ប្រភពពី៖http://www.khmerload.com/news/27560
ក្រុងប៉ោយប៉ែត-ខេត្តបន្ទាយមានជ័យ៖ ការចាប់បញ្ជូនពលករខ្មែរ
យ៉ាងគំហុកពីប្រទេសថៃ ដោយរបបយោធាថៃ បើតាមតួលេខបង្ហើប ឱ្យដឹងពីលោក ង៉ោ
ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតថា មកដល់ពេលនេះ ពលករខ្មែរទាំងប្រុសទាំងស្រី
ប្រមាណជា២ម៉ឺននាក់ហើយ ត្រូវបានចាប់បញ្ជូនមកវិញ ។
អ្វីដែលគួរឱ្យរំភើបក្នុងចិត្ត រហូតស្រក់ទឹកភ្នែកនោះ គឺប្រជាពលរដ្ឋដែលរស់នៅ
ក្នុងតំបន់ព្រំដែននោះ ខ្លះមានបាយកញ្ចប់ ខ្លះទឹកបរិសុទ្ធ បាននាំយកទៅផ្តល់
ឱ្យពលករដែលមានឈាមជ័រជាខ្មែរ ហើយត្រូវគេចាប់បញ្ជូន ដោយដឹកកាត់ថ្ងៃ កាត់ភ្លៀង
មកចាក់ចោលដូចសត្វ ដោយគ្មានក្តីមេត្តាករុណា ។
ក្រៅពីសន្ទុះចិត្តរបស់ប្រជាពលរដ្ឋ
ក៏មានអង្គការសង្គមស៊ីវិល អង្គភាពនានារបស់ស្ថាប័នរដ្ឋ ទាំងស៊ីវិល
ទាំងសមត្ថកិច្ច បានបំពេញតួនាទីរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ។
តាមសេចក្តីរាយការណ៍ នៅរសៀលថ្ងៃទី១២ មិថុនា ពីច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត
បានឱ្យដឹងថា ស្ថានភាពកាន់តែមានការលំបាក ព្រោះរថយន្តឈ្នួលគ្រប់ប្រភេទ
បានចេញអស់ គ្មានសល់រថយន្តណាមួយ សម្រាប់ក្រុមពលករ
ជិះទៅកាន់ស្រុកកំណើតទាន់ឡើយ ។ ដោយសារតែមានការកកស្ទះបែបនេះ
និងផ្ទៃមេឃតែងធ្លាក់ភ្លៀង នៅវេលាល្ងាចទៀតនោះ អាជ្ញាធរក្រុងប៉ោយប៉ែត
ក៏បានបោះតង់ឱ្យក្រុមពលករ រាប់ពាន់នាក់សម្រាក ។
នៅលើដងផ្លូវចាប់ពីរង្វង់មូលច្រកទ្វារ
គឺមានសុទ្ធតែមនុស្សឈរ ត្រៀបត្រារង់ចាំរថយន្ត ជិះទៅកាន់ខេត្តនានា ។
ការចាប់បញ្ជូនពលករខ្មែរខុសច្បាប់ ដោយរបបយោធាថៃ
ហើយបញ្ជូនមកឱ្យសមត្ថកិច្ចកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ
ពុំមានការថមថយទេ ពីមួយថ្ងៃទៅមួយថ្ងៃ ផ្ទុយទៅវិញ មានតែកើនឡើងជាលំដាប់ ។
ដោយសារបញ្ហានេះ គេឃើញមានអង្គការ ដៃគូនានារួមជាមួយអាជ្ញាធរ
និងសមត្ថកិច្ចខេត្ត ក្រុង ក្នុងនោះរួមទាំងសប្បុរសជនផង បានបញ្ចេញសកម្មភាព
យ៉ាងរស់រវើក ក្នុងការជួយដល់ក្រុមពលករ ទាំងការដឹកជញ្ជូនទៅស្រុកកំណើត
ដោយមិនយកប្រាក់ និងផ្តល់ជាបាយទឹក នំ ចំណី និងពង្រឹងការការពារសន្តិសុខ
