Wednesday, May 27, 2015

ប្រភពពី៖.khmerload.com/news/38142
សឹង្ហបុរី៖ អ្នកដំណើរ ១៨២នាក់ ជិះលើ យន្តហោះ Singapore Airlines ជើងហោះហើរ SQ836 ភ័យស្ទើរលស់ព្រលឹង បន្ទាប់ពី យន្តហោះ ជួបអាកាសធាតុ មិនអំណោយផល បណ្តាលឲ្យ  រលត់ម៉ាស៊ីន នៅកណ្តាល អាកាស ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះ Airbus A330-300 ជើងហោះហើរ SQ836 ដឹកមនុស្ស ១៩៤នាក់ ដោយក្នុងនោះមាន អ្នកដំណើរ ១៨២នាក់។ យន្តហោះ មានគោលដៅ ធ្វើដំណើរចេញពី ប្រទេសសឹង្ហបុរី ឆ្ពោះទៅកាន់ ទីក្រុងសៀងហៃប្រទេសចិន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន តែបែរជា ជួបហេតុការណ៍ ដ៏រន្ធត់ នៅកណ្តាលអាកាស ដោយសារ យន្តហោះ បានរលត់ម៉ាស៊ីន ទំាងពីរ ក្នុងខណ:ពេល ដែលជួបប្រទះអាកាសធាតុ មិនអំណោយផល។

យន្តហោះរបស់ក្រុមហ៊ុន  Singapore Airline
ប្រភពដដែល ឲ្យដឹងទៀតថា យន្តហោះប្រភេទ Airbus ខាងលើ បានរលត់ម៉ាស៊ីន សំដៅធ្លាក់ចុះក្រោម ពីរយ:កម្ពស់ ៧,៩២៤ ម៉ែត្រ មុនពេលសំណាងរត់រកវិញ ដោយសារតែម៉ាស៊ីនយន្តហោះ ទាំងពីរ អាចដំណើរការ ជាធម្មតាឡើងវិញបាន ហើយយន្តហោះ ក៏ព្យាយាមហោះឆ្ពោះ ឡើងមកកាន់ កម្ពស់ធម្មតាវិញ និងបានធ្វើការចុះចត ដោយសុវត្ថិភាព នៅអាកាសយានដ្ឋាន ទីក្រុងសៀងហៃ។
ក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានប្រាប់ប្រភពសារព័ត៌មាន ឲ្យដឹងថា "ពេលកើតហេតុនោះ ម៉ាស៊ីន យន្តហោះ ចំនួនពីរ បានរលត់ ជាបណ្តោះអាសន្ន ប៉ុន្តែភ្លាមៗនោះ ម៉ាស៊ីនយន្តហោះមួយ បានដំណើរឡើងវិញ"។ ក្រុមហ៊ុនដដែល បន្តថា "ពីឡុត បានខិតខំ បញ្ជា យន្តហោះ និងធ្វើឲ្យម៉ាស៊ីនយន្តហោះទីពីរ ដំណើរការធម្មតាដូចដើមវិញ និងអាចស្រោចស្រង់ ស្ថានភាពយន្តហោះ បានឡើងវិញ មុននឹង ធ្វើការ បើកយន្តហោះឡើង ទៅកម្ពស់ធម្មតា ម្តងទៀត" 
គួរបញ្ជាក់ដែរថា ទីភ្នាក់ងារស៊ើបអង្កេត គ្រោះថ្នាក់ ផ្លូវអាកាសសឹង្ហបុរី ក៏បានបើកការស៊ើបអង្កេត ដើម្បីរកមូលហេតុច្បាស់លាស់ ដែលបណ្តាលឲ្យ  រលត់ម៉ាស៊ីនយន្តហោះ រហូតដល់ទៅពីរ ក្នុងពេលតែមួយ យ៉ាងដូច្នេះ ដែលបានធ្វើឲ្យអ្នកដំណើរ ភ័យបះសក់ យ៉ាងខ្លាំង៕

យន្តហោះរបស់ក្រុមហ៊ុន  Singapore Airline ពេលចុះចតនៅសៀងហៃ

0 comments:

Post a Comment