Monday, May 11, 2015

 ប្រភពពី៖http://www.khmerload.com/news/37718
បារាំង៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការ អះអាងថា ពួកគេអាចបង្កើត មេជីវិតរបស់ មនុស្សប្រុស បានសម្រេច ជាលើកដំបូង នៅក្នុងមន្ទីរពិសោធន៍ ដែលនេះអាច ជាក្តីសង្ឃឹម ថ្មីមួយសម្រាប់ បុរសដែល មិនអាចបន្តពូជបាន។
វាជារឿងពិត មួយដែលថា អ្នកវិទ្យាសាស្ត្របាន ពុះពារក្នុងការ ស្វែងរកវិធី ដើម្បីអាចធ្វើឲ្យ កោសិកា បន្តពូជបុរស (ស្ពែម៉ាតូសូអ៊ីត) ក្លាយទៅជា ទឹកកាមដែល ផ្ទុកមេជីវិត ដ៏ពេញលក្ខណៈមួយ និងអាច ធ្វើការបន្តពូជបាន។ ហើយកន្លងមក ក៏មានវិធីសាស្ត្រ ផ្សេងៗសម្រាប់ សាកល្បងដើម្បីអាច ឲ្យបុរសដែល មិនមានសមត្ថភាព ក្នុងការបន្តពូជ មានក្តីសង្ឃឹម ឡើងវិញ ក្នុងការបង្វែរ ទឹកកាមធម្មតា របស់គេ ឲ្យក្លាយទៅជា ទឹកកាមដែល ផ្ទុកមេជីវិត ពេញលក្ខណៈ (ទឹកមេជីវិត) ដើម្បីបន្តពូជ ដោយក្នុងនោះ ពួកគេត្រូវ ទទួលការ សាកល្បង ក្នុងអំឡុង ពេល៧០ថ្ងៃ តែវិធីនោះ ហាក់ដូចជា នៅតែមិនបានផល។
យ៉ាងណាមិញ ផ្អែកលើរបាយការណ៍ របស់ក្រុមអ្នក វិទ្យាសាស្ត្របារាំង បានឲ្យដឹងថា ការរកឃើញថ្មី ដែលមិនទាន់ បានបញ្ជាក់ ជាផ្លូវការនៅឡើយនោះ បានអះអាងថា ដំណើរការ សាកល្បងនោះ អាចជំនួសមកវិញ ដោយធ្វើឡើង នៅក្នុងបន្ទប់ពិសោធន៍ និងមានប្រសិទ្ធិភាព សម្រាប់បង្កើត ឲ្យមានទឹកមេជីវិត សារជាថ្មីវិញ។
លោក Isabelle Cuoc នាយកប្រតិបត្តិ នៃមន្ទីរពិសោធន៍ Kallistem បាននិយាយថា “ពួកយើងកំពុង តែធ្វើការ ដោះស្រាយបញ្ហា ដ៏ចម្បងដែល វាបានប៉ះពាល់ ទៅដល់ការ បន្តពូជទូទាំង ពិភពលោក ដោយក្នុងនោះ គឺស្វែងរកនូវ ការព្យាបាល ទៅលើបុរស ដែលមិនអាច ធ្វើការបន្តពូជបាន”។
គាត់បានបន្តទៀតថា “ក្រុមរបស់ ពួកយើងគឺ បានបង្កើតនូវ បច្ចេកវិទ្យាដំបូង បំផុតក្នុងពិភពលោក ដែលអាចធ្វើឲ្យ បុរសទទួលបាន នូវទម្រង់ ទឹកកាម ដ៏ពេញលក្ខណៈមួយ ដោយប្រើប្រាស់ ការសាកល្បង នៅក្នុងបន្ទប់ ពិសោធន៍តែប៉ុណ្ណោះ ពោលគឺមិន បានធ្វើឡើង នៅក្នុងខ្លួនបុរស ដូចវិធីសាស្ត្រ កាលពីមុន នោះឡើយ”។
យ៉ាងណាមិញ ក៏មានការ លើកឡើងពី អ្នកជំនាញផ្សេងៗ ដូចជាលោក Allan Pacey អ្នកជំនាញ ខាងមេជីវិតបុរស មកពីសកលវិទ្យាល័យ University of Sheffield បាននិយាយថា មិនទាន់មាន ភស្តុតាងណា អាចបញ្ជាក់ថា ការស្រាវជ្រាវនេះ អាចធ្វើឲ្យ បុរសដែល មិនអាច បន្តពូជបាន ទទួលបាន ទឹកមេជីវិត ដ៏ពេញលក្ខណៈ ពិតប្រាកដ នោះទេ តែពួកគេ ក៏សង្ឃឹមថា វិធីសាស្ត្រថ្មីនេះ នឹងអាច ទទួលបានជោគជ័យ ដើម្បីដោះស្រាយ បញ្ហាជាច្រើន ក្នុងពេលបច្ចុប្បន្ននេះ៕

អ្នកវិទ្យាសាស្ត្រ រកឃើញ ការបង្កើត ទឹកមេជីវិត នៅក្នុងបន្ទប់ពិសោធន៍

0 comments:

Post a Comment