Wednesday, March 12, 2014

ប្រភពពីhttp://news.sabay.com.kh/articles/657113
អ្នក​ណាៗ​ក៏​ធ្លាប់​មាន​ស្នេហា​ដែរ​ អ្នក​ខ្លះ​​បាន​ជួប​មនុស្ស​ដែល​ខ្លួន​​ស្រលាញ់​ តែ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​ជួប​ស្នេហា​ខក​បំណង​ដែរ។  ​បើ​សិន​ជា​ស្នេហា​បែក​បាក់​ប៉ះ​ចំ​ស្នេហា​ដំបូង​ទៀត​ តើ​អ្នក​ណា​មិន​ឈឺ​ចាប់​ ​ខក​ចិត្ត​ ស្អិត​ទ្រូង? ប្រាកដ​ណាស់​ថា ​នឹង​កើត​ទុក្ខ​រីង​រៃ​​​មិន​ស្ទើរ​នោះ​ទេ។ ​ចំណែក​រឿង​រ៉ាវ​ស្នេហា​របស់​យុវជនខាង​ក្រោម​នេះ​ យ៉ាង​ណា​ដែរ?  បើ​អីចឹង​ ​សូម​ប្រិយមិត្ត​ទាំង​អស់​គ្នា​​អាន​ដោយ​ខ្លួន​ឯង​ទៅ​​ចុះ៖
ថ្ងៃ​នេះ​​នាង​ខ្ញុំ​​សូម​បរិយាយ​រឿង​រ៉ាវ​​ស្នេហា​របស់​ខ្លួន ​ខ្ញុំ​ផ្ទាល់​ប្រាប់​ទៅ​ប្រិយមិត្ត​​អ្នក​អាន​ Sabay ឲ្យ​បាន​ដឹង​ថា ស្នេហា​ក្នុង​វ័យ​សិក្សា​​​ពិត​ជា​មាន​ឧបសគ្គ​ច្រើន​​រាប់​មិន​អស់​​មែន។ ណាស់​​ហើយ កុំ​ទាន់​អាល​រំលឹក​ពី​ពាក្យ​ ឧបសគ្គ​នេះ​អី​ល្អ​ជាង​។
រូប​​តំណាង​
ជា​​​ដំបូង​ខ្ញុំ​សូម​ណែ​នាំ​ខ្លួន​ឲ្យ​មិត្ត​អ្នក​អាន​ទាំង​អស់​​គ្នា​ សិន​ទៅ​ចុះ។ នាង​ខ្ញុំ​ឈ្មោះ រក្សា អាយុ​ ២៣ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ​នៃ ​សាកល​វិទ្យាល័យ​ឯកជន​​មួយ​នៅ​ក្រុង​ភ្នំពេញ​នេះ​ឯង។ និយាយ​ទៅ​​​ការ​ចាប់​ផ្ដើម​​ស្នេហា​​ដំបូង​របស់ខ្ញុំ មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ទៅ​នឹង​បទ​ចម្រៀង​ “សង្សារ​និស្សិត” របស់​កញ្ញា​ មាស​ សុខសោភា​ ប៉ុន្មាន​នោះ​ទេ។
ស្នេហា​នេះ​​កើត​ចេញ​ពី​ទំនាក់​ទំនង​មិត្តភ័ក្តិ​​ដែល​រៀន​នៅ​ថ្នាក់​ជា​ មួយ​គ្នា។ កាល​ហ្នឹង​ខ្ញុំ​ និង​សិទ្ធិ រៀន​នៅ​ថ្នាក់​ជាមួយ​គ្នា​ នៅ​ថ្នាក់​ទី​១១ ពួក​យើង​ក៏​មាន​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ដំបូង​នាង​ខ្ញុំ​ក៏​មិន​ដឹង​ខ្លួន​​មុន​ថា​ សិទ្ធិ​មាន​ចិត្ត​មក​លើ​រូប​ខ្ញុំ​ដែរ។ សរសេរ​ដល់​ត្រង់​ចំណុច​នេះ​ ខ្ញុំ​​គិត​ថា​ប្រុស​ៗ​ ពិត​ជា​ពូកែ​រក​​នឹក​​ពេល​វេលា​ និង​កន្លែង​សារភាព​ស្នេហ៍​មែន ​ថ្ងៃ​ដែល​ខ្ញុំ​ដឹង​ខ្លួន​ថា ​​មិត្ត​រួម​ថ្នាក់​ម្នាក់​នេះ​​ស្រលាញ់​ខ្ញុំ​ គឺ​ថ្ងៃ​ទី​១៤ កុម្ភៈ ចំ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​តែ​ម្ដង ដែល​​សិទ្ធិ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​គេ​បាន​​ជូន​កា​ដូរ​មក​ឲ្យ​ខ្ញុំ។
