Friday, April 24, 2015

ប្រភពពី៖http://www.khmerload.com/news/37217
ចិន ៖ នេះពិតជារឿងមួយ គួរឲ្យរំជួលចិត្តជាខ្លាំង ដែលក្មេងប្រុសម្នាក់ បានអៀវមិត្តភក្តិ របស់ខ្លួន ដែលមានជំងឺ ស្វិតសាច់ដុំ ទៅសាលា ជារៀងរាល់ថ្ងៃ អស់រយៈពេលបីឆ្នាំ កន្លងមកនេះ ដោយមិនខ្លាច នឿយហត់ បន្តិចឡើយ។
ក្មេងប្រុសចិត្តធម៌ Xie Xu អាយុ ១៨ ឆ្នាំ បានស្ម័គ្រចិត្ត មើលថែទាំ និង អៀវមិត្តរួមថ្នាក់ របស់ខ្លួន ឈ្មោះ Zhang Chi អាយុ ១៩ ឆ្នាំ ចាប់តាំងពី រៀនជាមួយគ្នា នៅថ្នាក់ទី ១០ នៃវិទ្យាល័យ Daxu High School ដែលស្ថិតក្នុងទីក្រុង Xuzhou ប្រទេសចិន។
ជារៀងរាល់ថ្ងៃ Xie បានអៀវ Zhang ចេញ ពីសយនដ្ឋាន (កន្លែងស្នាក់នៅរបស់សិស្ស) ពួកគេ ទៅសាលា ហើយថែមទាំងជួយ បោកខោអាវ និង យកអាហារ បីពេល ឲ្យ Zhang ញ៉ាំ ជារៀងរាល់ថ្ងៃ ទៀតផង។ ជាងនេះទៅទៀត Xie តែងតែអៀវ Zhang ទៅកង់ទីន ក្នុងសាលា ជារៀងរាល់ថ្ងៃ ដោយមិនបានទុក ឲ្យគេនៅម្នាក់ឯងឡើយ។
Xie បានឲ្យដឹងថា ខ្លួនបានអៀវមិត្តរបស់ខ្លួន ទៅវិញទៅមក ក្នុងមួយថ្ងៃៗ មិនតិចជាង ១០ ដងឡើយ ហើយក្នុងមួយឆ្នាំ ក៏មិនតិចជាង ២០០ថ្ងៃដែរ។ បច្ចុប្បន្នក្មេងប្រុស ទាំងពីរនាក់នេះ ជាសិស្សថ្នាក់ទី១២ និង បានជាប់ជាសិស្សពូកែ ប្រចាំថ្នាក់ អស់រយៈពេល ៣ឆ្នាំមកហើយ។
យ៉ាងណាមិញ បន្ទាប់ពី រឿងរ៉ាវដ៏គួរឲ្យ រំជួលចិត្ត របស់ក្មេងប្រុស ទាំងពីរនាក់នេះ ត្រូវបានគេបង្ហោះ លើបណ្តាញសង្គម រួចមក ក៏បានធ្វើឲ្យ អ្នកនិយមលេង អ៊ីនធើណេត ជាច្រើន មានការកោតសរសើរ នូវទឹកចិត្តដ៏ល្អ របស់ Xie យ៉ាងខ្លាំង ខណៈអ្នកខ្លះ បានសរសេរថា៖ «ពួកយើងគួរតែ រៀនសូត្រ ពីពួកគេ ព្រោះនេះជាមិត្តភាព ដែលមិនអាច កាត់ថ្លៃបានឡើយ» រីឯអ្នកខ្លះទៀត បានសរសេរថា ៖ «ការអៀវម្តង ជារឿងធម្មតា ប៉ុន្តែ ក្មេងប្រុសម្នាក់នេះ បានអៀវមិត្តរបស់ខ្លួន ជារៀងរាល់ថ្ងៃ ដែលនេះ ពិតជាកម្រនឹងរកបាន មិត្តភក្តិល្អ បែបនេះណាស់»។
ខាងក្រោមគឺ ជារូបភាពបង្ហាញពី ទិដ្ឋភាពរស់នៅប្រចាំថ្ងៃ របស់ក្មេងប្រុស ទាំងពីរនាក់នេះ៖







0 comments:

Post a Comment