Monday, March 24, 2014

ប្រភពពី​ http://news.sabay.com.kh
មួយ​រយៈពេល​មក​នេះ បណ្ដា​អ្នក​ប្រើ​កម្មវិធី Firefox ជា​ច្រើន​សុទ្ធតែ​បាន​ត្អូញត្អែរ​ពី​រឿង Firefox ​ប្រើ​ចេះ​តែ​គាំង​ ​ចេញ​ឃ្លា “Not Respond” នៅ​លើ​របារ Firefox ដោយ​តម្រូវ​ឱ្យ​រង់​ចាំ​មួយ​ស្របក់ ឬ​គាំង​ជាប់។ ភាគ​ច្រើន​នៅ​ពេល​បើក​កម្មវិធី​​ដំបូង​តែង​ចេញ​ឃ្លា “Not Respond” នេះ​តែ​ម្ដង ទាល់តែ​រង់ចាំ​ពេល​មួយ​ស្របក​ទើប​ដំណើរការ។ អ្នក​ខ្លះ​បាន​សាកល្បង​លុប Firefox រួច​ដំឡើង​ម្ដង​ទៀត តែ​បាន​លទ្ធផល​សោះ។ ខ្លះ​ប្រើ​គាំង​យូរៗ​ម្ដង។ ដោយ​សារ​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​យ៉ាង​ច្រើន​មាន​ការ​ធុញទ្រាន់​រហូត​លែង​ចង់​បើក Browser នេះ​ទៀត​ផង។
ដូច្នេះ​ទំព័រ​នេះ Sabay សូម​លើក​យក​វិធីសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​នេះ​ ​ដូច​ខាង​ក្រោម៖

វិធីសាស្ត្រ​ទី១៖
- ចូល​ទៅ Help នៅ​លើ Firefox រួច​យក Troubleshooting Information (បញ្ជាក់៖ ដើម្បី​ឱ្យ Firefox បង្ហាញ​ម៉ឺនុយ Help ត្រូវ​ចុច​លើ Key “Alt”)
- ចុច​លើ​ប៊ូតុង “Reset Firefox” បន្ទាប់​មក​នឹង​ចេញ​ផ្ទាំង​ថ្មី​តម្រូវ​ឱ្យ​អ្នក​ចុច​លើ​ប៊ូតុង Reset Firefox រង់​ចាំ​បន្តិច​នោះ​នឹង​ចេញ​ផ្ទាំង​ថ្មី​មួយ​ទៀត ដោយ​ចុច​លើ​ប៊ូតុង Finish ដើម្បី​បញ្ចប់
- កម្មវិធី Firefox នឹង​បិទ ហើយ reset ដូច​ថ្មី​ឡើង​វិញ
វិធីសាស្ត្រ​ទី២៖
- សាកល្បង​បិទ​ការ​ពន្លឿន​ក្រាហ្វិក hardware (graphics hardware acceleration)។ លក្ខណៈ​ពិសេស​នេះ​បាន​បន្ថែម​លើ Firefox មក​ជា​ស្រេច ពេលខ្លះ​ក៏​អាច​ធ្វើ​ឱ្យ Firefox ដំណើរការ​មិន​ទៀងទាត់​ផង​ដែរ។ ដើម្បី​បិទ​សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
- ចុច​លើ​ប៊ូតុង Firefox ពណ៌​លឿង​ដែល​នៅ​ផ្នែក​ខាង​ឆ្វេង​ខាង​លើ រួច​ចុច​លើ​ប៊ូតុង Options
- ចូល​ទៅ Advance tab រួច ដក​ធីក​លើ​ឃ្លា “Use hardware acceleration when available” ហើយ​ចុច​លើ OK និង Restart កម្មវិធី Firefox ជា​ការ​ស្រេច
វិធីសាស្ត្រ​ទី៣៖
បើ​មិន​ទាន់​ដោះស្រាយ​បាន​ទៀត អ្នក​អាច​សាកល្បង​តាម​វិធីសាស្ត្រ​ខាង​ក្រោម៖
- នៅ​ពេល​បើក​ដំណើរការ Firefox សូម​បើ Windows Task Manager ដោយ​ចុច​លើ Key (Ctrl + Shift + Eas) រួច​ចូល​ទៅ Process tab រក​មើល​និង​ចុច​ស្ដាំ mouse លើ firefox.exe រើស​យក​ឃ្លា Set Affinity… រួច​ដក​ធីក​លើ CPU 1 ហើយ​ចុច OK ជា​ការ​ស្រេច។
នៅ ​មាន​ចំណុច​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អាច​ជា​ហេតុ​ធ្វើ​ឱ្យ Firefox មាន​បញ្ហា​ផង​ដែរ ដូច្នេះ​អ្នក​អាច​មើល​ឡើង​វិញ​ត្រង់​ការ update Software ដូច​ជា​ update លើ កម្មវិធី Firefox, update លើ plugins, update Windows, update driver, Internet Security software, ស្កេន​រក​មេរោគ​តាម​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​ប្រសិទ្ធភាព, ឆែក​មើល​បញ្ហា hardware, ឆែក​បញ្ហា RAM ឬ​ចូល​ទៅ​មើល Help ដើម្បី​ដោះស្រាយ​ជា​ដើម៕
សាក​ល្បង​អនុវត្ត​ទៅ​មើល៍ បាន​ផល​ឬ​អត់​?

Wednesday, March 19, 2014

ប្រភពពីhttp://news.sabay.com.kh/articles/668597
បើ ​មើល​តាម​រូបភាព​អ្នក​អាច​គិត​ថា​ គ្រាន់​តែ​ស៊ុត​មួយ​គ្រាប់​សោះ​ចាំបាច់​ប្រឹង​នោះ​ៗ​ដើម្បី​វា​ម៉េស?​ ​​​និយាយ​ឲ្យ​ខ្លី​ប្រាកដ​ជា​មាន​អ្វី​ពិសេស​ហើយ​ បាន​ជា​គេ​ខំ​ប្រឹង​យ៉ាង​នេះ។ ​​នោះ​គឺ​ព្រោះ​តែ…
​ នេះ​ជា​ស៊ុត​របស់​បក្សី​ Kakapo ​ដែល​ជា​ប្រភេទ​អម្បូរ​សេក​ម៉្យាង​ក្នុង​ប្រទេស​នូវែលហ្សេឡង់​​ដែល​មិន​អាច​ ហើរ​បាន។ ​ចំនួន​របស់​បក្សី​ដ៏​កម្រ​នេះ​គឺ​នៅ​សល់​ប្រហែល ១២៥ ​ក្បាល​ប៉ុណ្ណោះ​នៅ​ក្នុង​ពិភពលោក។ ​ដូច្នេះ​បើ​មិន​​ខិតខំ​អភិរក្ស​ទេ ​វា​ប្រាកដ​ជា​ផុត​ពូជ​មិន​ខាន។​ មិន​មែន​មាន​តែ​ប្រភេទ​បក្សី ប្រភេទ​នេះ​ដែល​កំពុង​ប្រឈម​ សត្វ​ដទៃ​ទៀតក្នុង​ពិភពលោក​ក៏​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​ដូចជា​រមាស​ និង​ដំរី​ជា​ដើម​ដែល​កុយ និង​ភ្លុក​របស់​វា​កំពុង​ត្រូវ​ប៉ាន់​ក្នុង​ទីផ្សារ​ងងឹត។ ​ក្នុង​ប្រទេស​កម្ពុជា​ក៏​កំពុង​ប្រឈម​ដូចគ្នា​ តួយ៉ាង​ដូចជា​គោព្រៃ​ដែល​ជា​ធម្មជាតិ​អត្តសញ្ញាណ​របស់​ខ្មែរ ​និង​សត្វ​ជា​ច្រើន​ទៀ០ត​​ក៏​កំពុង​រង​ការ​គំរាមកំហែង​ខ្លាំង​ណាស់​ដែរ​ ដូច្នេះ​ជា​ប្រជាជន​មួយ​រូប​គួរ​ចេះ​ថែរក្សា​កុំ​ឲ្យ​វា​បាត់បង់​ទាំង​អស់​ គ្នា៕

Friday, March 14, 2014

ប្រភពពីhttp://news.sabay.com.kh/articles/649790
ធ្លាប់​ទេ នៅ​សុខៗ​ស្រាប់​តែ​ចង់​ប្រើ​កុំព្យូទ័រ​ខណៈ​កុំព្យូទ័រ​របស់​អ្នក​​នៅ​ឆ្ងាយ ​ពី​ដៃ ឬ​ពេល​ខ្លះ​ទៀត​កុំព្យូទ័រ របស់​មិត្តភ័ក្ដិ​អ្នក មាន​បញ្ហា​ត្រូវការ​ឱ្យ​អ្នក​ជួយ​ដោះស្រាយ​បន្ទាន់ តើ​ត្រូវ​ធ្វើ​ម៉េច​ទៅ? កុំ​បារម្ភ​នៅ​ពេល​ដែល​ជួប​បញ្ហា​ទាំង​នេះ អ្នក​អាច​ប្រើ iPhone ដើម្បី​បញ្ជា​ប្រើ​កុំព្យូទ័រ​តាម​អំពើ​ចិត្ត​ហាក់​ដូច​អ្នក​កំពុង​នៅ​ពី​ មុខ​កុំព្យូទ័រ​ពិតៗ។
ទំព័រ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការ​ប្រើ​កម្មវិធី TeamViewer សម្រាប់​ភ្ជាប់​ប្រើ​កុំព្យូទ័រ​ពី​ចម្ងាយ។
១.ដំឡើង TeamViewer សម្រាប់​កុំព្យូទ័រ បើ​ពុំ​ទាន់​មាន​សូម​ ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក
គន្លឹះ៖ Cylinder ប្ដូរ​រូបរាង icon លើ iOS អស្ចារ្យ​មិន​ចាញ់ Barrel
២.ដំឡើង TeamViewer សម្រាប់​ទូរស័ព្ទ​ពី app store ប្រិយមិត្ត​អាច ​ចុច​ត្រង់​នេះ ដើម្បីទាញ​យក
៣.សូម​បើក​កម្មវិធី TeamViewerសម្រាប់​កុំព្យូទ័រ​រួច​ពិនិត្យ​មើលId និងPassword អ្នក (Id និង​Passwordរបស់​កុំព្យូទ័រ​នីមួយៗ​មិន​ដូច​គ្នា​ឡើយ)
៤.បើក​កម្មវិធី TeamViewerនៅ​លើ iPhone រួច​វាយ​បញ្ចូល ID នៃ TeamViewer និង Password របស់​កុំព្យូទ័រ។
ឥឡូវ​នេះ​អ្នក​អាច​ប្រើ iPhone ដើម្បី​បញ្ជា Computerពី​ចម្ងាយ​បាន​ហើយ ប៉ុន្តែ​ប្រិយមិត្ត​ត្រូវ​ស្វែងយល់​ពី​ការ​ប្រើប្រាស់​សិន។
(រូបភាព Desktop computerរបស់​អ្នក​នៅ​លើ iPhone)
- Tap ដើម្បី click
- Tap និង Hold ដើម្បី​ right click
- Drag ដើម្បីរំកិល mouse
- ប្រើម្រាមដៃ២ដើម្បីពង្រីកនិងពង្រួម
- ប្រើម្រាមដៃ២រួចអូសដើម្បីscroll
- Tap ២ដងរួច drag ដើម្បី drag និង drop
បញ្ជាក់៖ ដើម្បី​ប្រើ iPhone សម្រាប់​បញ្ជា​កុំព្យូទ័រ​ ទាំង​ទូរស័ព្ទ​និងcomputerត្រូវ​តែ​មាន​ភ្ជាប់​អ៊ីនធឺណិត​ជា​មុន​សិន។
យ៉ាងម៉េច​ហើយ បន្ទាប់​ពី​បាន​សាកល្បង​រួច តើ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ណា ចំពោះ​ការ​បញ្ជា​កុំព្យូទ័រ​ពី​ចម្ងាយ​ដូច​នេះ? សូម​ជួយ​ផ្ដល់​ជា​មតិ​ផង!

