Thursday, May 15, 2014

ប្រភពពី៖ http://www.khmerload.com/news/26498

វៀតណាម៖ យ៉ាងហោចណាស់ រោងចក្រចំនួន ១៥ កន្លែង ត្រូវបានវាយ និង ដុតបំផ្លាញ ដោយស្នាដៃ របស់ក្រុមអ្នកតវ៉ា ប្រឆាំងនឹងប្រទេសចិន ក្នុងតំបន់សួនឧទ្យានឧស្សាហកម្ម នៅភាគខាងត្បូង ប្រទេសវៀតណាម។
មនុស្សជាច្រើនសិបនាក់ បានទទួលរងរបួស ពីការវាយប្រហារ របស់សំណាក់ ក្រុមកម្មកររោងចក្រ ក្នុងការតវ៉ានៅតាមដងផ្លូវ ជាច្រើនកន្លែង ក្នុងខេត្ត Binh Duong។
កម្មករទាំងនោះ មានគ្នាប្រមាណជាង ២ម៉ឺននាក់ ហើយមួយចំនួន បាននឹងកំពុងធ្វើការ ប្រឆាំងតវ៉ា នឹងរដ្ឋាភិបាលចិន ក្រោយពីមាន ការអះអាងថា ប្រទេសចិន បានចូលមកកាន់តំបន់ដែនទឹក របស់វៀតណាម កាលពីដើមខែនេះ រួចមក។
យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ បង្ហាញឲ្យបានដឹង ពីភាពមិនប្រក្រតី ណាមួយ នៅក្នុងហេតុការណ៍ មានការប្រើ អំពើហឹង្សានេះ នៅឡើយទេ។ ប៉ុន្តែ បើយោងទៅតាម សំដីរបស់មន្ត្រីមានសមត្ថកិច្ច បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ២០០នាក់ ត្រូវបានចាប់ខ្លួន។
ទោះជាយ៉ាងណា ដើម្បីជាការឆ្លើយតប ទៅនឹង ប្រតិកម្ម របស់ក្រុមអ្នកតវ៉ា ក្នុងប្រទេសវៀតណាមនោះ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិន បានថ្លែងឲ្យដឹងថា ប្រទេសវៀតណាម ជាអ្នកដែលបានបង្កហេតុមុន ហើយទីក្រុងប៉េកាំង បានបង្ហាញពីការព្រួយបារម្ភ ទៅដល់ ទីក្រុង ហាណូយ ផងដែរ។
ក្នុងពេលជាមួយគ្នានោះដែរ កោះតៃវ៉ាន៉ បានធ្វើការកោះហៅ មន្ត្រីកុងស៊ុល របស់វៀតណាម មកជួប នៅទីក្រុងតៃប៉ិ ផងដែរ ក្រោយពីរោងចក្រ ក៏ដូចជាក្រុមហ៊ុន របស់តៃវ៉ាន់ ជាច្រើន បានទទួលរង ក្លាយជាគោលដៅវាយប្រហារ ពីសំណាក់ក្រុមអ្នកតវ៉ា ខណៈដែលមានការ យល់ច្រឡំ ស្មានថាជាក្រុមហ៊ុនរបស់ ប្រទេសចិន ព្រោះថាមានអក្សរចិន និង រូបសញ្ញាស្រដៀងគ្នា។
ក្នុងនោះផងដែរ ក្រុមអ្នកតវ៉ា បានចាប់ផ្តើមប្រមូលផ្តុំគ្នា ក្នុងទីក្រុង Thuan An ក្នុងខេត្ត Binh Duong និង បានឆ្ពោះទៅកាន់ តំបន់ឧស្សាហកម្ម របស់ចិន កាលពីពេលថ្មីៗ កន្លងទៅនេះ។ អាគារមួយចំនួន ត្រូវបានដុតបំផ្លាញ ដែលជាហេតុនាំឲ្យមានការ ព្រួយបារម្ភ ពីសំណាក់ អ្នកក្រុមហ៊ុនវិនិយោគបរទេស ជាច្រើន ក្នុងប្រទេសវៀតណាមផងដែរ។ បើយោងតាមសំដី របស់បុគ្គលិក ក្រុមហ៊ុនម្នាក់ ដែលបានឃើញហេតុការណ៍នោះផ្ទាល់ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកតវ៉ាទាំងនោះ សំដៅទៅរក ក្រុមហ៊ុនណា ដែលមានអក្សរចិន ស្លាកសញ្ញា ឬ ឡូហ្គូ របស់ចិន៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ?




0 comments:

Post a Comment