Wednesday, March 12, 2014

ប្រភពពីhttp://news.sabay.com.kh/articles/637928
ប្រិយ​មិត្ត​​អ្នក​អាន​​នឹង​​មាន​​​​ចម្ងល់​ ​ចំពោះ​​យុវជន​ម្នាក់​ ដែល​មាន​សមត្ថភាព​ ក្ដោប​បាន​​​​អាហារូបករណ៍​​ទៅ​​សិក្សា​​នៅ​បរទេស​​រហូត​ដល់​ទៅ​ ៣​ ប្រទេស​ បែរ​ជា​​ទម្លាក់​​ចោល ​ហើយ​សុខ​ចិត្ត​​​​​ជ្រើស​រើស​យក​​​សិក្សា​​​បង់​ថ្លៃ​​​មហាវិទ្យាល័យ​ក្នុង ​ស្រុក​ទៅ​វិញ​។
យុវជន​ម្នាក់​នេះ​មាន​​ឈ្មោះ​​ ម៉ី​ គឹមហេង​ វ័យ​ ២៣​ ឆ្នាំ​​ បច្ចុប្បន្ន​​ជា​និស្សិត​រៀន​​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។ ជា​និស្សិត​ឆ្នើម​​​តាំង​ពី​បឋម​មក​ ​​​​​​ គឹមហេង​ ​ក្រោយ​ប្រលង​​មធ្យម​​សិក្សា ទុតិយភូមិ​ឆ្នាំ​២០១១​ ​​បាន​ជាប់​​​និទ្ទេស​​​ B។​ ប៉ុន្តែ​សម្រាប់​យុវជន​ម្នាក់​នេះ​ ​ចាត់​ទុក​ថា លទ្ធផល​​  ដែល​ទទួល​បាន​នេះ​​​​ភាព​បរាជ័យ​ទៅវិញ ​ដោយ​បំណង​ប្រាថ្នា​​ធំ​ចង់​បាន​​និទ្ទេស A ​និង​ជាប់​ពាន​រង្វាន់​​មេដាយ​​មាស​សិស្ស​​ពូកែ​​គណិតវិទ្យា អន្តរ​ជាតិ​​​(International Mathematics Olympiad )​។
“ពេល​ចេញ​លទ្ធ​ផល​បាក់​ឌុប​ភ្លាម ខ្ញុំ​បាក់​ទឹក​ចិត្ត​​​លែង​ចង់​រៀន​អី​ទាំង​អស់​ ព្រោះ​ ក្នុង​​ពេល​តែ​​មួយ​ ខ្ញុំ​ទទួល​បរាជ័យ​ ពីរ​លើក​​​​។ ប៉ុន្តែ​បាន​ប៉ា​ម៉ាក់​ជួយ​លើក​ទឹក​ចិត្ត​ ក៏​ខិត​ខំ​ប្រឹង​ប្រែង​ឡើង​វិញ”។ គឹម​ហេង​ បន្ថែម។

មិន​បាន​និទ្ទេស​ A ក៏​ពិត​មែន​ តែ​ គឹម​ហេង​ មាន​ឈ្មោះ​​ជាប់​អាហារូបករណ៍​ នៅ​មហាវិទ្យាល័យ​រដ្ឋ​ និង​ឯក​ជន​ចំនួន​ ៣ មហាវិទ្យាល័យ​ផ្សេង​ទៀត​។
ប៉ុន្តែ​ដោយ​សារ​​បំណង​ប្រាថ្នា ឪពុក​ម្ដាយ​ គឹម​ហេង​ ស្រលាញ់​មុខ​វិជ្ជា​ពេទ្យ​ក៏​សម្រេច​ឲ្យ​​បង់​លុយ​​រៀន​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល​តែ​ម្តង។​
គឹម​ហេង​ បាន​រៀប​រាប់​ថា ​៖ “ពេល​នោះ​ខ្ញុំ​ជាប់​អាហារូបករណ៍​នៅ​សាកល វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ សាកលវិទ្យាល័យ​ស្សាម៉ាន​ និង​សាកលវិទ្យាល័យ​មេគង្គ​ កម្ពុជា ​ដែល​ភាគ​ច្រើន​គឺ​ ទាក់​ទង​នឹង​ផ្នែក​ពាណិជ្ជកម្ម​  តែ​ចុង​ក្រោយ​ក៏​សម្រេច​ចិត្ត​បង់​​លុយ​រៀន​នៅ​សាលា​ក្រហម​ ព្រោះ​ប៉ាម៉ាក់​គាត់​ស្រលាញ់​ជំនាញ​ពេទ្យ​​”។