សណ្តាប់ធ្នាប់ ទាំងយប់ទាំងថ្ងៃ ។
សម្រាប់ថ្ងៃទី១១ និងថ្ងៃទី១២ មិថុនា
ពលករខ្មែរត្រូវបានអាជ្ញាធរថៃ បញ្ជូនត្រឡប់មកវិញ តាមច្រកទ្វារអន្តរជាតិ
ប៉ោយប៉ែត យ៉ាងគំហុក ដូចទឹកបាក់ទំនប់ គឺថ្ងៃទី១១ មិថុនា មានរថយន្ដធំៗ
រហូតជាង១៣០គ្រឿង ចំនួនមនុស្សជាង៧.០០០នាក់ ដោយភាគីថៃ បានបញ្ជូនពលករ
តាមរថយន្ដបឺស៤៥កៅអី និងរថយន្ដធំៗភាគច្រើន ខុសពីសព្វមួយដង ។ មិនតែប៉ុណ្ណោះ
នៅពេលដល់ម៉ោងបិទទ្វារព្រំដែនទៅហើយ រថយន្ដបញ្ជូនពលករ របស់ថៃនៅតែបន្ដ
ប៉ុន្ដែគេដាក់ឱ្យពលករខ្មែរចុះ នៅលើទឹកដីថៃក្បែរមាត់ច្រក
ទ្វារអន្ដរជាតិខ្លងលឹក ព្រោះតែទ្វារព្រំដែន នៅបើកតែមួយប្រឡោះតូច
ប្រហែល៣ម៉ែត្រ ដើរចូលមកដីខ្មែរដោយខ្លួនឯង ដោយខ្លះលី ខ្លះទូលអីវ៉ាន់
ឯស្រីៗបីនិងពកូន ក្នុងនោះមានទាំងទាហានឈុតខ្មៅជួយកាន់
និងយួរអីវ៉ាន់ឱ្យពលករខ្មែរ ដល់ទឹកដីខ្មែរទៀតផង ។
មកដល់ព្រឹកថ្ងៃទី១២ មិថុនា គិតត្រឹមម៉ោងជិត១២ថ្ងៃត្រង់
សកម្មភាពបញ្ជូនពលករខ្មែរពីថៃ នៅតែមានការកើនឡើង ហើយជាមួយនឹងការវិលត្រឡប់
ភ្លូកទឹកភ្លូកដីនេះ អង្គការទេសន្តប្រវេសន៍ អន្ដរជាតិហៅកាត់ថា IOM
បានយកចិត្ដទុកដាក់ ជួយដោះស្រាយមធ្យោបាយធ្វើដំណើរ ដល់ក្រុមពលករ ដោយជួលរថយន្ដ
ប្រភេទ១២កៅអីជាច្រើនគ្រឿង ដើម្បីដឹកដោយមិនគិតប្រាក់ ។ ជាមួយគ្នានេះ
ទាំងអាជ្ញាធរខេត្ដ-ក្រុង និងសមត្ថកិច្ច បានជួយជារថយន្ដ តាមអង្គភាពនានា
ក្នុងការជួយដឹកបញ្ជូនពលករ ទៅតាមស្រុកកំណើត ដោយមិនយកប្រាក់
និងពង្រឹងកម្លាំងការពារ ព្រមទាំងជួយផ្ដល់នំចំណី ទឹកដល់ក្រុមពលករដូចជា
សប្បុរសជនជាច្រើននាក់ នៅក្រុងប៉ោយប៉ែត ដែលបានចំណាយធនធានផ្ទាល់ខ្លួនដែរ ។
នៅព្រឹកថ្ងៃទី១២ មិថុនា សកម្មភាពជួយក្រុមពលករ
កាន់តែមានភាពរស់រវើកឡើង ។ អង្គការទេសន្ដប្រវេសន៍ ពេលនេះបានជួលរថយន្តធំៗ
សុទ្ធតែប្រភេទ៤៥កៅអី ដើម្បីដឹកពលករ ឱ្យបានច្រើន ។ ជាពិសេសទៅទៀតនោះ
មានរថយន្តជំនួយ ដោយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សម្រាប់ជួយដឹកពលករផងដែរ ។
នៅព្រឹកនោះដែរ គេឃើញមានអង្គការ សាម៉ារីតាន់ភើស បានជួយឧបត្ថម្ភនំប័ុង
និងទឹកបរិសុទ្ធដល់ក្រុមពលករ ឯយុវជនកាកបាទក្រហមកម្ពុជា