​​​​​​កាដូរ​មធ្យម​ទេ តែ​ងំ​ត្រង់​ពាក្យ​ថា “I Love You” នៅ​ពី​ក្រោម​​កាដូរ​តែ​ម្តង។ អារម្មណ៍​ពេល​ត្រូវ​បាន​គេ​សារភាព​ស្នេហា​គ្រា​ដំបូង​ ពិត​ជា​រំភើប​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​មែន តែ​ខ្ញុំ​ក៏​មិន​ទាន់​​​យល់​ព្រម​​ទទួល​​យក​ស្នេហា​មួយ​នេះ​ភ្លាមៗ​ដែរ ​អ្នក​ណា​ទៅ​ធ្វើ​អារម្មណ៍​ទាន់ បើ​នៅ​សុខៗ​ មិត្ត​ភក្តិ​រៀន​ក្នុង​ថ្នាក់​ជាមួយ​សោះ​ ក្លាយ​ទៅ​ជា​ស្នេហា​បែប​ហ្នឹង​នោះ។ ​មិត្ត​ភក្តិ​​ក្នុង​ថ្នាក់​ក៏​ចេះ​តែ​បង្អាប់​ពួក​យើង​រាល់​ថ្ងៃ​ យូរ​ៗ​ទៅ​​ពួក​យើង​ក៏​ក្លាយ​ជា​សង្សារ​នឹង​គ្នា​ដោយ​ស្វ័យ​ប្រវត្តិ។
​​​ពួក​យើង​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ ខ្ញុំ​មិន​អាច​បំភ្លេច​បាន សិទ្ធិ​ពិត​ជា​ល្អ​ជាមួយ​ខ្ញុំ​ខ្លាំង​ណាស់។ មាន​ពេល​មួយ​នោះ​មេឃ​ភ្លៀង​ខ្លាំង​នៅ​សាលា​រៀន​ ខ្ញុំ​នឹក​ឃើញ​ចង់​ញ៉ាំ​ទឹក​អំពៅ​​ ក៏​បាន​ប្រាប់​សិទ្ធិ​ទៅ​ទិញ​ឲ្យ។ ស្ដាប់​ខ្ញុំ​និយាយ​មិន​ទាន់​ទាំង​ចប់​ស្រួល​បួល​ផង​ ស្រាប់​តែ​សិទ្ធិ​រត់​កាត់​ភ្លៀង​វឹង​ទៅ​ទិញ​យក​មក​ឲ្យ​ខ្ញុំ។ ទង្វើ​ល្អ​ៗ​​ និង​ការ​ពូកែ​យក​ចិត្ត​របស់​គេ ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ស្រលាញ់​គេ​លើស​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​នៅ​មាន​អនុស្សាវរីយ៍​ និង​ការ​លះ​បង់​ជា​ច្រើន​ទៀត​ដែល​គេ​ធ្វើ​ដើម្បី​ខ្ញុំ។
ស្រលាញ់​គ្នា​មិន​បាន​ប៉ុន្មាន​ផង​ ស្នេហា​របស់​ពួក​យើង​​ហាក់​ដូច​ជា​មាន​ការ​ជ្រៀត​ជ្រែក​ពី​ខាង​គ្រួសារ​ខាង​ គេ។ ថ្ងៃ​មួយ​​បង​ស្រី​របស់​គេ​បាន​ខល​ទូរសព្ទ​មក​ខ្ញុំ​ ហើយ​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា​ ឲ្យ​ឈប់​ទាក់​ទង​ជាមួយ​​ប្អូន​ប្រុស​គាត់​ទៀត ព្រោះ​គ្រួសារ​គាត់​បាន​រៀប​ចំ​ឲ្យ​ សិទ្ធិ​​​រៀប​ការ​ជាមួយ​អ្នក​ផ្សេង​​រួច​ហើយ រួច​គាត់​ប្រាប់​ឲ្យ​ខ្ញុំ​ឈប់​ទាក់​ទង​គ្នា​ជាមួយ​គ្នា​ទៅ​។ ស្ដាប់​ពាក្យ​នេះ​ហើយ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់​ ទឹក​ភ្នែក​ស្រក់​ចុះ​ទាំង​មិន​ដឹង​ខ្លួន​ គិត​ថា ​ខ្ញុំ​ដូច​ជា​អន់​ពេក​ ឲ្យ​គេ​មក​ជាន់​ឈ្លី​បែប​នេះ។ ខ្ញុំ​មិន​អស់​ចិត្ត​ក៏​បាន​ជួប​សិទ្ធិ​ផ្ទាល់​ដើម្បី​ចង់​ដឹង​ការ​ពិត។