ប្រភពពីhttp://news.sabay.com.kh/articles/638936
សម្រាប់​ខ្ញុំ​ ការ​សម្ពោធ​កម្មវិធី​ Hear My Song ​នៅ​ព្រឹក​នេះ​គឺ​អូខេ!
​អាច​និយាយ​បាន​ថា ​​វា​ជា​ឱកាស​ថ្មី​មួយ​សម្រាប់​យុវវ័យ​ដែល​មាន​ទេពកោសល្យ​ទាំងឡាយ​ក្នុង​ការ ​បញ្ចេញ​ស្នាដៃ​របស់​គេ តែ​ក៏​អាច​ថា​ ជា​ឱកាស​ថ្មី​មួយ​ដែរ​សម្រាប់​គ្រប់គ្នា​បាន​ឃើញ​ ​និង​ស្ដាប់​ឮ​​បទ​ចម្រៀង​បង្កើត​ថ្មី ​និង​ជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ។
ខ្ញុំ​បាន ​ជួប​ជជែក​ដោយ​មោទនភាព​ជាមួយ​កញ្ញា ដែក ​ដារី​ ​ប្រធាន​គម្រោង​កម្មវិធី ​Hear My Song ហើយ​បាន​ដឹង​ពី​កញ្ញា​ថា ​ការ​ស្វែង​រក​ឱកាស​ឱ្យ​កូន​ខ្មែរ​បាន​បង្ហាញ​ស្នាដៃ​ និង​ទេពកោសល្យ​របស់​ខ្លួន​ស្វែង​រក​ការ​គាំទ្រ​ពី​យុវវ័យ​ដូច​គ្នា ​គឺ​ជា​គោលបំណង​ធំ​នៃ​កម្មវិធី​នេះ។

​​កញ្ញា​​បញ្ជាក់​​ទៀត​ថា ​សូម្បី​តែ​គណៈកម្មការ​ដែល​វាយតម្លៃ​លើ​ស្នាដៃ​និមួយៗ​គឺ​ជា​តន្ត្រីករ​ និង​សិល្បករ​យុវវ័យ​ ហើយ​ទស្សនិកជន​ និង​បេក្ខជន​ខ្លួន​ឯង​ ក៏​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ជា​គណៈកម្មការ​ដែរ។

បទចម្រៀង​បី​បទ​ជា​ស្នាដៃ​យុវជន​យុវនារី​ខ្មែរ​ដែល​បាន​បង្ហាញ​ចេញ​កាលពី​ ព្រឹកមិញ ​បាន​ធ្វើ​​ឱ្យ​​ភ្ញៀវ​កិត្តិយស​សុទ្ធសឹងតែ​​ជា​តារា​ចម្រៀង​ តន្ត្រីករ​អាជីព​ ​និង​សិល្បករ​វិស័យ​ផ្សេងៗ​ទៀត​​សាទរ​យ៉ាង​រំភើប​ ​​ចំណែកខ្ញុំ​វិញ​ ​ស្ទើរ​ ភ្លេច​ដកដង្ហើម​ជាមួយ​បទ​ចម្រៀង​ ​«ភ្លេចខ្លួន»​ ​ដ៏​រ៉ូមែនទិក​របស់​ កញ្ចនា។ ខ្ញុំ​ចង់​មាន​ន័យ​ថា​ អស់ទាស់!​ ​ហើយ​ប្រសិន​បើ​មាន​ស្នាដៃ​បែប​នេះ​កាន់​តែ​ច្រើន​គឺ​អស្ចារ្យ!!!!

ចេញ​ពី​ទីនោះ​មក ខ្ញុំ​មាន​សង្ឃឹម​ជាប់​មក​ជាមួយ​ គឺ​សង្ឃឹមថា ​​រយៈពេល​ពីរ​ខែ​ដែល​កម្មវិធី​​​ ​​​ ​​Hear My Song ​ ​​​​​ទទួល​ពាក្យ​ចូលរួម​ប្រលង​​ ​យើង​នឹង​រក​ឃើញ​យុវវ័យ​មាន​សមត្ថភាព​​ជា​ច្រើន​នាក់​​ទៀត ​​ហើយ​​​នឹង​ស្នាដៃ​ចម្រៀង​របស់​កូនខ្មែរ​ពិតៗ​នឹង​ត្រូវ​បង្កើន​បរិមាណ​ ព្រម​ទាំង​សម្រិតសម្រាំង​គុណភាព។

​ឯកឧត្តម​ ​ខៀវ​ កាញារីទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​អញ្ជើញ​ជា​អធិបតីភាព​ក៏​បាន​បញ្ចេញ​​ អនុសាសន៍​ដែរ​ ​ថា​ ​ការ​រិះគន់​ចំពោះ​ការ​លួច​ចំលង​បទភ្លេង​ពុំមែន​ជា​សកម្មភាព​អាទិភាព ប៉ុន្តែ​ការ​លើក​ទឹកចិត្ត​ក្នុង​ការ​បង្កើត​បទ​ចម្រៀង​ថ្មីៗ​ដោយ​ខ្លួន​ឯង ​គឺ​ជា​ការងារ​សំខាន់​ក្នុង​កាលៈទេសៈ​នេះ។

ខ្ញុំ​យល់​ថា​ នេះ​ជា​អនុសាសន៍​ដ៏​ពិសិដ្ឋ​មួយ​ ហើយ​ការចូលរួម​ជា​ដៃគូ​​របស់​ក្រសួងព័ត៌មាន​ក្នុង​កម្មវិធី​នេះ​ក៏​រឹត​តែ​ ជា​កម្លាំង​ជំរុញ​ដ៏​​​មាន​អត្ថន័យ​ដល់ ​​Hear My Song ​​ទៅ​ទៀត​។

លោក​ ​ជី​ សិលា ​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន ​ Sabay Digital Corporation ​​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ​អ្នក​និយាយ​កម្រ​បាន​ធ្វើអ្វី​​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ណាស់​ដូច្នេះ​ចូរ​ កុំ​និយាយ​ហើយ​ចាប់ផ្ដើម​ធ្វើ។

ដូច្នេះ ​ខ្ញុំ​និង​សហការី​នៅ ​​Sabay.com រង់ចាំ​យ៉ាង​អន្ទះសា​ក្នុង​ការ​ជ្រោមជ្រែង​ផ្សព្វផ្សាយ​ស្នាដៃ​ថ្មីៗ​ ទាំងឡាយ​របស់​យុវវ័យ​ខ្មែរយើង​ ទៅ​ទូទាំង​ប្រទេស​ ​និង​ជុំវិញ​ពិភពលោក។
តាម​រយៈ​កម្មវិធី​ Hear My Song ​អ្នក​នឹង​ក្លាយ​ជា​តារា​ឆ្នើម​របស់​កម្ពុជា!
ម៉ីសន សុធារី

ប្រភពពីhttp://news.sabay.com.kh/articles/660611
មនុស្ស ​និង​គ្រឿង​តុបតែង​ខ្លួន​កើត​មក​គឺ​ជា​គូ​នឹង​គ្នា​ព្រោះ​នារី​ភាគ​ច្រើន​ ចូល​ចិត្ត​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​អោយ​ពួក​នាង​មើល​ទៅ​ស្រស់​ស្អាត​ទាក់ទាញ​និង ​ជាទី​គយគន់​។ ដូច្នេះ​ Sabay សូម​នាំ​យក​បូ​ដាក់​សក់​ម៉ូដ​ស្អាតៗ​ពីរ​បី​ម៉ូដ​មក​បង្ហាញ​សម្រាប់​នារី​ៗ​ ដែល​ចូលចិត្ត​លេង​​​ម៉ូដ​សក់​ឬ​ក៏​ចូល​ចិត្ត​តុបតែង​សក់​។
ស្រឡាញ់​ម៉ូដ​ទី​ប៉ុន្មាន​ដែរ?
ប្រភពពីhttp://news.sabay.com.kh/articles/658616
ការ​បែក​បាក់​ស្នេហា ​​អ្នក​ណា​មិន​ឈឺ​ចាប់​ តែ​ទោះ​បី​ជា​យ៉ាង​ណា​​ ក៏​មិន​​ត្រូវ​ធ្វើ​អ្វី​​​រហូត​​នាំ​ឲ្យ​មាន​វិប្បដិសារី​ ឬ​​ឈឺ​ចាប់​លើស​មុន​ដែរ។ តើ​មិត្ត​យុវវ័យ​​ត្រូវ​តែ​ជៀស​វាង​​​​ធ្វើ​អ្វី​​ដែល​​នាំ​ឲ្យ​អ្នក​កាន់​ តែ​ពិបាក​​ខ្លាំង​ឡើង​ ក្រោយ​ពី​បែក​បាក់​ស្នេហា?
កុំ​បង្កាត់​ភ្លើង​ស្នេហ៍​ថ្មី​ភ្លាម​ៗ
កញ្ញា​ ណាង​ ស្រីមី អាយុ​​២០​ឆ្នាំ ជា​​សិស្ស​​នៅ​​វិទ្យាល័យ​ឥន្ទ្រទេវី បាន​លើក​ឡើង​ថា៖ “ខ្ញុំ​យល់​ថា​​ ចំណុច​មួយ​ដែល​បុរស​ៗ​​គួរ​តែ​ចងចាំ​ និង​មិន​​គួរ​ធ្វើ​​ នោះ​​គឺ​មិន​ត្រូវ​កសាង​ស្នេហា​ថ្មី​ភ្លាមៗ​បន្ទាប់ ​ពី​បែក​បាក់​ស្នេហា​នោះ​ទេ”។ យុវតី​រូប​នេះ​យល់​ថា​​ បុរស​ៗ​មិន​គួរ​ប្រញាប់​និយាយ​ពាក្យ​ថា​ ស្រលាញ់​​ទៅ​​កាន់​នារី​ផ្សេង​ ​​នៅ​ពេល​ដែល​ស្នេហា​ចាស់​​របស់​​ខ្លួន​​នៅ​តែ​ដិត​ដាម​នៅ​ឡើយ។
រូប​តំណាង
ស្រី​មី​ ​បាន​បន្ថែម​ទៀត​ថា៖ ” បុរស​ៗ​​គួរ​តែ​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា​ តើ​គេ​នឹង​ទទួល​អ្នក​ចាស់​វិញ​​អត់​ ​បើ​​គេ​ត្រឡប់​មក​រក​ខ្លួន​វិញ ជៀស​វាង​​ធ្វើ​ឲ្យ​អ្នក​​​ក្រោយ​​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​មិន​ដឹង​អ្វី​ សោះ ខូច​ចិត្ត​តែ​ម្នាក់​ឯង​។​ ​កុំ​យក​មនោសញ្ចេតនា​ក្លែង​ក្លាយ​មក​បង្កើត​ស្នេហ៍​ថ្មី​អី​ល្អ​ជាង​”។
កុំ​យក​​គ្រឿង​ស្រវឹង​ជា​ដំណោះ​ស្រាយ
ស្រដៀង​​គ្នា​នេះ​ដែរ​​ យុវជន សៀង ចាន់ថន អាយុ​២៥ឆ្នាំ ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​​ បាន​ប្រាប់​ថា៖ “មិន​គួរ​យក​សុរា​មក​បំបាត់​ទុក្ខ​​ក្រោយ​​​បែក​គ្នា​នោះ​ទេ។ អ្នក​ខ្លះ​គេ​​នាំ​គ្នា​យក​ស្រា​​​មក​បំបាត់​ទុក​​ពេល​​ពិបាក​ចិត្ត​ដោយ​​ បញ្ហា​ស្នេហា​ តែ​ខ្ញុំ​មិន​គិត​ដូច​នេះ​ទេ”។ ចាន់ថន បាន​បន្ត​ទៀត​ថា៖ “ខ្លាច​តែ​​ស្រា​មិន​ជួយ​បំបាត់​ទុក្ខ បែរ​ជា​នាំ​ឲ្យ​មាន​ទុក្ខ​លើស​ដើម​ទេ ព្រោះ​ខ្ញុំ​​ឃើញ​មាន​មិត្ត​ភ័ក្តិ​​ម្នាក់​​ពេល​មាន​វិបត្តិ​ស្នេហ៍​ខូច​ ចិត្ត​ គិត​តែ​ដើរ​ស៊ី​ផឹក​ ចុង​ក្រោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ទៀត”។
​​មិន​ត្រូវ​ធ្វើ​ការ​សង​សឹក​
ចំណែក​ឯ​កញ្ញា​ ផាត់ និមល អាយុ​២៣ឆ្នាំ​ និស្សិត​ឆ្នាំ​ទី៤​ ជំនាញ​អក្សរ​សាស្ត្រ​អង់គ្លេស​​​​​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ​ បាន​និយាយ​ថា៖ “ខ្វះ​អី​វិធី​បំបាត់​ទុក្ខ​ក្រោយ​ពី​មាន​បញ្ហា​បែក​បាក់​ស្នេហា​ តែ​រឿង​មួយ​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​ និង​ដាស់​តឿន​នោះ​ គឺ​​មិន​ត្រូវ​ធ្វើ​ការ​សង​សឹក​ដោយ ​វិធី​ណា​មួយ​ជា​សង្សារ​​របស់​អ្នក​ទេ”។ ​និមល​បាន​បន្ត​ថា៖ “ស្នេហា​ស្ថិត​នៅ​ត្រង់​ចិត្ត​ ​បើ​សិន​ជា​​គេ​អស់​ចិត្ត​ជាមួយ​អ្នក​ហើយ​ គួរ​តែ​ឲ្យ​គេ​ទៅ​តាម​សម្រួល​ទៅ​ល្អ​ជាង ជៀស​វាង​ទៅ​រក​រឿង​ឈ្លោះ​ប្រកែក​ជាមួយ​គេ​នាំ​តែ​វែង​ឆ្ងាយ”។
​កុំ​ព្យាយាម​ចងចាំ​អនុស្សាវរីយ៍​កន្លង​មក​
ចំពោះ​យុវជន សោម គឹមសាន អាយុ​២២ឆ្នាំ ​និស្សិត​ជំនាញ​ទេសចរណ៍​​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង បាន​លើក​ឡើង​ថា៖ “សម្រាប់​ខ្ញុំ​យល់​ថា​ បើ​ជ្រុល​តែ​បែក​គ្នា​ទៅ​ហើយ​ មាន​តែ​​ព្យាយាម​​កាត់​ចិត្ត​​ពី​គេ​តែ​ប៉ុណ្ណោះ​។ ​ដើម្បី​​បំភ្លេច​គេ​បាន​ អ្នក​ដែល​បែក​បាក់​ស្នេហា​ទាំង​ឡាយ​ មិន​ត្រូវ​រំលឹក​ ឬ​ក៏​ព្យាយាម​ចងចាំ​អនុស្សាវរីយ៍​ដែល​ធ្លាប់​បាន​កសាង​ឡើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​​ គួរ​តែ​គិត​ដល់​អ្វី​ដែល​ជា​ទង្វើ​អាក្រក់​ៗ​របស់​គេ​​វិញ​ទើប​ល្អ​។ ធ្វើ​ដូចនេះ​ ​ខ្ញុំ​ជឿ​ថា​ ​អ្នក​នឹង​គ្មាន​ការ​ឈឺ​ចាប់​ដោយ​សារ​ការ​បែក​បាក់​ស្នេហា​​របស់​អ្នក​ទេ”៕
ចុះ​មិត្ត​យុវវ័យ​វិញ​ យល់​យ៉ាង​ណា​ដែរ?​

