ប្រភពពីhttp://news.sabay.com.kh/articles/658616
ការ​បែក​បាក់​ស្នេហា ​​អ្នក​ណា​មិន​ឈឺ​ចាប់​ តែ​ទោះ​បី​ជា​យ៉ាង​ណា​​ ក៏​មិន​​ត្រូវ​ធ្វើ​អ្វី​​​រហូត​​នាំ​ឲ្យ​មាន​វិប្បដិសារី​ ឬ​​ឈឺ​ចាប់​លើស​មុន​ដែរ។ តើ​មិត្ត​យុវវ័យ​​ត្រូវ​តែ​ជៀស​វាង​​​​ធ្វើ​អ្វី​​ដែល​​នាំ​ឲ្យ​អ្នក​កាន់​ តែ​ពិបាក​​ខ្លាំង​ឡើង​ ក្រោយ​ពី​បែក​បាក់​ស្នេហា?
កុំ​បង្កាត់​ភ្លើង​ស្នេហ៍​ថ្មី​ភ្លាម​ៗ
កញ្ញា​ ណាង​ ស្រីមី អាយុ​​២០​ឆ្នាំ ជា​​សិស្ស​​នៅ​​វិទ្យាល័យ​ឥន្ទ្រទេវី បាន​លើក​ឡើង​ថា៖ “ខ្ញុំ​យល់​ថា​​ ចំណុច​មួយ​ដែល​បុរស​ៗ​​គួរ​តែ​ចងចាំ​ និង​មិន​​គួរ​ធ្វើ​​ នោះ​​គឺ​មិន​ត្រូវ​កសាង​ស្នេហា​ថ្មី​ភ្លាមៗ​បន្ទាប់ ​ពី​បែក​បាក់​ស្នេហា​នោះ​ទេ”។ យុវតី​រូប​នេះ​យល់​ថា​​ បុរស​ៗ​មិន​គួរ​ប្រញាប់​និយាយ​ពាក្យ​ថា​ ស្រលាញ់​​ទៅ​​កាន់​នារី​ផ្សេង​ ​​នៅ​ពេល​ដែល​ស្នេហា​ចាស់​​របស់​​ខ្លួន​​នៅ​តែ​ដិត​ដាម​នៅ​ឡើយ។
រូប​តំណាង
ស្រី​មី​ ​បាន​បន្ថែម​ទៀត​ថា៖ ” បុរស​ៗ​​គួរ​តែ​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា​ តើ​គេ​នឹង​ទទួល​អ្នក​ចាស់​វិញ​​អត់​ ​បើ​​គេ​ត្រឡប់​មក​រក​ខ្លួន​វិញ ជៀស​វាង​​ធ្វើ​ឲ្យ​អ្នក​​​ក្រោយ​​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​មិន​ដឹង​អ្វី​ សោះ ខូច​ចិត្ត​តែ​ម្នាក់​ឯង​។​ ​កុំ​យក​មនោសញ្ចេតនា​ក្លែង​ក្លាយ​មក​បង្កើត​ស្នេហ៍​ថ្មី​អី​ល្អ​ជាង​”។
កុំ​យក​​គ្រឿង​ស្រវឹង​ជា​ដំណោះ​ស្រាយ
ស្រដៀង​​គ្នា​នេះ​ដែរ​​ យុវជន សៀង ចាន់ថន អាយុ​២៥ឆ្នាំ ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​​ បាន​ប្រាប់​ថា៖ “មិន​គួរ​យក​សុរា​មក​បំបាត់​ទុក្ខ​​ក្រោយ​​​បែក​គ្នា​នោះ​ទេ។ អ្នក​ខ្លះ​គេ​​នាំ​គ្នា​យក​ស្រា​​​មក​បំបាត់​ទុក​​ពេល​​ពិបាក​ចិត្ត​ដោយ​​ បញ្ហា​ស្នេហា​ តែ​ខ្ញុំ​មិន​គិត​ដូច​នេះ​ទេ”។ ចាន់ថន បាន​បន្ត​ទៀត​ថា៖ “ខ្លាច​តែ​​ស្រា​មិន​ជួយ​បំបាត់​ទុក្ខ បែរ​ជា​នាំ​ឲ្យ​មាន​ទុក្ខ​លើស​ដើម​ទេ ព្រោះ​ខ្ញុំ​​ឃើញ​មាន​មិត្ត​ភ័ក្តិ​​ម្នាក់​​ពេល​មាន​វិបត្តិ​ស្នេហ៍​ខូច​ ចិត្ត​ គិត​តែ​ដើរ​ស៊ី​ផឹក​ ចុង​ក្រោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ទៀត”។
​​មិន​ត្រូវ​ធ្វើ​ការ​សង​សឹក​
ចំណែក​ឯ​កញ្ញា​ ផាត់ និមល អាយុ​២៣ឆ្នាំ​ និស្សិត​ឆ្នាំ​ទី៤​ ជំនាញ​អក្សរ​សាស្ត្រ​អង់គ្លេស​​​​​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ​ បាន​និយាយ​ថា៖ “ខ្វះ​អី​វិធី​បំបាត់​ទុក្ខ​ក្រោយ​ពី​មាន​បញ្ហា​បែក​បាក់​ស្នេហា​ តែ​រឿង​មួយ​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​ និង​ដាស់​តឿន​នោះ​ គឺ​​មិន​ត្រូវ​ធ្វើ​ការ​សង​សឹក​ដោយ ​វិធី​ណា​មួយ​ជា​សង្សារ​​របស់​អ្នក​ទេ”។ ​និមល​បាន​បន្ត​ថា៖ “ស្នេហា​ស្ថិត​នៅ​ត្រង់​ចិត្ត​ ​បើ​សិន​ជា​​គេ​អស់​ចិត្ត​ជាមួយ​អ្នក​ហើយ​ គួរ​តែ​ឲ្យ​គេ​ទៅ​តាម​សម្រួល​ទៅ​ល្អ​ជាង ជៀស​វាង​ទៅ​រក​រឿង​ឈ្លោះ​ប្រកែក​ជាមួយ​គេ​នាំ​តែ​វែង​ឆ្ងាយ”។
​កុំ​ព្យាយាម​ចងចាំ​អនុស្សាវរីយ៍​កន្លង​មក​
ចំពោះ​យុវជន សោម គឹមសាន អាយុ​២២ឆ្នាំ ​និស្សិត​ជំនាញ​ទេសចរណ៍​​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង បាន​លើក​ឡើង​ថា៖ “សម្រាប់​ខ្ញុំ​យល់​ថា​ បើ​ជ្រុល​តែ​បែក​គ្នា​ទៅ​ហើយ​ មាន​តែ​​ព្យាយាម​​កាត់​ចិត្ត​​ពី​គេ​តែ​ប៉ុណ្ណោះ​។ ​ដើម្បី​​បំភ្លេច​គេ​បាន​ អ្នក​ដែល​បែក​បាក់​ស្នេហា​ទាំង​ឡាយ​ មិន​ត្រូវ​រំលឹក​ ឬ​ក៏​ព្យាយាម​ចងចាំ​អនុស្សាវរីយ៍​ដែល​ធ្លាប់​បាន​កសាង​ឡើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​​ គួរ​តែ​គិត​ដល់​អ្វី​ដែល​ជា​ទង្វើ​អាក្រក់​ៗ​របស់​គេ​​វិញ​ទើប​ល្អ​។ ធ្វើ​ដូចនេះ​ ​ខ្ញុំ​ជឿ​ថា​ ​អ្នក​នឹង​គ្មាន​ការ​ឈឺ​ចាប់​ដោយ​សារ​ការ​បែក​បាក់​ស្នេហា​​របស់​អ្នក​ទេ”៕
ចុះ​មិត្ត​យុវវ័យ​វិញ​ យល់​យ៉ាង​ណា​ដែរ?​