ចម្លើយ​របស់​សិទ្ធិ​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ថែម​ទៀត​ គេ​បាន​ប្រាប់​ខ្ញុំ​ថា គេ​ធ្វើ​តាម​​ខាង​គ្រួសារ​របស់​គេ។ ខ្ញុំ​ក៏​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ទៀត​ដែរ មាន​តែ​ដក​ខ្លួន​ចេញ​ទាំង​បៀម​ទុក្ខ​​តែ​ប៉ុណ្ណោះ។ ចាប់​ពី​ពេល​នោះ​មក​ ខ្ញុំ​​ក៏​ឈប់​ទាក់​ទង​គ្នា​ទៀត​ដែរ។ ស្នេហា​ដំបូង​ដែល​បែក​បាក់​នេះ ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ​ ពិបាក​រហូត​​​ចត់​បាយ​ អត់​ញ៉ាំ​​ជិត​មួយ​ខែ​ ញ៉ាំ​តែ​ទឹក​ដោះ​គោ​ជំនួស។ ​ទម្រាំ​ធ្វើ​ចិត្ត​បាន​​រាង​កាយ​ខ្ញុំ​ឡើង​ស្គម​ រីង​រៃ​អស់​ហើយ។
ថ្ងៃ​មួយ​ សិទ្ធិ​បាន​ខល​មក​លេង​ ខ្ញុំ​ក៏​សួរ​ទៅ​គេ​ថា ៖ ​ “ម៉េច​ហើយ​គ្រួសារ​សុខ​សប្បាយ​អត់”​? គេ​ឆ្លើយ​មក​វិញ​​ថា​ “គ្រួសារ​អី​ គេ​ម្នាក់​នោះ​រៀប​ការ​ជាមួយ​សង្សារ​គេ​​ចោល​ខ្ញុំ​បាត់​ហើយ ម្នាក់​ហ្នឹង​មាន​សង្សារ​គេ​ផ្សេង​ពី​ខ្ញុំ​ដែរ តាម​ពិត​គេ​អត់​ស្រលាញ់​ខ្ញុំ​​ទេ​ ហើយ​គេ​ក៏​មិន​បាន​ដឹង​ថា​ គ្រួសារ​គេ​រៀប​ចំ​គេ​ជាមួយ​​គ្រួសារ​ខ្ញុំ​ដែរ”។ ​ ខ្ញុំ​ពិត​ជា​​​ស្រឡាំងកាំង​​ រក​អ្វី​និយាយ​គ្មាន​​ទេ​ ពេល​ដែល​បាន​ឮ​គេ​ប្រាប់​​យ៉ាង​នេះ។
​​​​​​​ក្រោយ​មក​ទៀត​មិន​ដល់​កន្លះ​ឆ្នាំ​ផង​ ខ្ញុំ​បាន​ទទួល​ដំណឹង​ថា​​ គេ​នឹង​រៀប​ការ​ជាមួយ​អ្នក​ជិត​ខាង​គេ​​ទៀត ប៉ុន្តែ​ក្រោយ​មក​មិន​ដឹង​ជា​យ៉ាង​ម៉េច​ ​ប្រហែល​ជា​មាន​បញ្ហា​​ជាមួយ​គ្រួសារ​​ក៏​មិន​ដឹង​ ឮ​ថា​គេ​មិន​បាន​រៀប​ការ​វិញ។
ខ្ញុំ​យល់​ថា​ ម​ក​ពី​គ្រួសារ​របស់​គេ​​រើស​កូន​ប្រសា​ពេក​​​ ​​ចង់​បាន​​តែ​​អ្នក​មាន​​ បាន​ជា​ចេះ​តែ​ខុស​បែប​ហ្នឹង។
ចាប់​ពី​ពេល​នោះ​មក​ ខ្ញុំ​ក៏​មិន​ដែល​សួរ​នាំ​ រវីរវល់​​រឿង​របស់​គេ​ទៀត​ដែរ។ គ្មាន​ហេតុ​ផល​អី​ ដែល​ត្រូវ​ឲ្យ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ ឈឺ​ក្បាល ដេក​អត់​បាយ​ចំពោះ​រឿង​នេះ​​ដូច​មុន​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចំអក​​អ្វី​ដែរ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​បទ​ពិសោធន៍​ស្នេហា​​របស់​ខ្ញុំ​មួយ​នេះ​ ដល់​ប្រិយមិត្ត​អ្នក​អាន​ Sabay​ ទុក​គ្រាន់​ពិចារណា​តែ​ប៉ុណ្ណោះ។ ដូច​ឃើញ​ស្រាប់​ហើយ​ សង្គម​ឥលូវ​នេះ​ស្នេហា​ច្រើន​តែ​ប្រកាន់​វណ្ណៈ  ​មើល​ឃើញ​តែ​លុយ​​ជា​ធំ។ ចុះ​ស្នេហា​ស្មោះ​នៅ​ឯ​ណា​ទៅ ឬ​មួយ​ក៏​ស្នេហ៍​ស្មោះ​មាន​តែ​នៅ​ក្នុង​ភាព​យន្ត​ដូច​បទ​ចម្រៀង​​គេ​ច្រៀង​ មែន? សូម​មិត្ត​យុវវ័យ​ជួយ​ចែក​រំលែក​គំនិត​យោបល់​​ផង។ សូម​អគុណ!

0 comments:

Post a Comment