ប្រភពពីhttp://news.sabay.com.kh/articles/660500
ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ឆ្នាំ​នេះ នឹង​ត្រូវ​ប្រារព្ធ​ ធ្វើ​នៅ​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​ ដោយ​​ប្រព្រឹត្តិ​ទៅ​ ​ចាប់​ពី​​ ថ្ងៃ​ទី ​១៤​ ដល់ ​១៧​ ខែ​ឧសភា ឆ្នាំ​២០១៤​។​ នេះ​បើ​តាម​ប្រសាសន៍ ឯកឧត្ដម​ ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ដែលថ្លែង​តាម​​​រយៈ​សារ​ នៃ​​បណ្ដាញ​សង្គម​​ Facebook ។ ​ឯកឧត្ដម ក៏​បាន​បញ្ជាក់​ទៀត​ថា ថ្ងៃទី ១៤-១៦ ខែ​ឧសភា ជាពិធីរៀបចំដោយអាចារ្យ ឯច្រត់ព្រះនង្គ័លផ្លូវការ ដោយមាន ព្រះរាជ​វត្តមានព្រះមហាក្សត្រ គឺថ្ងៃ ១៧ ឧសភា។ ​ម្យ៉ាង​​​មូល​ហេតុ​​រៀប​ចំ​​​ព្រះរាជ​ពិធី​នេះ​​នៅ​ក្រុង​តាខ្មៅ​ ព្រោះ​ ចង់​ពង្រីក​ពិធី​នេះ​ទៅ​តាម​ខេត្ត ​ដើម្បី​ជំរុញ ​ទាំង​សោភ័ណភាព​ ទាំង​កិច្ច​អភិវឌ្ឍន៍​។ ព័ត៌មាន​​លំអិត​ ឯកឧត្ដម ​ឲ្យ​ទាក់​ទងទៅ​​គណៈកម្មាធិការ​រៀប​ចំ​​បុណ្យ​ជាតិ​ និង​អន្តរ​ជាតិ​។
កាល​ពី​ឆ្នាំ​មុន​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កំពង់ចាម ក្រោមព្រះ​រាជា​ធិបតី​ព្រះមហាក្សត្រ ​ព្រះបរមនាថ នរោត្តម សីហមុនី​ និង​មាន​ការ​យាង​-​អញ្ជើញ​ចូល​រួម​ពី​ឥស្សរជន  នាហ្មឺន ​មន្ត្រី ​អ្នក​ ​មុខ​អ្នក​ការ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​ប្រជារាស្ត្រ​ និង​សិស្សា នុសិស្ស​យ៉ាង​ ច្រើន​កុះករ។
ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ ជា​រៀងរាល់​ឆ្នាំ​​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ ​នៅ​​ខែ​ពិសាខ​ និង​ជា​​ព្រះរាជ​ពិធី​ប្រពៃណី​​ពី​បរម​បុរាណ​មក ​ដើម្បី​ជា​ការ​ប្រកាស​ឲ្យ ​ប្រជា​កសិករ​ដឹង​ថា ចប់​ខែ​ក្តៅ​ចូល​ខែ​វស្សា ​ដល់​ពេល​ចាប់​ផ្ដើម​ដាំ​ស្រូវ​ធ្វើ​ស្រែ​សម្រាប់​ ឆ្នាំ​ថ្មី​ទៀត​ហើយ ។​ ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ដែល​ជា​ពិធី​មួយ​របស់​ព្រាហ្មណ៍​នៅ​ ជម្ពូទ្វីព ឬ​ប្រទេស​ឥណ្ឌា ​សព្វថ្ងៃ​នេះ​នៅ​ឥណ្ឌា​ ក្នុង​​រដ្ឋ​ខ្លះ​ ​ដូច​ជា​រដ្ឋ​អូរិស្សា ឬ​មហា​រ៉ាស្រ្តា​ក៏​នៅ​មាន​ប្រារព្ធ​ធ្វើ​នៅ​ឡើយ គេ​ហៅ​ថា​បុណ្យ​ព្រះធរណី។​ នេះ​បើ​ផ្អែក​តាម​ឯកសារ​មួយ​ចំនួន។