​​​​ទោះ​ជា​​កំពុង​ស្ថិត​នៅ​ ក្នុង​ដំណាក់​កាល​ឈាន​ទៅ​​សម្រេច​បំណង​ប្រាថ្នា ​របស់​​ ឪពុក​ម្ដាយ​ និង​​ខ្លួន​ឯង​យ៉ាង​ណា​ គឹមហេង​ បាន​ឆ្លៀត​​ដាក់​ពាក្យ​ប្រលង​​យក​អាហារូបករណ៍​នៅ​បរទេស​ ​​ដើម្បី​​ចង់​សាក​ល្បង​​លើ​​សមត្ថភាព​ផ្ទាល់​ខ្លួន។ ​ម្យ៉ាង​​​ក៏​​ចង់​រំលឹក​​ឡើង​វិញ​​​​ ​នូវ​គណិតវិទ្យា​​ ដែល​​បាន​បោះ​បង់​ជាង​​ ១​ឆ្នាំ​មក​ហើយ​នោះ​។
“​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់ បាន​ជាប់​អាហារូបករណ៍​ផ្នែក​វេជ្ជសាស្ត្រ ​រៀន​នៅ​ប្រទេស​វៀតណាម​​ ។​ ខ្ញុំ​ក៏​​បាន​ដាក់​ប្រលង​ទៅ​ប្រទេស​វៀតណាម​ដែរ​ ប៉ុន្តែ​​គោល​បំណង​គឺ​ ដើម្បី​តេស្ត​​សមត្ថភាព ហើយ​បំណង​ពិត​ប្រាកដ​​គឺ​ចង់​ទៅ​រៀន​​នៅ​ប្រទេស​​ចិន​។​ ក្រោយ​មក​​​ខ្ញុំ​បាន​ប្រលង​ជាប់​​អាហារូបករណ៍​​នៅ​ចិន​ និង​ថៃ​ ​ ​ផ្នែក​វេជ្ជសាស្ត្រ​​ដូច​គ្នា​ ​និង​នៅ​សិង្ហ​​បុរី​ នៅ​​សម្ភាស​២​ តង់​ទៀត​ទើប​អាច​​ដឹង​លទ្ធផល​។​​​​ ខ្ញុំ​​រីក​រាយ​មែន​ទែន​​ នឹង​លទ្ធ​ផល​នេះ​។ ប៉ុន្តែ​ក៏​មាន​អារម្មណ៍​​សោកស្ដាយ​មិន​​ធម្មតា​ដែរ​​ ព្រោះ​សម្រេច​អត់​ទៅ​រៀនវិញ​​​ ដោយ​សារ​ថា​ បើ​ទៅ​រៀន​​នៅ​​ស្រុក​គេ​​ត្រូវ​ខាត​ឆ្នាំ។​ ខ្ញុំ​រៀន​ដល់​ឆ្នាំ​ទី៣​ ទៅ​ហើយ​។​ ម្យ៉ាង​បច្ចុប្បន្ន​ ​ប៉ាម៉ាក់​ក៏​អត់​ចង់​ឲ្យ​ទៅ​រៀន​​ឆ្ងាយ​ដែរ​​​​”។
គឹម​ហេង​ ដែល​​ឪពុក​ម្ដាយ​​ជា​អាជីវករ​លក់​ដូរ​​នៅ​​ភ្នំពេញ​ បាន​រ៉ាប់​រង​លើ​​​ថ្លៃ​សិក្សា​​​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​​នោះ​បាន​​​បញ្ជាក់​ថា​ ក្នុង​មួយ​ឆ្នាំ​​ចំណាយ​មិន​ក្រោម ៣០០០ ពាន់​ដុល្លារ​នោះ​ទេ។ គឹម​ហេង​ មាន​​បំណង​ចាប់​យក​​ជំនាញ​ផ្នែក​​​រោគ​កុមារ​ ព្រោះ​អ្នក​មាន​​គុណ​ទាំង​ពីរ​ស្រលាញ់​មុខ​ជំនាញ​នេះ។​ ម្យ៉ាង​គោល​បំណង​ធំ​មួយ​ទៀត​​ គឺ​ចង់​បើក​គ្លីនិក​​ផ្នែក​កុមារ​​មួយ​​ផង​ដែរ។​