និងកាយឫទ្ធិក្រុងប៉ោយប៉ែត បានជួយធ្វើចរាចរណ៍ ចែកនំ និងទឹក
រួមចំណែកជាមួយអាជ្ញាធរ និងសមត្ថកិច្ចដែលកំពុងមមាញឹក រកពេលសម្រាកគ្មាន ។
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត
ដែលគ្រប់គ្រងដោយ នគរបាលអន្តោប្រវេសន៍ គេឃើញមានការសហការល្អ ជាមួយអាជ្ញាធរ
និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមទាំងអង្គការដៃគូ
ឱ្យចូលទៅធ្វើការរួមគ្នាជួបសួរនាំ និងអប់រំដល់ពលករ ក្រោយពេលចុះពីរថយន្តថៃ
ដែលខុសពីពេលមុនៗ ។ ចំពោះការធ្វើដំណើរ របស់ពលករខ្មែរ
គ្រប់រថយន្តដែលអង្គការខាងលើ ជួលដើម្បីដឹកពលករ
គេឃើញមានសរសេរឈ្មោះខេត្តសម្គាល់ នៅខាងមុខរថយន្ត ដើម្បីផ្តល់ការងាយស្រួល
ដល់ក្រុមពលករ រកជិះទៅតាមបណ្តាខេត្ត ដោយមានមន្ត្រីអង្គការ
ចាំជួយណែនាំបន្ថែមទៀត កុំឱ្យឡើងជិះខុសគោលដៅ។
លោកនុត សំអុល តំណាងអង្គការ IOM បានប្រាប់កោះសន្តិភាពថា
ការដោះស្រាយមធ្យោបាយធ្វើដំណើរ ដល់ក្រុមពលករនេះ គឺដឹកទៅតាមបណ្តាខេត្តទាំងអស់
ដោយមិនគិតថាជិត ឬឆ្ងាយទ្បើយ ។ ចំពោះតម្លៃជួលរថយន្ត គិតតាមខេត្តជិតឬឆ្ងាយ
បើខេត្តព្រៃវែង ឬស្វាយរៀង តម្លៃ១លានរៀល ឬជាង១លានរៀល ។
មន្ត្រីតំណាងអង្គការរូបនេះបន្តថា ចំពោះការដឹកមានកំណត់
មិនអនុញ្ញាតឱ្យផ្ទុកមនុស្សច្រើន ដូចរថយន្តតាក់ស៊ីទេ
ព្រោះវាពាក់ព័ន្ធនឹងសុវត្ថិភាព នៃការធ្វើដំណើរ ។ លោកនុត សំអុល បន្តថា
ថវិកាប្រើប្រាស់ ជារបស់ម្ចាស់ជំនួយ សហការជាមួយរាជរដ្ឋាភិបាល
មានក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងខាងផ្នែកប្រឆាំង ការជួញដូរមនុស្ស ។
នៅពេលភ្នាក់ងារ កោះសន្តិភាពសួរថា តើអង្គការនេះនឹងបន្តជួយ
ដោះស្រាយមធ្យោបាយធ្វើដំណើរ ដល់ពលករ តទៅខាងមុខទៀតឬយ៉ាងណា ខណៈការបញ្ជូនពលករ
របស់ភាគីថៃនៅតែមានការកើនទ្បើងនោះ ?
មន្ត្រីអង្គការរូបនេះ បានប្រាប់ថា លោកទើបទទួលបានអីុម៉ែល
ក្នុងការចាយថវិកា ហើយមិនទាន់ដឹងប្រាកដថា នឹងចាយថវិកាដល់ប៉ុន្មាននៅទ្បើយទេ ។
មន្ត្រីរូបនេះបញ្ជាក់ថា នេះជាថវិកាជួយបន្ទាន់ និងជាការជួយសាកល្បងលើកដំបូង
ប៉ុន្តែលោកនឹងពិភាក្សាបញ្ហានេះ ជាមួយថ្នាក់លើបន្ថែមទៀត ៕