Wednesday, March 12, 2014

ប្រភពពីhttp://news.sabay.com.kh/articles/658049
អ្នក​ធ្លាប់​ស្រមៃ​ដែរ​ឬ​ទេ បើ​​ហៅ​ទូរសព្ទ​​​ចេញ​ដោយ​មិន​អស់​លុយ​រហូត ពិត​ជា​អស្ចារ្យ​យ៉ាង​ណា​ដែរ?
ឥលូវ​នេះ អច្ឆរិយ​កំពុង​កើត​មាន​នៅ​ឥណ្ឌា​ហើយ ដោយ​​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​​បំផុត​លើ​លោក​លំដាប់​ទីពីរ​នេះ​​​​បាន​ បង្កើត​ភាព​អស្ចារ្យ​នេះ​ឲ្យ​កើត​មាន​ឡើង ពោល​គឺ​ខល​ចេញ​ដោយ​មិន​អស់​លុយ និង​មិន​បាច់​ភ្ជាប់​អ៊ីនធឺណិត​ទេ។
បច្ចុប្បន្ន អ្នក​អាច​ខល ឬ​ជជែក​ដោយ​មិន​អស់​លុយ​​ដោយ​ប្រើ​កម្មវិធី Skype, Viber និង​កម្មវិធី​ផ្សេងៗ​ទៀត ប៉ុន្តែ​ទាល់​តែ​មាន​អ៊ីនធឺណិត។ ដោយ​ឡែក​​​បុរស​​ឥណ្ឌា ៤​ នាក់​គឺ Yashas Shekar អាយុ ២៣ ឆ្នាំ (CEO), Sandesh E, Vijay Umaluti និង Sabari Jagadeesan នៅ​ទីក្រុង Bangalore រដ្ឋKarnataka ប្រទេស​ឥណ្ឌា បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​ឈ្មោះ Freekall ដែល​អ្នក​អាច​ឲ្យ​អ្នក​ខល​ចេញ​ដោយ​មិន​អស់​លុយ ហើយ​មិន​បាច់​ប្រើ​អ៊ីនធឺណិត​ទៀត។
នៅ​ក្នុង​សេវាកម្ម​ឌីហ្សាញ​ឡើង​សម្រាប់​ប្រជាជន​ឥណ្ឌា​រាប់​រយ​លាន​នាក់​ដែល​គ្មាន​អ៊ីនធឺណិត​ប្រើប្រាស់ Freekall គឺ ​ប្រើប្រាស់​ឥទ្ធិពល​ផ្សាយ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ‘cloud telephony’ របស់​ក្រុមហ៊ុន​អ្នក​​ទាំង ៤ នាក់​ ដែល​បង្កើត​កម្មវិធី​នោះ។
អ្នក​ខល​ទាំង​អស់​ត្រូវ​ស៊ីញ៉ូ (missed call) ទៅ​កាន់​លេខ​របស់ Freekall សិន។ បន្ទាប់​មក server របស់​ក្រុមហ៊ុន​នឹង​ខល​ត្រឡប់​មក​វិញ ហើយ​អ្នក​ខល​អាច​វាយ​លេខ​របស់​មនុស្ស​ដែល​ខ្លួន​ចង់​ខល​ទៅ ប៉ុន្តែ​អ្នក​ខល​ត្រូវ​ស្ដាប់​គេ​ផ្សាយ​ពាណិជ្ជកម្ម​រៀង​រាល់ ២ នាទី​ម្ដង។
អាន​អត្ថបទ៖ កំហុស ៩យ៉ាង​ដែល​អ្នក​ប្រើ iPhone តែង​​ធ្វើ​​រាល់​ថ្ងៃ​​មិន​ចាប់​អារម្មណ៍​ទាល់​តែ​សោះ
សេវាកម្ម​នេះ​ត្រូវ​បាន​សាកល្បង​ដោយ​ជោគជ័យ​រួច​រាល់​ហើយ ដោយ​មាន​មនុស្ស​ខល ៦០០.០០០ ខល​ក្នុង​រយៈពេល ៥ ថ្ងៃ។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន ហើយ​ត្រូវ​បន្ត​ឡើង​វិញ​នៅ​ខែ​ក្រោយ​នេះ។ ក្រុមហ៊ុន​កំពុង​ចរចា​ជា​មួយ​ក្រុមហ៊ុន​រួម​ទុន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ នេះ។
Freekall គ្រោង​នឹង​ផ្ដល់​ការ​ខល​ចេញ​ ១ លាន​ខល​ក្នុង​មួយ​ថ្ងៃ និង​មាន​គោល​ដៅ​រក​ចំណូល​ឲ្យ​បាន​ជាង ៣០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ដំបូង​តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម។
កាល​ពី​ជាង​១​ឆ្នាំ​មុន Shekar និង​មិត្ត​រួម​ថ្នាក់ Sandesh E បាន​ឈប់​ធ្វើ​ការ​ឲ្យ​គេ ហើយ​មក​បង្កើត​ក្រុមហ៊ុន​តូច​មួយ​ដែល​បង្កើត web-based applications សម្រាប់​ក្រុមហ៊ុន​តូចៗ។ បន្ទាប់​មក​មិត្តភ័ក្ដិ​ម្នាក់​ទៀត Vijay Umaluti បាន​ចូល​រួម និង​ផ្ដោត​លើ​បច្ចេកវិទ្យា cloud telephony ដែល​ទីបំផុត​ពួកគេ​នាំ​គ្នា​បង្កើត Freekall។ ចុង​ក្រោយ Sabari Jagadeesan ដែល​ធ្លាប់​ជួយ​ពួកគេ​ផ្នែក​សរសេរ​កម្មវិធី​នៅ​ចុង​សប្ដាហ៍​នោះ បាន​ឈប់​ពី​ការងារ​មក​ចូល​រួម​ជា​មួយ​ពួកគេ។
កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ អ្នក​​ទាំង ៤ នាក់​នេះ​ធ្លាប់​ទទួល​បាន​មូលនិធិ​ជាង ១៦០០០ ដុល្លារ​ពី​លោក Ranjit Cherickel អតីត​ប្រធាន​ផ្នែក​លក់​របស់ Nokia Siemens នៅ​អាហ្វ្រិក។
ការ​ដោក់​ឲ្យ​ដំណើរការ​កម្មវិធី​​និយាយ​ឆ្លើយឆ្លង​មិន​អស់​ប្រាក់​នេះ ​បច្ចុប្បន្ន មនុស្ស​ទាំង ៤ នាក់​នេះ ត្រូវ​ប្រជាជន​ឥណ្ឌា​គោរព​ស្រលាញ់​យ៉ាង​ខ្លាំង ដោយ​សារ​គំនិត​ច្នៃ​ប្រឌិត​នេះ៕
ប្រែ​សម្រួល៖ សុផាត
ប្រភពពីhttp://news.sabay.com.kh/articles/637928
ប្រិយ​មិត្ត​​អ្នក​អាន​​នឹង​​មាន​​​​ចម្ងល់​ ​ចំពោះ​​យុវជន​ម្នាក់​ ដែល​មាន​សមត្ថភាព​ ក្ដោប​បាន​​​​អាហារូបករណ៍​​ទៅ​​សិក្សា​​នៅ​បរទេស​​រហូត​ដល់​ទៅ​ ៣​ ប្រទេស​ បែរ​ជា​​ទម្លាក់​​ចោល ​ហើយ​សុខ​ចិត្ត​​​​​ជ្រើស​រើស​យក​​​សិក្សា​​​បង់​ថ្លៃ​​​មហាវិទ្យាល័យ​ក្នុង ​ស្រុក​ទៅ​វិញ​។
យុវជន​ម្នាក់​នេះ​មាន​​ឈ្មោះ​​ ម៉ី​ គឹមហេង​ វ័យ​ ២៣​ ឆ្នាំ​​ បច្ចុប្បន្ន​​ជា​និស្សិត​រៀន​​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។ ជា​និស្សិត​ឆ្នើម​​​តាំង​ពី​បឋម​មក​ ​​​​​​ គឹមហេង​ ​ក្រោយ​ប្រលង​​មធ្យម​​សិក្សា ទុតិយភូមិ​ឆ្នាំ​២០១១​ ​​បាន​ជាប់​​​និទ្ទេស​​​ B។​ ប៉ុន្តែ​សម្រាប់​យុវជន​ម្នាក់​នេះ​ ​ចាត់​ទុក​ថា លទ្ធផល​​  ដែល​ទទួល​បាន​នេះ​​​​ភាព​បរាជ័យ​ទៅវិញ ​ដោយ​បំណង​ប្រាថ្នា​​ធំ​ចង់​បាន​​និទ្ទេស A ​និង​ជាប់​ពាន​រង្វាន់​​មេដាយ​​មាស​សិស្ស​​ពូកែ​​គណិតវិទ្យា អន្តរ​ជាតិ​​​(International Mathematics Olympiad )​។
“ពេល​ចេញ​លទ្ធ​ផល​បាក់​ឌុប​ភ្លាម ខ្ញុំ​បាក់​ទឹក​ចិត្ត​​​លែង​ចង់​រៀន​អី​ទាំង​អស់​ ព្រោះ​ ក្នុង​​ពេល​តែ​​មួយ​ ខ្ញុំ​ទទួល​បរាជ័យ​ ពីរ​លើក​​​​។ ប៉ុន្តែ​បាន​ប៉ា​ម៉ាក់​ជួយ​លើក​ទឹក​ចិត្ត​ ក៏​ខិត​ខំ​ប្រឹង​ប្រែង​ឡើង​វិញ”។ គឹម​ហេង​ បន្ថែម។