​គឹម​ហេង​ នឹង​​មិន​​បោះ​​បង់​បំណង​ប្រាថ្នា​​ប្រលង​​អាហារូបករណ៍​ទៅ​បរ​ទេស​ត្រឹ​ម​ នេះ​ទេ។ នៅ​បួន​ទៅប្រាំ​ឆ្នាំ​ខាង​មុខ​​ គឹម​ហេង​ នឹង​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ជា​ថ្មី​ ទៅប៉ែក​អឺរ៉ុប​វិញ​ម្តង​ ​ក្រោយ​រៀន​ចប់​ផ្នែក​វេជ្ជសាស្រ្ត​ ដោយ​រំពឹង​ថា​ ពេល​នោះ​អាហារូបករណ៍​ នឹង​ធ្លាក់​មក​​​ច្រើន​​ និង​មិនចំណាយ​ពេល​​ច្រើន​ឆ្នាំ​សិក្សា​ទៀត​ផង​​។​ “បច្ចុប្បន្ន​ ខ្ញុំ​គិត​​តែ​ម្យ៉ាង​គឺ​ខំ​រៀន​​​​ផ្នែក​ពេទ្យ​​ និង​ឆ្លៀត​ពេល​ចុះ​ស្តា​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​។​ ក្រោយ​​រៀន​​ចប់​ ទើប​ខ្ញុំ​សម្លឹង​រក​​អាហារូបករណ៍​​ នៅ​ប៉ែក​អឺរ៉ុប​ ព្រោះ​នៅ​អឺរ៉ុប​ ក៏​ខ្លាំង​ផ្នែក​​វេជ្ជសាស្ត្រ​នេះ​ដែរ”។ គឺម​ហេង​ បន្ថែម​។
យ៉ាង​​ណា​ក៏​ដោយ​​បទ​ពិសោធន៍​ ​​បរាជ័យ​កន្លង​មក​​​​បាន​​​​ធ្វើ​​ឲ្យ​ គឹម​ហេង​ មើល​ឃើញ​ចំណុច​ខ្វះ​ខាត​ជាច្រើន​ ក្នុង​នោះ​​រាប់​បញ្ចូល​​ទាំង​​​ ការ​ទុក​ចិត្តពេក​​លើ​ខ្លួន​ឯង​ ការ​​ប្រឹង​រៀន​​តែ​មុខ​វិជ្ជា​ពិត​​ មុខ​​វិជ្ជា​ដទៃ​​​គិត​ថា ​មិន​សំខាន់​ ការ​រៀន​តែ​ម្នាក់​ឯង​​មិន​សូវ​ទទួល​យក​​មតិ​យោបល់​អ្នក​ផ្សេង​​ជាដើម​។ គឹម​ហេង​ ចាប់​ផ្ដើម​​ចេះ​ដាក់​ខ្លួន​ ដើម្បី​ស្វែង​យល់​​ពី​ខ្លួន​ឯង​ និង​ការ​កំណត់​គោល​ដៅ​មួយ​ច្បាស់​លាស់​ថា​ ​ខ្លួន​ឯង​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​។ បើ​តាម​គឹម​ហេង​ អ្នក​​​ពូកែ ​ចេះ​​ចាប់​យក​ឱកាស​ នឹង​ទទួល​បាន​ជោគជ័យ​ ផ្ទុយ​ទៅ​​វិញ​បើ​អ្នក​​ពូកែ​ តែ​មិន​ចេះ​ចាប់​យក​​ឱកាស​ ទទួល​បាន​ជោគជ័យ​ក៏តិច​តួច​ដែរ។​​​​
​ គឹមហេង​ បាន​ផ្តាំ​ផ្ញើ​ទៅ​យុវវ័យ​ទាំង​អស់​​ថា បើ​ចង់​​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​បរទេស​ ទាំង​អស់​គ្នា​គួរ​សិក្សា​ពី​ប្រភេទ​អាហារូបករណ៍​ ការ​ប្រឹង​ប្រែង​សិក្សា​លើ​មុខ​វិជ្ជា​គណិត ទាំង​រៀន​គួរ​ជា​មួយ​គ្រួ​ល្អ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​​លំហាត់​ដោយ​ខ្លួន​ឯង។​​ ​មិន​ត្រឹម​ប៉ុណ្ណឹង​ ភាសា​អង់គ្លេស​​​ក៏សំខាន់ផង​ដែរ ព្រោះ​ភាសា​អង់គ្លេស​ គឺ​ជា​មូលដ្ឋានគ្រឹះ​ ក្នុង​​ការ​ទំនាក់​ទំនង និង​ដើម្បី​​បន្ត​​ការ​សិក្សា​នៅ​បរទេស​​៕
អត្ថបទ៖មៃ សុខលីម

0 comments:

Post a Comment