ប្រភពពីhttp://news.sabay.com.kh/articles/638936
សម្រាប់ខ្ញុំ ការសម្ពោធកម្មវិធី Hear My Song នៅព្រឹកនេះគឺអូខេ!
អាចនិយាយបានថា វាជាឱកាសថ្មីមួយសម្រាប់យុវវ័យដែលមានទេពកោសល្យទាំងឡាយក្នុងការ បញ្ចេញស្នាដៃរបស់គេ តែក៏អាចថា ជាឱកាសថ្មីមួយដែរសម្រាប់គ្រប់គ្នាបានឃើញ និងស្ដាប់ឮបទចម្រៀងបង្កើតថ្មី និងជាស្នាដៃកូនខ្មែរពិតៗ។
ខ្ញុំបាន ជួបជជែកដោយមោទនភាពជាមួយកញ្ញា ដែក ដារី ប្រធានគម្រោងកម្មវិធី Hear My Song ហើយបានដឹងពីកញ្ញាថា ការស្វែងរកឱកាសឱ្យកូនខ្មែរបានបង្ហាញស្នាដៃ និងទេពកោសល្យរបស់ខ្លួនស្វែងរកការគាំទ្រពីយុវវ័យដូចគ្នា គឺជាគោលបំណងធំនៃកម្មវិធីនេះ។
កញ្ញាបញ្ជាក់ទៀតថា សូម្បីតែគណៈកម្មការដែលវាយតម្លៃលើស្នាដៃនិមួយៗគឺជាតន្ត្រីករ និងសិល្បករយុវវ័យ ហើយទស្សនិកជន និងបេក្ខជនខ្លួនឯង ក៏មានសិទ្ធិក្នុងការចូលរួមជាគណៈកម្មការដែរ។

បទចម្រៀងបីបទជាស្នាដៃយុវជនយុវនារីខ្មែរដែលបានបង្ហាញចេញកាលពី ព្រឹកមិញ បានធ្វើឱ្យភ្ញៀវកិត្តិយសសុទ្ធសឹងតែជាតារាចម្រៀង តន្ត្រីករអាជីព និងសិល្បករវិស័យផ្សេងៗទៀតសាទរយ៉ាងរំភើប ចំណែកខ្ញុំវិញ ស្ទើរ ភ្លេចដកដង្ហើមជាមួយបទចម្រៀង «ភ្លេចខ្លួន» ដ៏រ៉ូមែនទិករបស់ កញ្ចនា។ ខ្ញុំចង់មានន័យថា អស់ទាស់! ហើយប្រសិនបើមានស្នាដៃបែបនេះកាន់តែច្រើនគឺអស្ចារ្យ!!!!
ចេញពីទីនោះមក ខ្ញុំមានសង្ឃឹមជាប់មកជាមួយ គឺសង្ឃឹមថា រយៈពេលពីរខែដែលកម្មវិធី Hear My Song ទទួលពាក្យចូលរួមប្រលង យើងនឹងរកឃើញយុវវ័យមានសមត្ថភាពជាច្រើននាក់ទៀត ហើយនឹងស្នាដៃចម្រៀងរបស់កូនខ្មែរពិតៗនឹងត្រូវបង្កើនបរិមាណ ព្រមទាំងសម្រិតសម្រាំងគុណភាព។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលអញ្ជើញជាអធិបតីភាពក៏បានបញ្ចេញ អនុសាសន៍ដែរ ថា ការរិះគន់ចំពោះការលួចចំលងបទភ្លេងពុំមែនជាសកម្មភាពអាទិភាព ប៉ុន្តែការលើកទឹកចិត្តក្នុងការបង្កើតបទចម្រៀងថ្មីៗដោយខ្លួនឯង គឺជាការងារសំខាន់ក្នុងកាលៈទេសៈនេះ។
ខ្ញុំយល់ថា នេះជាអនុសាសន៍ដ៏ពិសិដ្ឋមួយ ហើយការចូលរួមជាដៃគូរបស់ក្រសួងព័ត៌មានក្នុងកម្មវិធីនេះក៏រឹតតែ ជាកម្លាំងជំរុញដ៏មានអត្ថន័យដល់ Hear My Song ទៅទៀត។
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Corporation ក៏បានមានប្រសាសន៍ដែរថា អ្នកនិយាយកម្របានធ្វើអ្វីឱ្យមានការផ្លាស់ប្ដូរណាស់ដូច្នេះចូរ កុំនិយាយហើយចាប់ផ្ដើមធ្វើ។
ដូច្នេះ ខ្ញុំនិងសហការីនៅ Sabay.com រង់ចាំយ៉ាងអន្ទះសាក្នុងការជ្រោមជ្រែងផ្សព្វផ្សាយស្នាដៃថ្មីៗ ទាំងឡាយរបស់យុវវ័យខ្មែរយើង ទៅទូទាំងប្រទេស និងជុំវិញពិភពលោក។
តាមរយៈកម្មវិធី Hear My Song អ្នកនឹងក្លាយជាតារាឆ្នើមរបស់កម្ពុជា!
ម៉ីសន សុធារី

0 comments:
Post a Comment