មិន​បាន​និទ្ទេស​ A ក៏​ពិត​មែន​ តែ​ គឹម​ហេង​ មាន​ឈ្មោះ​​ជាប់​អាហារូបករណ៍​ នៅ​មហាវិទ្យាល័យ​រដ្ឋ​ និង​ឯក​ជន​ចំនួន​ ៣ មហាវិទ្យាល័យ​ផ្សេង​ទៀត​។
ប៉ុន្តែ​ដោយ​សារ​​បំណង​ប្រាថ្នា ឪពុក​ម្ដាយ​ គឹម​ហេង​ ស្រលាញ់​មុខ​វិជ្ជា​ពេទ្យ​ក៏​សម្រេច​ឲ្យ​​បង់​លុយ​​រៀន​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល​តែ​ម្តង។​
គឹម​ហេង​ បាន​រៀប​រាប់​ថា ​៖ “ពេល​នោះ​ខ្ញុំ​ជាប់​អាហារូបករណ៍​នៅ​សាកល វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ សាកលវិទ្យាល័យ​ស្សាម៉ាន​ និង​សាកលវិទ្យាល័យ​មេគង្គ​ កម្ពុជា ​ដែល​ភាគ​ច្រើន​គឺ​ ទាក់​ទង​នឹង​ផ្នែក​ពាណិជ្ជកម្ម​  តែ​ចុង​ក្រោយ​ក៏​សម្រេច​ចិត្ត​បង់​​លុយ​រៀន​នៅ​សាលា​ក្រហម​ ព្រោះ​ប៉ាម៉ាក់​គាត់​ស្រលាញ់​ជំនាញ​ពេទ្យ​​”។
​​​​ទោះ​ជា​​កំពុង​ស្ថិត​នៅ​ ក្នុង​ដំណាក់​កាល​ឈាន​ទៅ​​សម្រេច​បំណង​ប្រាថ្នា ​របស់​​ ឪពុក​ម្ដាយ​ និង​​ខ្លួន​ឯង​យ៉ាង​ណា​ គឹមហេង​ បាន​ឆ្លៀត​​ដាក់​ពាក្យ​ប្រលង​​យក​អាហារូបករណ៍​នៅ​បរទេស​ ​​ដើម្បី​​ចង់​សាក​ល្បង​​លើ​​សមត្ថភាព​ផ្ទាល់​ខ្លួន។ ​ម្យ៉ាង​​​ក៏​​ចង់​រំលឹក​​ឡើង​វិញ​​​​ ​នូវ​គណិតវិទ្យា​​ ដែល​​បាន​បោះ​បង់​ជាង​​ ១​ឆ្នាំ​មក​ហើយ​នោះ​។
“​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់ បាន​ជាប់​អាហារូបករណ៍​ផ្នែក​វេជ្ជសាស្ត្រ ​រៀន​នៅ​ប្រទេស​វៀតណាម​​ ។​ ខ្ញុំ​ក៏​​បាន​ដាក់​ប្រលង​ទៅ​ប្រទេស​វៀតណាម​ដែរ​ ប៉ុន្តែ​​គោល​បំណង​គឺ​ ដើម្បី​តេស្ត​​សមត្ថភាព ហើយ​បំណង​ពិត​ប្រាកដ​​គឺ​ចង់​ទៅ​រៀន​​នៅ​ប្រទេស​​ចិន​។​ ក្រោយ​មក​​​ខ្ញុំ​បាន​ប្រលង​ជាប់​​អាហារូបករណ៍​​នៅ​ចិន​ និង​ថៃ​ ​ ​ផ្នែក​វេជ្ជសាស្ត្រ​​ដូច​គ្នា​ ​និង​នៅ​សិង្ហ​​បុរី​ នៅ​​សម្ភាស​២​ តង់​ទៀត​ទើប​អាច​​ដឹង​លទ្ធផល​។​​​​ ខ្ញុំ​​រីក​រាយ​មែន​ទែន​​ នឹង​លទ្ធ​ផល​នេះ​។ ប៉ុន្តែ​ក៏​មាន​អារម្មណ៍​​សោកស្ដាយ​មិន​​ធម្មតា​ដែរ​​ ព្រោះ​សម្រេច​អត់​ទៅ​រៀនវិញ​​​ ដោយ​សារ​ថា​ បើ​ទៅ​រៀន​​នៅ​​ស្រុក​គេ​​ត្រូវ​ខាត​ឆ្នាំ។​ ខ្ញុំ​រៀន​ដល់​ឆ្នាំ​ទី៣​ ទៅ​ហើយ​។​ ម្យ៉ាង​បច្ចុប្បន្ន​ ​ប៉ាម៉ាក់​ក៏​អត់​ចង់​ឲ្យ​ទៅ​រៀន​​ឆ្ងាយ​ដែរ​​​​”។
គឹម​ហេង​ ដែល​​ឪពុក​ម្ដាយ​​ជា​អាជីវករ​លក់​ដូរ​​នៅ​​ភ្នំពេញ​ បាន​រ៉ាប់​រង​លើ​​​ថ្លៃ​សិក្សា​​​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​​នោះ​បាន​​​បញ្ជាក់​ថា​ ក្នុង​មួយ​ឆ្នាំ​​ចំណាយ​មិន​ក្រោម ៣០០០ ពាន់​ដុល្លារ​នោះ​ទេ។ គឹម​ហេង​ មាន​​បំណង​ចាប់​យក​​ជំនាញ​ផ្នែក​​​រោគ​កុមារ​ ព្រោះ​អ្នក​មាន​​គុណ​ទាំង​ពីរ​ស្រលាញ់​មុខ​ជំនាញ​នេះ។​ ម្យ៉ាង​គោល​បំណង​ធំ​មួយ​ទៀត​​ គឺ​ចង់​បើក​គ្លីនិក​​ផ្នែក​កុមារ​​មួយ​​ផង​ដែរ។​
​គឹម​ហេង​ នឹង​​មិន​​បោះ​​បង់​បំណង​ប្រាថ្នា​​ប្រលង​​អាហារូបករណ៍​ទៅ​បរ​ទេស​ត្រឹ​ម​ នេះ​ទេ។ នៅ​បួន​ទៅប្រាំ​ឆ្នាំ​ខាង​មុខ​​ គឹម​ហេង​ នឹង​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ជា​ថ្មី​ ទៅប៉ែក​អឺរ៉ុប​វិញ​ម្តង​ ​ក្រោយ​រៀន​ចប់​ផ្នែក​វេជ្ជសាស្រ្ត​ ដោយ​រំពឹង​ថា​ ពេល​នោះ​អាហារូបករណ៍​ នឹង​ធ្លាក់​មក​​​ច្រើន​​ និង​មិនចំណាយ​ពេល​​ច្រើន​ឆ្នាំ​សិក្សា​ទៀត​ផង​​។​ “បច្ចុប្បន្ន​ ខ្ញុំ​គិត​​តែ​ម្យ៉ាង​គឺ​ខំ​រៀន​​​​ផ្នែក​ពេទ្យ​​ និង​ឆ្លៀត​ពេល​ចុះ​ស្តា​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​។​ ក្រោយ​​រៀន​​ចប់​ ទើប​ខ្ញុំ​សម្លឹង​រក​​អាហារូបករណ៍​​ នៅ​ប៉ែក​អឺរ៉ុប​ ព្រោះ​នៅ​អឺរ៉ុប​ ក៏​ខ្លាំង​ផ្នែក​​វេជ្ជសាស្ត្រ​នេះ​ដែរ”។ គឺម​ហេង​ បន្ថែម​។
យ៉ាង​​ណា​ក៏​ដោយ​​បទ​ពិសោធន៍​ ​​បរាជ័យ​កន្លង​មក​​​​បាន​​​​ធ្វើ​​ឲ្យ​ គឹម​ហេង​ មើល​ឃើញ​ចំណុច​ខ្វះ​ខាត​ជាច្រើន​ ក្នុង​នោះ​​រាប់​បញ្ចូល​​ទាំង​​​ ការ​ទុក​ចិត្តពេក​​លើ​ខ្លួន​ឯង​ ការ​​ប្រឹង​រៀន​​តែ​មុខ​វិជ្ជា​ពិត​​ មុខ​​វិជ្ជា​ដទៃ​​​គិត​ថា ​មិន​សំខាន់​ ការ​រៀន​តែ​ម្នាក់​ឯង​​មិន​សូវ​ទទួល​យក​​មតិ​យោបល់​អ្នក​ផ្សេង​​ជាដើម​។ គឹម​ហេង​ ចាប់​ផ្ដើម​​ចេះ​ដាក់​ខ្លួន​ ដើម្បី​ស្វែង​យល់​​ពី​ខ្លួន​ឯង​ និង​ការ​កំណត់​គោល​ដៅ​មួយ​ច្បាស់​លាស់​ថា​ ​ខ្លួន​ឯង​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​។ បើ​តាម​គឹម​ហេង​ អ្នក​​​ពូកែ ​ចេះ​​ចាប់​យក​ឱកាស​ នឹង​ទទួល​បាន​ជោគជ័យ​ ផ្ទុយ​ទៅ​​វិញ​បើ​អ្នក​​ពូកែ​ តែ​មិន​ចេះ​ចាប់​យក​​ឱកាស​ ទទួល​បាន​ជោគជ័យ​ក៏តិច​តួច​ដែរ។​​​​
​ គឹមហេង​ បាន​ផ្តាំ​ផ្ញើ​ទៅ​យុវវ័យ​ទាំង​អស់​​ថា បើ​ចង់​​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​បរទេស​ ទាំង​អស់​គ្នា​គួរ​សិក្សា​ពី​ប្រភេទ​អាហារូបករណ៍​ ការ​ប្រឹង​ប្រែង​សិក្សា​លើ​មុខ​វិជ្ជា​គណិត ទាំង​រៀន​គួរ​ជា​មួយ​គ្រួ​ល្អ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​​លំហាត់​ដោយ​ខ្លួន​ឯង។​​ ​មិន​ត្រឹម​ប៉ុណ្ណឹង​ ភាសា​អង់គ្លេស​​​ក៏សំខាន់ផង​ដែរ ព្រោះ​ភាសា​អង់គ្លេស​ គឺ​ជា​មូលដ្ឋានគ្រឹះ​ ក្នុង​​ការ​ទំនាក់​ទំនង និង​ដើម្បី​​បន្ត​​ការ​សិក្សា​នៅ​បរទេស​​៕
អត្ថបទ៖មៃ សុខលីម
ប្រភពពី http://news.sabay.com.kh/articles/632761
វ័យ​ត្រឹម​២៣​ឆ្នាំ​សោះ​ យុវតី​ គុយ​ ដារ៉ា​នីតា​ អតីត​និស្សិត​គ្រប់​គ្រង​ពាណិជ្ជកម្ម​ ឆក់​បាន​ឱកាស​ទៅ​សិក្សា​រហូត​ដល់​សហរដ្ឋ​អាមេរិក​ រួច​បន្ត​ទៅ​​បារាំង​ និង​ចុង​ក្រោយ​នេះ​ នាង​បាន​ជាប់​​អាហារូបករណ៍​ ថ្នាក់​អនុបណ្ឌិត​ទៅ​រៀន​នៅ​​​ប្រទេស​កូរ៉េ​ទៀត។ តើ​យុវតី​ខ្មែរ​រូប​នេះ​មាន​ប្រ​វត្តិ​​សិក្សា​យ៉ាង​ណា​ ទើប​អាច​ចាប់​បាន​ឱកាស​ដ៏​កម្រ​នេះ?
គុយ ដារ៉ា នីតា និស្សិត គ្រប់ គ្រង ពាណិជ្ជកម្ម
នៅ​ឆ្នាំ​២០១១​ នីតា​ អតីត​និស្សិត​វិទ្យាស្ថាន​ភាសា​បរទេស​ (IFL) និង​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ ​បាន​ដាក់​ពាក្យ​ប្រឡង​ប្រជែង​ក្នុង​កម្មវិធី  National SME Competition​ ដែល​ស្ថិត​ក្រោម​ Mickency Mekong Business Competition​ របស់​សហរដ្ឋ​អាមេរិក។ យុវតី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​នោះ​បើក​ទូលាយ​ឲ្យ​និស្សិត​សិក្សា​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​ ទាំង​អស់​ចូល​រួម​ប្រកួត​ប្រជែង។ ប៉ុន្តែ​ចុង​ក្រោយ​ មាន​តែ​និស្សិត​ចំនួន​១៣​រូប​ ប៉ុណ្ណោះ​ ក្នុង​នោះ​មាន​កញ្ញា​ផង​ បាន​ជាប់​ទៅ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​រយៈពេល​២​សប្ដាហ៍​ អំឡុង​ខែ​សីហា​ ក្នុង​ឆ្នាំ​នោះ​ នៅ​សហរដ្ឋ​អាមេរិក។
នីតា​ រៀប​រាប់​ថា៖ “យើង​ទៅ​ទី​ក្រុង ​San Francisco​ សហរដ្ឋអាមេរិក​ ទៅ​ទទួល​យក​បទ​ពិសោធន៍​ ពី​ក្រុម​ហ៊ុន​ចំនួន​៧​ ដែល​ធ្វើ​វិនិយោគ​រក​ស៊ី​ដោយ​ផ្ដោត​សំខាន់​លើ​បរិស្ថាន ​ដែល​គេ​ហៅ​ថា​ Green Environment Business។ បន្ទាប់​មក​ យើង​មាន​ទស្សនកិច្ច​សិក្សា​ពីរ​ទៀត​ គឺ​នៅ​សាលា​ Stanford University​ និង Berkeley College”។
នីតា ​បាន​កត់​សម្គាល់​ឃើញ​ថា ​ក្នុង​ការ​បើក​របរ​អាជីវកម្ម​នីមួយៗ​ឯ​ប្រទេស​គេ​ គេ​កំណត់​យក​ការ​គិត​គូរ​ពី​បរិស្ថាន​ និង​សុខភាព​របស់​អ្នក​ប្រើ​ប្រាស់​ជា​ចម្បង។ “គេ​គិត​យ៉ាង​ម៉េច​ឲ្យ​វា​ប៉ះពាល់​បរិស្ថាន​តិច​បំផុត​ តែ​​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ ចំណែក​រឿង​ចំណេញ​ខាង​លុយ​ គេ​មិន​សូវ​គិត​ជា​សំខាន់​ទេ។ នេះ​វា​ផ្ទុយ​ពី​ជំនួញ​ក្នុង​​ស្រុក​ខ្មែរ​ ដែល​គិត​ពី​រឿង​លុយ​មុន​គេ”។ នីតា​ បន្ថែម​ដូច​នេះ។
មួយ​ឆ្នាំ​ក្រោយ​មក​ នី​តា​ទទួល​បាន​ឱកាស​ល្អ​មួយ​ទៀត​ ដោយ​ទៅ​ទទួល​យក​បទ​ពិសោធន៍​ផ្នែក​ជំនួញ​ ពី​កម្មវិធី​ ICN-International Exchange Program​ ឯ​សាលា​ ICN Business School​ នៅ​​ប្រទេស​បារាំង​ រយៈ​ពេល​១​ឆ្នាំ​ពេញ​តែ​ម្ដង។
ការ​សិក្សា​រយៈ​ពេល​១​ឆ្នាំ​នោះ​ ​តម្រូវ​ឲ្យ​យុវតី​វ័យ​ក្មេង​របស់​កម្ពុជា​ត្រូវ​សិក្សា​រហូត​ដល់​៣០​ មុខវិជ្ជា​ឯណោះ។ “ខ្ញុំ​រៀន​ជា​មួយ​និស្សិត​​បរទេស​មក​ពី​២០​ប្រទេស​ផ្សេង​ៗ​គ្នា​ ហើយ​រៀន​ជា​ភាសា​អង់គ្លេស។ ពេល​ទៅ​រៀន​ដំបូង​ៗ​ និស្សិត​អឺរ៉ុប​ដូច​ជា​មិន​សូវ​ឲ្យ​តម្លៃ​សិស្ស​អាស៊ី​ទេ។ គេ​គិត​ថា ​​ពួក​គេ​មាន​ និង​មក​ពី​ប្រទេស​ជឿន​លឿន។ ហើយ​គេ​គិត​ថា​ យើង​ប្រហែល​ជា​រៀន​ខ្សោយ​ផង​ ប៉ុន្តែ​វា​ខុស​ស្រឡះ។​ ពេល​ឃើញ​ពួក​យើង​រៀន​​ពូកែ​ បាន​ពិន្ទុ​ល្អ​ ទើប​បែរ​មក​ស្និទ្ធស្នាល​បន្តិច”។
