្នកបើកបររថយន្ត ប្តឹងទៅ ការិយាល័យ ព្រហ្មទណ្ឌកំរិត ស្រាលខេត្ត។ ទាំងពាក្យបណ្តឹង និង ជន បង្ក ២នាក់ បានបញ្ចូន ទៅកាន់តុលាការហើយ។
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បាននិយាយថា ក្រុមក្មេងស្ទាវមួយក្រុមនេះ សុទ្ធសឹងតែជាកូនអ្នកមានលុយ ល្បីពេញខេត្ត។ ករណីជម្លោះ ខាងលើ ប្រជាពលរដ្ឋ ក្នុងស្ទឹងត្រែងមាន ជំនឿមុតមាំថា ក្រុមកូនអ្នកមានទាំងនេះ នឹងគេចផុត ពីសំណាញ់ច្បាប់ ដូចពេលកន្លងទៅដដែល ព្រោះពួកគេ «មានខ្សែធំណាស់»៕


0 comments:
Post a Comment