ប្រភពពី៖http://news.sabay.com.kh/article/357734
កាលពីព្រឹកមិញនេះ រញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ បានកើតឡើងប្រមាណ ១៥០គីឡូម៉ែត្រ ភាគខាងត្បូងប្រទេសប៉ាពូញូវហ្គីណេ ធ្វើឲ្យមានការប្រកាសអាសន្នថារលកយក្សស៊ូណាមិ អាចនឹងកើតឡើងសាជាថ្មី។ នេះបើតាមសេវាភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក។

រលកយក្សស៊ូណាមិអាចនឹងវាយប្រហារនៅថ្ងៃនេះ ប្រសិនបើកើតឡើងតាមការប្រកាសអាសន្នមែននោះ។ មជ្ឈមណ្ឌលប្រកាសអាសន្នរលកយក្សស៊ូណាមិប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ជាក់ថា “ភ្នាក់ងាររដ្ឋាភិបាលទទួលខុសត្រូវចំពោះតំបន់ឆ្នេរដែលរងការគំរាមកំហែង និងត្រូវចាត់វិធានការផ្ដល់ព័ត៌មាន ព្រមទាំងបង្ហាញប្រជាជនកំពុងស្ថិតក្នុងហានិភ័យផ្អែកតាមការវាយតម្លៃផ្ទាល់ខ្លួនរបស់ពួកគេ… ដំណើរការ និងកម្រិតនៃការគំរាមកំហែង”។ មជ្ឈមណ្ឌលនេះ បានណែនាំទៀតថា “ប្រជាជនដែលកំពុងស្ថិតនៅតំបន់ឆ្នេររងការគំរាមកំហែង គួរតាមដានព័ត៌មានដោយប្រុងប្រយ័ត្ន និងធ្វើតាមការណែនាំរបស់អាជ្ញាធរជាតិ និងក្នុងតំបន់”។
សេវាភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថារញ្ជួយដីនោះអាចមានជម្រៅដល់ទៅ ៣៥គីឡូម៉ែត្រ។ ប្រជុំកោះនៅប្រទេសប៉ាពូញូវហ្គីណេ កោះសូឡូម៉ុង ប្រទេសឥណ្ឌូណេស៊ី កោះវ៉ានូទូ កោះហ្វីជី ប្រទេសហ្វីលីពីន ព្រមទាំងបណ្ដាលប្រទេសនៅជុំវិញអាចនឹងទទួលការវាយប្រហារដោយរលក។
កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅនេះ ក៏មានការប្រកាសអាសន្នដែរថា អាចមានរលកស៊ូណាមិដែលមានកម្ពស់រហូតដល់ទៅមួយម៉ែត្រ វាយប្រហារកោះជាច្រើននៅភាគខាងត្បូងប្រទេសជប៉ុន បន្ទាប់ពីរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ កើតឡើងនៅភាគខាងកើតកោះតៃវ៉ាន់។ យ៉ាងណាក្ដី ហេតុការណ៍ដ៏អាក្រក់នោះ មិនកើតឡើងដូចការព្យាករណ៍ឡើយ៕
0 comments:
Post a Comment