កម្មវិធី​សិក្សា​នៅ​ប្រទេស​បារាំង​ក៏​តម្រូវ​ឲ្យ​និស្សិត​រៀប​ចំ​គម្រោង​ អាជីវកម្ម​ដែរ។​ នីតា​ ដែល​ធ្លាប់​ទទួល​បាន​ចំណេះ​ដឹង​យ៉ាង​ច្រើន​ពី​សហរដ្ឋ​អាមេរិក​ ចាប់​ដៃ​គូ​ជាមួយ​​​និស្សិត​ខ្មែរ​ម្នាក់​ទៀត ​​​រៀប​ចំ​គម្រោង​អាជីវកម្ម​របស់​ខ្លួន​ ស្ដី​ពី​សេវាកម្ម​ស៊ីក្លូ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដែល​ជា​​គំនិត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។
និស្សិត​វ័យ​ក្មេង​រូប​នេះ​បាន​បញ្ជាក់​ថា៖ “គម្រោង​អាជីវកម្ម​នោះ​កំណត់​ឲ្យ​ធ្វើ​ជា​ក្រុម។ និស្សិត​​ពី​ប្រទេស​ផ្សេងៗ​ក៏​ចាប់​អារម្មណ៍​ដែរ​ ព្រោះ​មើល​ទៅ ​វា​ថ្មី។ ប្រទេស​គេ​អត់​មាន​ ហើយ​ម្យ៉ាង​វា​ទាក់​ទង​នឹង​ការ​ការពារ​បរិស្ថាន​ដែរ​ អីចឹង​គេ​ចូល​ចិត្ត​​ ហើយ​គ្រូ​ក៏​គាត់​ចូល​ចិត្ត​​ដែរ”។
ក្រៅ​ពី​នោះ និស្សិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​រូប ​នេះ​បន្ត​ទៀត​ថា​ វា​ជា​ឱកាស​មួយ​ឆ្លៀត​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​ផ្សារ​ភ្ជាប់​នឹង​ទេសចរណ៍​នៅ ​ទីក្រុង​ភ្នំពេញ​ផង។ គម្រោង​នោះ​បាន​លើក​​យក​ពី​ចំណុច​ពិសេសៗ​ដូច​ជា​ ការ​ធ្វើ​ដំណើរ​តាម​ស៊ីក្លូ​ អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទទួល​បាន​បទ​ពិសោធន៍​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ មជ្ឈដ្ឋាន​ជុំវិញ​ ទទួល​យក​ខ្យល់​អាកាស​ធម្មជាតិ​ និង​ចូល​រួម​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ផង។
យ៉ាង​ណា​មិញ​ អំឡុង​ពេល​សិក្សា​នៅ​ប្រទេស​បារាំង​ នីតា ​ឆ្លៀត​ស្រវា​ចាប់​យក​ឱកាស​ទទួល​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ Business Administration។ “ម្នាក់ៗ​ ជាពិសេស​សិស្ស​ ​និស្សិត​ ត្រូវ​ចេះ​សម្លឹង​មើល​ឱកាស​ ព្រោះ​ឱកាស​ទទួល​បាន​អាហារូបករណ៍​មាន​ច្រើន​ណាស់។ តាម​ពិត ​ខ្ញុំ​សម្រេច​ដាក់​អាហារូបករណ៍​ទៅ​រៀន​នៅ​កូរ៉េ​វិញ​ ក៏​ព្រោះ​តែ​វប្បធម៌​របស់​ពួក​អឺរ៉ុប​ពិបាក​នឹង​សម្រប​ខ្លួន​ពេក។ មក​អាស៊ី​វិញ​ ទាំង​វប្បធម៌ ​និង​អាកាសធាតុ​វា​ប្រហាក់​ប្រហែល​គ្នា​ ហើយ​ប្រព័ន្ធ​សិក្សា​នៅ​អាស៊ី​មិន​ចាញ់​អឺរ៉ុប​ប៉ុន្មាន​ទេ”។
នីតា​ នឹង​ចាប់​ផ្ដើម​ចូល​រៀន​ថ្នាក់​អនុ​បណ្ឌិត​របស់​ខ្លួន​ នៅ​សាកល​វិទ្យាល័យ​ Sookmyung Women’s University​ នា​ទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៅ​ខែ​សីហា​ខាង​មុខ​នេះ។
ចុង​ក្រោយ​​ នីតា​ បាន​លើក​ឡើង​​ថា ​កូន​ខ្មែរ​ក៏​មាន​គំនិត​ផ្នែក​ពាណិជ្ជកម្ម​ មិន​ចាញ់​បរទេស​ប៉ុន្មាន​ទេ។ ក៏​ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​គំនិត​ ពាណិជ្ជកម្ម​វ័យ​ក្មេង​ទាំង​នោះ​រារែក​​ នោះ​គឺ​ការ​មិន​ហ៊ាន​ប្រថុយ​ និង​ការ​ប្រកួត​ប្រជែង​ប្រជាប្រិយភាព។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នីតា ​គាំ​ទ្រ​ឲ្យ​យុវជន​ខ្មែរ​ចេះ​បង្កើត​នូវ​គំនិត​ពាណិជ្ជកម្ម​ផ្សេង​ៗ​ ទោះ​ចាប់​ពី​កម្រិត​តូច​ ឬ​សាកល្បង​ក៏ដោយ​ ដើម្បី​បណ្ដុះ​នូវ​គំនិត​ប្រកួត​ប្រជែង​ ព្រោះ​នា​ពេល​ខាង​មុខ ​សមាហរណកម្ម​អាស៊ាន​នឹង​ចូល​មក​ដល់​ ​ការ​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​នឹង​ក្លាយ​ជា​បញ្ហា​ដែល​យុវជន​កម្ពុជា​ត្រូវ​ប្រឈម៕
អត្ថបទ៖ ផល្លា​ សុម៉ាលីណា
ប្រភពពីhttp://news.sabay.com.kh/articles/643415
សម្បុរ​ស​ រាង​តូច​ច្រឡឹង​ សក់​ស្លូត​ សម្ដី​រួសរាយ​រាក់ទាក់​ យុវតី​ ផៃ​ ធីតា​ អាយុ​ទើប​តែ​២៣​ឆ្នាំ​ មិន​ត្រឹម​តែ​​ជា​និស្សិត​យក​បាន​អាហារូបករណ៍​ នៅ​សាកល​វិទ្យាល័យ​បី​ ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ កញ្ញា​ថែម​ទាំង​ឆក់​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​អភិវឌ្ឍ​បី​ផ្សេង​ទៀត ​​ មាន​អាមេរិក​ កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ផង​ដែរ។
នៅ​ឆ្នាំ​២០០៩​ យុវតី​រូប​នេះ​បាន​បាន​ជាប់​អាហារូបករណ៍​បី​ក្នុង​ពេល​តែ​មួយ​ គឺ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ សាកល​វិទ្យាល័យ​កម្ពុជា​ និង​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត។ ប៉ុន្តែ​និស្សិត​រូប​នេះ​បាន​ទម្លាក់​អាហារូបករណ៍​ពីរ​ចោល​វិញ​ នៅ​ឆ្នាំ​ទី​មួយ​ ឬ​ទី​ពីរ​ លើក​លែង​តែ​អាហារូបករណ៍​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នោះ​ យុវតី​រូប​នេះ​បែរ​ជា​ឆក់​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ក្រៅ​ស្រុក​មួយ​ឆមាសៗ​ ​ រាល់​ឆ្នាំ​នីមួយៗ។
យុវតី​ ផៃ​ ធីតា ពេល​កំពុង​​​រៀន​នៅ​​ក្រៅ​​ប្រទេស
ការ​ឆក់​បាន​អាហារូបករណ៍​​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ ត្រូវ​បាន​យុវតី​រូប​នេះ​ បង្ហើប​ឲ្យ​ដឹង​ថា៖ “ដោយសារ​ឱកាស​កើត​ឡើង​ចំ​ពេល​ល្អ។ ណាមួយ​ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ដើម្បី​ចាប់​យក​អាហារូបករណ៍​ហ្នឹង​ផង។ ធម្មតា​បើ​អាហារូបករណ៍​ហ្នឹង​ធ្លាក់​មក​ បើ​យើង​ត្រៀម​ខ្លួន​អត់​ទាន់​ ក៏​ចាប់​អត់​បាន​ឱកាស​ហ្នឹង​ដែរ។ មួយ​ថ្ងៃ​ៗ​ ខ្ញុំ​ក៏​បាន​បង្កើន​សមត្ថភាព​ខ្លួន​ឯង​ផង​ ហើយ​យើង​ត្រូវ​ដឹង​ថា​ ពេល​ណា​អាហារូបករណ៍​នោះ​ធ្លាក់​មក”។
ការ​ត្រៀម​ខ្លួន​ដើម្បី​ចាប់​យក​អាហារូបករណ៍​នេះ​ គឺ​ត្រូវ​មាន​កម្រិត​ការសិក្សា​នៅ​ថ្នាក់​ឧត្ដម​​ល្អ​ (GPA)​ ចេះ​សរសេរ​សេចក្ដី​ថ្លែងការណ៍​ (Personal Statement), ​គម្រោង​សិក្សា​ (Study Plan), និង​ដឹង​ពី​សំនួរ​ភាគ​ច្រើន​ ដែល​គណៈកម្មការ​អាច​សួរ​ពេល​សម្ភាសន៍។
ប៉ុន្តែ​មុន​នឹង​ជាប់​អាហារូបករណ៍​មួយ​ឆមាស​​ម្ដង​ៗ​ យុវតី​រូប​នេះ​ក៏​ធ្លាប់​បរាជ័យ​ដែរ។ ពេល​កំពុង​រៀន​នៅ​ឆ្នាំ​ទី​មួយ​ ធីតា​បាន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ទៅ​រៀន​នៅ​អាមេរិក​ ប៉ុន្តែ​ត្រូវ​បរាជ័យ។ ប៉ុន្តែ​ការ​បរាជ័យ​លើក​ដំបូង​នេះ​បែរ​ជា​ផ្ដល់​​ឲ្យ​យុវតី​រូប​នេះ​នូវ​ ចំណេះ​ដឹង​ និង​ការ​ពង្រឹង​ខ្លួន​ឯង​យ៉ាង​ខ្លាំងក្លា​ទៅ​វិញ។
ធីតា​ រៀប​រាប់​ថា៖ “ពេល​ដាក់​អាហារូបករណ៍​ដំបូង​ អ្នក​រាល់​គ្នា​បាន​រំពឹង​ថា ​ខ្ញុំ​នឹង​ជាប់​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ ខ្ញុំ​បាន​បរាជ័យ។ ខ្ញុំ​ខូច​ចិត្ត​មែន​ទែន! បទ​ពិសោធន៍​បរាជ័យ​ឆ្នាំ​ទី​មួយ ​ធ្វើ​ឲ្យ​ខ្ញុំ​ធំ​ដឹង​ក្ដី។ ក្រោយ​ពី​ការ​បរាជ័យ​នោះ​ ខ្ញុំ​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ពេញ​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​ ទាំង​ចំណេះ​ដឹង​ និង​ជំនាញ​ផ្សេង​ៗ”។
រាល់​ថ្ងៃ​ យុវតី​វ័យ​ក្មេង​ រូប​នេះ​ស្វែង​រក​ដំណឹង​អាហារូបករណ៍​ តាម​អ៊ីមែល​ដែល​ធ្លាប់​ផ្ញើ​មក​ជា​ប្រចាំ​, ទំនាក់ទំនង​អ្នក​ធ្លាប់​ជាប់​អាហារូបករណ៍​នោះ​មុន​ៗ,​ មើល​អាហារូបករណ៍​លើ​ក្ដារខៀន​ព័ត៌មាន​, ស្រាវ​ជ្រាវ​តាម​វិបសាយ​របស់​ស្ថានទូត​នានា​, និង​តាម​ដាន​មិត្តភ័ក្ដិ​ដែល​សកម្ម​នឹង​អាហារូបករណ៍​នោះ​ឲ្យ​ជាប់។
នៅ​ឆ្នាំ​ទី​ពីរ​ ឬ​ក្រោយ​ពី​យក​ពេល​មួយ​ឆ្នាំ​ដើម្បី​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ ធីតា​បាន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ម្ដង​ទៀត។ ពេល​ដាក់ពាក្យ​សុំ​​អាហារូបករណ៍​​នោះ​ កញ្ញា​ក៏​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​សម្ភាស​ពេញ​ទំហឹង​ផង​ដែរ។
ធីតា​រៀប​រាប់​បន្ថែម​ថា៖ “ខ្ញុំ​មាន​ការ​រីករាយ​ ដែល​អ្នក​ផ្ទះ​ និង​មិត្តភ័ក្ដិ​ខ្ញុំ​ទាំង​អស់​បាន​ជួយ​ជ្រោមជ្រែង​ខ្ញុំ។ ខ្ញុំ​បាន​ត្រៀម​សំនួរ​រហូត​ដល់​៥០​ឯណោះ​ ដែល​គេ​អាច​សួរ។ ពេល​មុន​ទៅ​សម្ភាសន៍​ ខ្ញុំ​បាន​ឲ្យ​ប៉ា និង​ប្អូន​របស់​ខ្ញុំ​សួរ​សំនួរ​នោះ​មក​ខ្ញុំ។ ពេល​ទៅ​ជួប​មិត្តភ័ក្ដិ​ ខ្ញុំ​សុំ​ឲ្យ​គេ​ធ្វើ​គណៈកម្មការ​ឲ្យ​ទៀត​ ដើម្បី​ឲ្យ​ខ្ញុំ​សម្ដែង​ ទាំង​ពី​ការ​បើក​​ទ្វារ​​ចូល​ ទាំង​​ការ​សម្ភាស”។
តាម​រយៈ​ការ​ត្រៀម​សំនួរ​ជា​មុន​នេះ​ ធ្វើ​ឲ្យ​កញ្ញា​បាន​​ទទួល​ជោគជ័យ​ដូច​ការ​គ្រោង​ទុក​ គឺ​សំនួរ​ភាគ​ច្រើន​ដែល​គេ​សួរ​ ត្រូវ​នឹង​សំនួរ​របស់​កញ្ញា​តែ​ម្ដង។
ធីតា​បញ្ជាក់​ថា៖ “គេ​​គ្មាន​សួរ​អ្វី​ច្រើន​ ក្រៅ​ពី​ក្នុង​ប្រវត្តិ​រូប​សង្ខេប​ (CV)​ របស់​យើង​ទេ។ សំនួរ​ដែល​គេ​អាច​សួរ​ គឺ​ដូច​ជា​ ហេតុអ្វី​បាន​ជា​អ្នក​ឯង​សម​ជា​បក្ខជន​ដែល​យើង​ត្រូវ​ជ្រើស​រើស? បើ​ជាប់​ ចង់​រៀន​អ្វី?​ ហើយ​មក​វិញ​ចង់​ធ្វើ​អ្វី? តើ​អ្នក​អាច​បរិច្ចាគ​អ្វី​ទៅ​ដល់​ប្រទេស​អ្នក​ ពេល​ត្រឡប់​មក​វិញ?”
យុវតី​ ផៃ​ ធីតា ជា​មួយ​​​សាស្រ្តាចារ្យ​បរទេស​របស់​ខ្លួន​
ការ​សិក្សា
ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​​

