ប្រភពពី៖http://www.khmerload.com/news/38924
ខេត្តបន្ទាយមានជ័យ ៖ ពលការិនីខ្មែរម្នាក់ ត្រូវបានបុរស ជនជាតិថៃម្នាក់ សម្លាប់ ដែលប្រភពខ្លះ អះអាងថា ជាមេសន្តិសុខ សណ្ឋាគារ និងខ្លះថា ជាទាហាន ដែលគេបញ្ជាឱ្យ ទទួលខុស ត្រូវផ្នែកសន្តិសុខ ។ ការសម្លាប់ពលការិនីខ្មែរនេះ បើតាមប្រភពពីបុរសជាប្តីបានអះអាងថា ជាការសម្លាប់ព្រោះតែការប៉ុនប៉ងរំលោភមិនបានសម្រេច ក៏រឹតកសម្លាប់នាងរួចយកសពបោះទម្លាក់ពីលើអគារសណ្ឋគារកម្ពស់៣ជាន់មកក្រោម ។ ដោយសារកាមេរ៉ាសុវត្ថិភាពដែលមាននៅក្នុងសណ្ឋាគារនោះ បានថតជាប់រាល់សកម្មភាពជនដែលបោះទម្លាក់សពពលការិនីខ្មែរូបនេះ ទើបឈានដល់ការចាប់ខ្លួនដោយក្រុមតម្រួតថៃ ។
ឈ្មោះ ខុម សុរិទ្ធិបូរ៉ា ជាប្តីបានប្រាប់ថា ស្ត្រីរងគ្រោះដែលជាប្រពន្ធរបស់ខ្លួនឈ្មោះ ជាតិ ភឿន អាយុ២២ឆ្នាំ នាងបានទៅដល់ប្រទេសថៃជាង១០ថ្ងៃមកហើយ នឹងទើបតែចូលធ្វើការក្នុងហាងកាហ្វេមួយកន្លែង នៅកណ្តាលក្រុងបាងកក បានរយៈពេល១ថ្ងៃប៉ុណ្ណោះ ។
បុរសជាប្តីបាននិយាយថា ពួកគេបានចេញទៅធ្វើការងាររៀងៗខ្លួន ដោយទ្បែករូបគេធ្វើការនៅកន្លែងផ្សេង ស្រាប់តែវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៦ មិថុនា ក៏មានសាច់ញាតិបានទូរស័ព្ទប្រាប់ថា ប្រពន្ធរបស់ខ្លួនត្រូវបានឃាតករសម្លាប់រួចទម្លាក់សពពីលើអគារជាន់ទី៣ នៅខេត្តមិនបូរី ប្រទេសថៃ ។
តាមសម្តីសមត្ថកិច្ចថៃដែលត្រួតពិនិត្យលើសពស្ត្រីខ្មែររងគ្រោះ គឺមានស្នាមរឹតកសម្លាប់ និងបានបោះទម្លាក់ពីលើអគារសណ្ឋាគារ ។ ទាក់ទិននឹងការសម្លាប់នេះ បុរសជាប្តីបានអះអាងថា ប្រពន្ធរបស់ខ្លួន ត្រូវជននោះរឹតកសម្លាប់ក្រោយពេលរំលោភ ។ ហេតុការណ៍នោះបានថតជាប់កាមេរ៉ាសុវត្ថិភាពនៅខាងក្រោយអគារ ទើបតម្រួតថៃស្រាវជ្រាវចាប់ឃាតករដៃដល់នៅថ្ងៃទី១៩ មិថុនា គឺឈ្មោះ ឆា រិន អាយុជាង៤០ឆ្នាំ ជាទាហានប៉ារា៉ ។
ព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា មុនពេលស្ត្រីរងគ្រោះស្លាប់ គឺនាងត្រូវជនដៃដល់ឈ្មោះ ឆា រិន បានលួងលោមនាងថា នាំទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ។ ហើយនាងក៏យល់ព្រមទៅជាមួយ ព្រោះចង់បានប័ណ្ណនោះ ងាយស្រួលក្នុងការរកការងារធ្វើ ។ តែត្រូវបានជនដៃដល់បង្ខំនាងឱ្យចូលក្នុងបន្ទប់ស្នាក់នៅរបស់គេ ហើយក៏ចាប់រំលោភបានសម្រេច រួចរឹតកសម្លាប់ ហើយទម្លាក់សពតាមបង្អួចពីលើអគារជាន់ទី៣ ។
លោកអនុសេនីយ៍ឯក ឡា រៀម នាយប៉ុស្តិ៍រដ្ឋបាលនគរបាលអូរប្រាសាទ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ មិថុនា ថា ស្ត្រីរងគ្រោះនៅភូមិភ្នំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ។ ស្ត្រីខ្មែររងគ្រោះនេះមានប្តីឈ្មោះ ខុម សុរិទ្ធិបូរា៉ អាយុ២៩ឆ្នាំ និងមានកូនស្រីម្នាក់អាយុប្រមាណជា៤ឆ្នាំនៅក្នុងបន្ទុក ។
លោកនាយប៉ុស្តិ៍រូបនោះបានបញ្ជាក់ថា តាមការបំភ្លឺពីសាច់ញាតិក៏ដូចជាបុរសជាប្តីបាននិយាយរៀបរាប់ប្រាប់ថា ភរិយារបស់គាត់បានទៅតាមខ្លួនជាប្តី និងរកការងារធ្វើ ។ ពេលនោះបងស្រីនិយាយថា បើចង់ធ្វើសំណង់ជាមួយគ្នាទាល់តែមានប័ណ្ណសម្គាល់ខ្លួន ទើបអាចធ្វើបាន។ នៅថ្ងៃទី១៦ មិថុនា បងស្រីបានពឹងសន្តិសុខយាមសណ្ឋាគារឱ្យឌុបនាងជាប្រពន្ធរបស់ខ្លួនទៅធ្វើប័ណ្ណ ស្រាប់តែបាត់ដំណឹងរហូតដល់វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ទើបប្រទះឃើញសពស្ត្រីម្នាក់ស្លាប់ក្បែរសណ្ឋាគារ ។
ទាក់ទិននឹងករណីសម្លាប់ស្ត្រីជាពលករខ្មែរនេះ សមត្ថកិច្ចខ្មែរដាក់ការសង្ស័យថា អាចជាការប៉ុនប៉ងចាប់នាងរំលោភតែមិនបានសម្រេចក៏សម្លាប់នាងបំបិទមាត់ ។ បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិ និងក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីរួចហើយដែរ ៕



0 comments:
Post a Comment