ប្រភពពី៖http://www.khmerload.com/news/36804
កំពង់ចាម ៖ បុរសម្នាក់ត្រូវ បានកម្លាំងនគរបាល ដែលយាមប្រចាំការ នៅផ្សារថ្នល់បត់ ស្រុកចំការលើ ខេត្ដកំពង់ចាម ឃាត់ខ្លួនយកទៅ សួរនាំ បន្ទាប់ពីបុរសរូបនេះ សៀត កាំភ្លើងខ្លី មួយដើមនៅ នឹងចង្កេះ ហើយដើរចូលសំដៅទៅ ទូមាស និងកន្លែងប្តូរប្រាក់ នៅក្នុងផ្សារ ថ្នល់បែក កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ។
ប្រភពព័ត៌មានពី មន្ដ្រីនគរបាលព្រហ្មទណ្ឌ ស្រុកចំការលើ បានឱ្យដឹងថា «ជននេះសៀតកាំភ្លើងខ្លី និងចង្កេះ ដើរចូល ផ្សារថ្នល់បែក ដោយសំដៅ ទៅទូមាស និងកន្លែងប្តូរប្រាក់ ពេលនោះកម្លាំង របស់យើង សង្ស័យក៏ចាប់ឆែក និង នាំមកសួរនាំថា តើការប្រើប្រាស់ កាំភ្លើងនេះ មានច្បាប់ អនុញ្ញាត ឬមួយយ៉ាងណានោះ» ។
តាមប្រភពព័ត៌មានពី មន្ដ្រីនគរបាល បើទោះបី ជននេះ មិនទាន់ធ្វើសកម្មភាព អ្វីក៏ដោយនោះ ប៉ុន្ដែជាវិធានការទប់ស្កាត់ ព្រោះខ្លាចទៅធ្វើ សកម្មភាព បទល្មើសអ្វីមួយ ដូចជា ករណីប្លន់ ឬបង្កទំនាស់ជាដើមក៏ត្រូវឃាត់ខ្លួន ភ្លាមៗតែម្តងតាម បញ្ជាពីលោកស្នងការខេត្ត ។
មន្ដ្រីនគរបាលដដែល បានបញ្ជាក់ទៀត ថា ក្រោយពីធ្វើការ សួរនាំរួចមក ការប្រើប្រាស់កាំភ្លើងនេះ គ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវឡើយ ពោល បានយកកាំភ្លើងពីបងប្រុស របស់ខ្លួនមកសៀតនៅនឹងចង្កេះ ហើយដើរចូលផ្សារ។
បន្ទាប់ពីមានករណីឃាត់ខ្លួនបុរសខាងលើ មួយសន្ទុះក្រោយមក បងប្រុសរបស់ជននេះ ដែល ជាម្ចាស់កាំភ្លើង មានឈ្មោះ ជ្រឿន ប៊ុនយែល ជាមន្ដ្រីយោធា បានចូលខ្លួនមកបំភ្លឺ នៅចំពោះ មុខសមត្ថកិច្ច ។
មន្ដ្រីនគរបាលដដែលនេះ បានបន្ដថា ជន ដែលសៀតកាំភ្លើង នៅនឹងចង្កេះនោះ បានបើករថយន្ដ មួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-28050 មុនពេលដែលរូបគេ ដើរចូលផ្សារ ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «បើមិនមែនចោរ ក៏ដើរតាមដានចោរដេែរ ពីព្រោះដើរសំដៅ ទៅរកទូមាស និងកន្លែងប្តូរប្រាក់ ហើយខ្លួនឯងមិនមែនជាសមត្ថកិច្ច បែរជាកាន់កាំភ្លើង និងគ្មានច្បាប់ អនុញ្ញាត។ កាំភ្លើងឡុកគ្រាប់១៥ ពេញបង់ គ្មានលិខិតអនុញ្ញាត វាស្ថិតនៅក្នុងស្ថានភាព ងាយ គ្រោះថ្នាក់»។
បើតាមលោកស្នងការខេត្តកំពង់ចាម បែន រ័ត្ន ជនសង្ស័យរូបនេះ នឹងត្រូវសមត្ថកិច្ចរបស់លោក ចាប់បញ្ជូនខ្ឡួន ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពីព្រោះកាន់កាប់អាវុធខុសច្បាប់។
សូមបញ្ជាក់ថា ដោយមានការណែនាំពី ស្នងការនគរបាលខេត្តកំពង់ចាម លើការពង្រឹងបញ្ហាសន្តិសុខ និងទប់ស្កាត់ បទល្មើសនោះ កម្លាំងនគរបាលត្រូវបាន ដាក់ពង្រាយការពារនៅតាមទីប្រជុំ និងតាមផ្សារធំៗ ដើម្បីងាយជួយ អន្ដរាគមន៍ និងចាប់ខ្លួនមុខសញ្ញា ដែលចង់ធ្វើ សកម្មភាពអ្វីមួយ៕

ជនដែលកម្លាំងនគរបាល យាមផ្សារថ្នល់បត់ ឃាត់ខ្លួន




បងប្រុសរបស់ជនសង្ស័យ មកបង្ហាញ និងបំភ្លឺ នៅចំពោះសមត្ថកិច្ចនគរបាល
0 comments:
Post a Comment