-ពី​ខែ​កញ្ញា​ ២០១២​ ដល់​ខែ​កុម្ភៈ​ ២០១៣​ រៀន​នៅ​សាកល​វិទ្យាល័យ​ Tokyo University of Agriculture​ ផ្នែក​ International Agricultural Development & Reconstruction and Revitalization Strategy after the Natural Disaster។
-ពី​ខែ​កុម្ភៈ​ ២០១២​ ដល់​ខែ​មិថុនា​ រៀន​នៅ​សាកល​វិទ្យាល័យ​ Kangwon National University, កូរ៉េ​ខាង​ត្បូង ​ផ្នែក Economics and International Trade។
-ពី​ខែ​មិថុនា​ ២០១១​ ដល់​ខែ​សីហា​ ២០១១​ រៀន​នៅ​សាកល​វិទ្យាល័យ​ Utah State University, សហរដ្ឋ​អាមេរិក​ ផ្នែក Undergraduate Intensive English Language Study Program FY 2011 & Natural Resource Management។
ការ​សិក្សា​​ក្នុង​ស្រុក​
-២០០៩​ ដល់​២០១៣​ រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ផ្នែក​សេដ្ឋកិច្ច​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ។ ​
-២០០៩​ រៀន​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​ ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស បាន​ពីរ​ឆ្នាំ។​
-២០០៩​ រៀន​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស​ បាន​មួយ​ឆ្នាំ។
ជីវិត​​នៅ​ក្រៅ​ប្រទេស​
ធីតា​ឲ្យ​ដឹង​ដែរ​ថា​ ការ​ចាក​ចេញ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កញ្ញា​ទទួល​បាន​ចំណេះ​ដឹង​ទូលាយ ​នោះ​ទេ​ ថែម​ទាំង​ចេះ​ចាត់ចែង​ពី​ជីវិត​រស់​នៅ​ ទាំង​ហិរញ្ញវត្ថុ​ ការ​រៀន​សូត្រ​ ការ​កម្សាន្ត​ ទំនាក់​ទំនង​ជាមួយ​អ្នក​ផ្សេង ​បត់បែន​ និង​សម្រប​ខ្លួន​ទៅ​តាម​បរិយាកាស​នីមួយ​ៗ​ផង​ដែរ។
ប៉ុន្តែ​ពេល​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន​ យុវតី​រូប​នេះ​ក៏​ជួប​បញ្ហា​ខ្លះ​ដែរ​ រហូតដល់​ធ្លាក់​ខ្លួន​គេង​មិន​លក់​ ដោយសារ​ពិបាក​សម្រប​នឹង​វប្បធម៌​នៅ​ទី​នោះ​ពេក​ បើ​ទោះ​បី​បាន​នៅ​ក្បែរ​និស្សិត​អន្តរជាតិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ក្ដី។ លុះ​រស់​នៅ​បាន​យូរ​បន្តិច​ យុវតី​រូប​នេះ​ក៏​អាច​សម្រប​ខ្លួន​ទៅ​តាម​វប្បធម៌​ជប៉ុន​ ដែល​មនុស្ស​ម្នាក់​ៗ​និយម​ស្ងប់​ស្ងៀម​ ជាង​ការ​និយាយ​ច្រើន។
យុវតី​ ផៃ​ ធីតា ពេល​កំពុង​ចុះ​ស្រាវជ្រាវ
ចប់​បរិញ្ញាបត្រ​ ឆក់​បាន​ការងារ​ភាគ​ច្រើន​ទាក់​ទង​​ការ​សិក្សា​ស្រាវ​ជ្រាវ​
ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ ធីតា​បាន​ការងារ​ធ្វើ​ជា​បន្តបន្ទាប់​ ភាគ​ច្រើន​ទាក់​ទង​នឹង​ការ​ស្រាវជ្រាវ​ នៅ​តាម​ជនបទ​ ឬ​តំបន់​ព្រៃ​ភ្នំ​នានា​ ដូច​ជា​ ជំនួយ​ការ​ស្រាវជ្រាវ​ឲ្យ​ ស្ថាប័ន​ FAERD partnership with IRD , សមាជិក​ស្រាវជ្រាវ​ឲ្យ​គម្រោង​ GEESCAM, អ្នក​កាន់​គម្រោង​ស្រាវជ្រាវ​ទាក់​ទង​នឹង​ការ​ចំណាក​ស្រុក​របស់​ប្រជាជន​ ខ្មែរ​ទៅ​កាន់​ប្រទេស​ថៃ, និង​គម្រោង​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត។
កញ្ញា​ឲ្យ​ដឹង​ថា​ ការ​សិក្សា​អំពី​ចំណាក​ស្រុក​របស់​ប្រជាជន​ខ្មែរ​ទៅ​កាន់​ប្រទេស​ថៃ​ ជា​គម្រោង​របស់​រដ្ឋាភិបាល​កម្ពុជា។  កញ្ញា​ថា​ គោល​បំណង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ គឺ​រក​ឲ្យ​ឃើញ​បញ្ហា​ ទាញ​បញ្ហា​ឲ្យ​គេ​ដឹង​ ហើយ​រក​ដំណោះ​ស្រាយ​ ប្រាប់​គេ​ឲ្យ​ដឹង​ ដូច្នេះ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​នោះ​ កញ្ញា​បាន​ព្យាយាម​រក​ឲ្យ​ឃើញ​បញ្ហា​ប៉ះ​ពាល់​ពី​ការ​ចំណាក​ស្រុក​របស់​ ប្រជាជន​ខ្មែរ​ទៅ​កាន់​ប្រទេស​ថៃ។
កញ្ញា​បញ្ជាក់​ថា៖ “នៅ​ខេត្ត​សៀមរាប​ និង​បន្ទាយ​មានជ័យ​​ ជន​ចំណាក​ស្រុក​ទៅ​ថៃ​ គឺ​មាន​ច្រើន​ហួសហេតុ​ អាច​ថា​១០​នាក់​ ៨​នាក់​ទៅ​ថៃ។ ការ​ចំណាក​ស្រុក​អាច​ជា​វិជ្ជមាន​ និង​អវិជ្ជមាន។ ផ្នែក​សេដ្ឋកិច្ច​ គឺ​បាន​ចំណូល​ជួយ​គ្រួសារ​ តែ​ភាព​ប៉ះ​ពាល់​ គឺ​អ្នក​ធ្វើ​ចំណាក​ស្រុក​នៅ​ក្មេង​ ក្នុង​វ័យ​កំពុង​រៀន។ យ៉ាង​ហោច​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៩​ ប៉ុន្តែ​ចំណាក​ស្រុក​ធ្វើ​ឲ្យ​គាត់​បោះ​ចោល​ការ​សិក្សា​ត្រឹម​ថ្នាក់​បឋម​ ម្ល៉េះ។ នេះ​ជា​ការ​បរាជ័យ​ទៅ​ហើយ”។
យុវតី​រូប​នេះ​បន្ថែម​ទៀត​ថា​ ពេល​ដែល​គាត់​ទៅ​ក្រៅ​ គេ​រំពឹង​ថា​ គាត់​អាច​បាន​រៀន​អ្វី​ពី​ប្រទេស​គេ​ ប៉ុន្តែ​តាម​ពិត​ គាត់​មិន​បាន​រៀន​អ្វី​ទេ​ គឺ​គាត់​បាន​តែ​លក់​កម្លាំង​ភាគ​ច្រើន​ ដូច​ជា​ធ្វើ​ការ​ជា​ជាង​សំណង់​ រើស​ដំឡូង​ ឬ​កាច់​ពោត​។ កញ្ញា​ថា​ គេ​ពិបាក​នឹង​យក​ជំនាញ​នេះ​មក​ពង្រីក​មុខ​របរ​អ្វី​បាន​ទេ​ ពេល​ត្រឡប់​មក​ស្រុក​វិញ។
នៅ​ពេល​រក​លុយ​បាន​  កញ្ញា​ក៏​រក​ឃើញ​ថា​ ទី​មួយ​ពួក​គាត់​បាន​យក​មក​សង់​​ផ្ទះ​ រួច​ហើយ​ទិញ​របស់​ល្អ​ៗ​បង្អួត​គ្នា។ ការ​ធ្វើ​បែប​នេះ​ មិន​មាន​ប្រសិទ្ធ​ភាព​អ្វី​ច្រើន​ទេ​ក្នុង​ជីវិត។ មួយ​ទៀត​ ពេល​គាត់​ទៅ​ថៃ​ គាត់​បាន​ទុក​កូន​​ចោល​ នៅ​ផ្ទះ​ដើរ​លេង​ អត់​បាន​ចូល​រៀន​ ឬ​អាហារ​ហូប​ចុក​អី​ស្រួល​បូល​ទេ។ ពេល​ត្រឡប់​មក​វិញ​ គាត់​បាន​ចម្លង​វប្បធម៌​មក​វិញ​ ហើយ​បាន​បញ្ជ្រាប​វប្បធម៌​នោះ​​ទៅ​ដល់​កូន​របស់​គាត់។ កញ្ញា​ថា៖ “កូន​របស់​គាត់​មាន​គំនិត​ថា​ ធំ​ឡើង​ទៅ​ថៃ​ធ្វើ​ជា​កម្មករ​សំណង់​ រក​លុយ​មក​សង់​ផ្ទះ​ដូច​ពុក​ម៉ែ។ នៅ​ឆ្នាំ​២០១៥​ខាង​មុខ​ យើង​មិន​ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន​លើស​លុប​បែប​ហ្នឹង​ទេ​ គឺ​យើង​ត្រូវ​ការ​អ្នក​ជំនាញ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គេ”។
ថ្ងៃ​អនាគត​ ចង់​ធ្វើ​ការ​នៅ​UN
យុវតី​រូប​នេះ​មាន​គោល​បំណង​ចង់​ធ្វើ​ការ​នៅ​អង្គការ​សហប្រជាជាតិ​ (UN)​  ផ្នែក​កិច្ចការ​សេដ្ឋកិច្ច​ ព្រោះ​កញ្ញា​សង្កេត​ឃើញ​ថា​ បុគ្គលិក​ភាគ​ច្រើន​មាន​បរទេស​ មិន​មាន​ខ្មែរ​ទេ។ កញ្ញា​ថា​ វា​អាច​នឹង​ស៊ី​ពេល​វែង​ឆ្ងាយ​ទៀត​ ប៉ុន្តែ​កញ្ញា​នឹង​ព្យាយាម។
យុវតី​រូប​នេះ​ថ្លែង​ថា៖ “ខ្ញុំ​គិត​ថា​ អ្វី​ដែល​សំខាន់​ គឺ​វា​អាច​ជួយ​ខ្មែរ​បាន​ច្រើន។ នៅ​អាហ្វ្រិក ​ដែល​ពិបាក​ គេ​នៅ​តែ​​​មាន​ប្រជាជន​គេ​​​កាន់​កន្លែង​ធំ​ៗ​នៅ ​UN។ សូម្បី​តែ​ភូមា​ ឬ​កូរ៉េ​ ក៏​មាន​ ចុះ​ខ្មែរ​យើង​ពេល​ណា​ទើប​មាន? នេះ​គ្រាន់​ជា​សុបិន​មួយ!​ មនុស្ស​រស់​នៅ​គ្មាន​ក្ដី​សុបិន​ គឺ​មាន​តែ​សំបក​ខ្លួន​ អីចឹង​ខ្ញុំ​ចង់​ឲ្យ​មាន​អ្វី​ក្នុង​ខ្លួន​ កុំ​ឲ្យ​មាន​តែ​សំបក!”៕
អត្ថបទ៖ មាស រ័ត្ន​
ប្រភពពីhttp://news.sabay.com.kh/articles/634559
ករណី​រំលោភ​​សេពសន្ថវៈ​​យ៉ាង​ឃោរឃៅ​ទៅ​លើ​និស្សិត​ស្រី​ម្នាក់​នៅ​ប្រទេស ​ឥណ្ឌា​កាល​ពី​ចុង​ឆ្នាំ​២០១២​កន្លង​ទៅ​បាន​​ធ្វើ​ឲ្យ​ពិភពលោក​រន្ធត់​ចិត្ត ​​ ហើយ​ថ្កោលទោស​ចំពោះ​អំពើ​ដ៏​ព្រៃផ្សៃ​នេះ។ ​ករណី​នេះ ដែល​កើត​មាន​ជា​រឿយៗ​បាន​ធ្វើ​ឲ្យ​ទីក្រុង​ញូដេលី​ជាប់​​ក្នុង​បញ្ជី​ខ្មៅ​​ នេះ រហូត​ដល់​គេ​យល់​ថា ឥណ្ឌា​ជា​​​ទីកន្លែង​មួយ​ដែល​ស្ត្រី​ជា​ច្រើន​​ត្រូវ​រងគ្រោះ​ដោយ​អំពើ​ចាប់ ​រំលោភ​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក។
ចង់​ដឹង​ថា ឥណ្ឌា​ពិត​ជា​ប្រទេស​ទី១​សំបូរ​ទៅ​ដោយ​ករណី​នេះ​ច្រើន​ជាង​គេ​ឬ យ៉ាងណានោះ សូម​អាន​​អត្ថបទ​នេះ​ទាំងអស់​គ្នា!
១០ ប្រទេស​អេត្យូពី
បញ្ហា​ចាប់​រំលោភ​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​នៅ​ដែនដី​ប្រទេស​អាហ្វ្រិក​ខាងកើត ​​មួយ​នេះ ដែល​ស្ត្រី​ប្រមាណ​ជា​៦០% ត្រូវ​បាន​​អង្គការសហប្រជាជាតិ​​រក​ឃើញ​ថា ពិត​ជា​​រងគ្រោះ​​ដោយ​ការ​ចាប់​រំលោភ​។
៩ ប្រទេស​ស្រីលង្កា​​​​​​
អង្គការសហប្រជាជាតិ​បាន​រក​ឃើញ​ថា បុរស​ស្រី​លង្កា​១៤,៥% បាន​ប្រព្រឹត្ត​បទល្មើស​នេះ​នៅ​អំឡុង​ពេល​ណា​មួយ​នៃ​ឆាក​ជីវិត​របស់​ពួកគេ។ ២,៧% បាន​រំលោភ​ទៅ​លើ​បុរស​ដូចគ្នា ខណៈ​ដែល​១,៦%​ បាន​ចូលរួម​រំលោភ​បូក។ ក្នុង​ចំណោម​អ្នក​រំលោភ​​ទាំង​អស់ មាន​៦៤% បាន​ប្រព្រឹត្ត​បទល្មើស​នេះ​ចាប់​ពី​​២​ដង​ឡើង​ទៅ។ ​​
៨ ប្រទេស​កាណាដា
ជា​ប្រទេស​អភិវឌ្ឍ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​អាមេរិក​ខាងជើង កាណាដា​ជាប់​ចំណាត់​ថ្នាក់​ទី​៨ មាន​ករណី​រំលោភ​ច្រើន​ជាងគេ​ដែល​ករណី​នេះ​មាន​​ចំនួន​រហូត​ដល់​២,៥​លាន​​ ករណី​​នៅ​ពេល​កន្លងមក ។ ចំនួន​នេះ​មាន​ត្រឹមតែ​៦% នៃ​ករណី​ចាប់​រំលោភ​សរុប​តែប៉ុណ្ណោះ។ គេ​រក​ឃើញ​ថា ស្ត្រី​កាណាដា​១ ក្នុង​ចំណោម​៣​នាក់​ត្រូវ​​រងគ្រោះ​ដោយ​ការ​ចាប់​រំលោភ ហើយ​មាន​តែ​៦% ប៉ុណ្ណោះ​បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស។
៧ ប្រទេស​បារាំង
ជា​មហាអំណាច​មួ​លេចធ្លោ​នៅ​អឺរ៉ុប ទីក្រុង​ប៉ារីស​​​ពុំ​ដែល​​ទទួល​ស្គាល់​ថា​ការ​ចាប់​រំលោភ​ជា​​រឿង​ខុស​ ច្បាប់​នោះ​ឡើយ​​​​រហូត​ដល់​ឆ្នាំ​១៩៨០។ តាម​ការ​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​របស់​ខ្លួន​ មាន​ករណី​ចាប់​រំលោភ​ចំនួន​៧៥.០០០​ករណី​ក្នុង​មួយ​ឆ្នាំៗ ហើយ​មាន​ជនរងគ្រោះ​​​​ត្រឹមតែ​១០% ​ប៉ុណ្ណោះ​បាន​ដាក់​ពាក្យ​បណ្ដឹង។ ករណី​រំលោភ​សរុប​ក្នុង​ប្រទេស​មាន​ចំនួន​ជិត​៣,៨​​លាន​នាក់​។
៦​ ប្រទេស​អាល្លឺម៉ង់
អាល្លឺម៉ង់​ជា​​មហាអំណាច​អឺរ៉ុប​មួយទៀត​ដែល​មាន​ករណី​ចាប់​រំលោភ​​ច្រើន​ ជាងគេ​​ជាប់​ចំណាត់​ថ្នាក់​លេខ៦។ ស្ត្រី​អាល្លឺម៉ង់​ប្រមាណ​ជា​២៤០.០០០​នាក់​បាន​ស្លាប់​រហូត​មកដល់​ពេល​នេះ​​ ដោយ​សារ​ករណី​ចាប់​រំលោភ។ ករណី​​រំលោភ​នៅ​ក្នុង​ប្រទេស​នេះ​បាន​កើន​ឡើង​រហូត​ដល់​​ជាង​៦,៥​លាន​ករណី​ ហើយ​នៅ​ពេល​កន្លងមក។
​៥ ប្រទេស​អង់គ្លេស
មិន​ទៅ​ណា​ឆ្ងាយ​ពី​តំបន់​អឺរ៉ុប ងាក​មក​មើល​ប្រទេស​​អង់គ្លេស​​ឯណេះ​វិញ ករណី​រំលោភ​បាន​លាក់​ខ្លួន​ពួន​អាត្មា​នៅ​ក្នុង​សង្គម​មួយ​នេះ។ តាម​របាយការណ៍​ក្រសួង​យុត្តិធម៌​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៣ មាន​ស្ត្រី​អង់គ្លេស​ជា​មធ្យម​ ៨៥.០០០​នាក់​ត្រូវ​រងគ្រោះ​ដោយ​​អំពើ​រំលោភ​សេពសន្ថវៈ​ក្នុង​មួយ​ឆ្នាំៗ។ ស្ត្រី​​អង់គ្លេស​១​ក្នុង​ចំណោម​៥​នាក់ មាន​អាយុ​ចន្លោះ​ពី​១៦ ដល់ ៥៩​ឆ្នាំ​ ​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ករណី​នេះ។​
៤ ប្រទេស​ឥណ្ឌា
ករណី​រំលោភ​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល បាន​ធ្វើ​ឲ្យ​ទីក្រុង​ញូដេលី​ឈរ​នៅ​​លេខ​រៀង​ទី៤។ ​កាល​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​របស់​ខ្លួន​គ​បាន​រក​ឃើញ​​ថា ​​ករណី​ចាប់​រំលោភ​នៅ​ទូទាំង​ប្រទេស​​ចំនួន​២៤.៩២៣​ករណី​ប៉ុណ្ណោះ​ដែល​ផ្ទុយ ​ពី​ការ​អះអាង​របស់​ក្រុម​សិទ្ធិមនុស្ស​ដែល​ថា ករណី​នេះ​មាន​​ចំនួន​ច្រើន​ជាង​នេះ​​ទៅ​ទៀត។ គេ​បាន​វាយតម្លៃ​ថា ​ករណី​រំលោភ​បាន​កើត​មាន​រៀងរាល់​២២​វិនាទី​ម្ដង​​នៅ​ក្នុង​ប្រទេស​នេះ។​​​​ ​
៣ ប្រទេស​ស្វីស
ករណី​រំលោភ​បាន​ចាក់គ្រឹះ​ប្រទេស​រុងរឿង​ខាង​ប្រជាធិបតី​មួយ​នេះ​ស្ទើរ​នឹង​ ស្មាន​មិនដល់។ ស្រ្តី​ស្វីស​១​ក្នុង​ចំណោម​៤​នាក់​​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ករណី ​នេះ ដែល​មាន​ចំនួន​រហូត​ដល់​៦៣% ​នៃ​ចំនួន​​ប្រជាជន​របស់​ខ្លួន​១​សែន​នាក់។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ ករណី​ចាប់​រំលោភ​បាន​កើន​ឡើង​រហូត​ដល់​៥៨% ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ករណី​ចាប់​រំលោភ​ខ្លាំងក្លា​ជាងគេ​នៅ​ទ្វីប​ អឺរ៉ុប។
២  ប្រទេស​អាហ្វ្រិកខាងត្បូង
អាហ្វ្រិកខាងត្បូង​ជាប់​ជា​ប្រទេស​ទី១​នៅ​​ទ្វីប​អាហ្វ្រិក​ដែល​មាន​ករណី​ ចាប់​រំលោភ​ច្រើន​ជាងគេ និង​ជាប់​ចំណាត់ថ្នាក់​លេខ​២​នៅ​លើ​សាកលលោក។ គេ​រក​ឃើញ​ថា ស្ត្រី​អាហ្វ្រិកខាងត្បូង​១​ក្នុង​ចំណោម​៣​នាក់​បាន​រងគ្រោះ​ដោយ​ការ​ចាប់​ រំលោភ​ ខណៈ​ដែល​បុរសៗ​ចំនួន​២៥% វិញ​បាន​សារភាព​ថា ពិត​ជា​ជាប់​ទាក់ទិន​ក្នុង​ករណី​​នេះ។
​១ សហរដ្ឋអាមេរិក
ជា​មហាអំណាច​លើ​លោក គេ​មិន​ត្រូវ​មើល​រំលង​នោះ​ឡើយ​ថា ​​អាមេរិក​គ្មាន​ករណី​ចាប់​រំលោភ​​ច្រើន​ដូច​ប្រទេស​នានា។ ការពិត​ ​ប្រទេស​ដ៏​ជឿនលឿន​ដែល​អះអាង​ថា​បាន​គោរពច្បាប់​​ជាប់​លាប់​​នោះ​ គឺ​​​ជា​មុខព្រួញ​នៃ​ការ​ចាប់​រំលោភ​ច្រើន​ជាងគេ​បំផុត។ គេ​បាន​រក​ឃើញ​ថា ១ ក្នុង​ចំណោម​ស្រ្តី​អាមេរិក​៦​នាក់​បាន​ត្រូវ​គេ​ចាប់​រំលោភ ខណៈ​ដែល​បុរស​១​ក្នុង​ចំណោម​៣៣​នាក់​វិញ​ ​បាន​សារភាព​ថា បាន​ប៉ុនប៉ង ឬ រំលោភ​បាន​សម្រេច​ក្នុង​​ឆាក​ជីវិត​របស់​ពួកគេ។ ជាង​ពាក់​កណ្តាល​និស្សិត​ស្រី​នៅ​មហាវិទ្យាល័យ​​បាន​រងគ្រោះ ឬ ត្រូវ​បាន​គេ​ប៉ុនប៉ង តាំង​ពី​អាយុ​១៤​ឆ្នាំ៕