Wednesday, April 29, 2015

ប្រភពពីៈhttp://www.khmerload.com/news/37350
តំបន់ទីបេ, ប្រទេសចិន៖ អត្រាចំនួនមនុស្សស្លាប់ នៅក្នុងតំបន់ទីបេ នៃប្រទេសចិន បានកើនឡើង ដល់១៧នាក់ហើយ បន្ទាប់ពីមាន គ្រោះរញ្ជួយដី ដ៏កាចសាហាវមួយ បានកើតឡើង នៅក្នុង ប្រទេសនេប៉ាល់ ហើយបានជះឥទ្ធិពល ដល់តំបន់មួយនេះ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា កន្លងទៅនេះ។ ជាមួយគ្នានេះដែរ មនុស្សនៅក្នុងតំបន់ទីបេ ចំនួន ៥៣នាក់ បានរងរបួស ខណៈ ១២,០០០នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន រកកន្លែងមានសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់រញ្ជួយដី ដ៏សាហាវ កម្រិត ៧.៨ បានកើតឡើង នៅក្នុងប្រទេសនេប៉ាល់ នៅវេលាម៉ោង ២៖១១នាទីរសៀល (ម៉ោងក្នុងទីក្រុងប៉េកាំង) ដោយបានសម្លាប់មនុស្ស ១,៨០៥នាក់ នៅក្នុងប្រទេសនោះ។ ជាងនេះទៅទៀត គ្រោះថ្នាក់រញ្ជួយដីនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅដល់តំបន់ទីបេ ដែលធ្វើឲ្យ តំបន់មួយនេះ ទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង ផងដែរ។ កំពង់ផែចំនួន២ នៅក្នុងតំបន់ទីបេ ក្បែរប្រទេសនេប៉ាល់ បានទទួលរង នូវផលប៉ះពាល់ ខ្លាំងបំផុត។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សចំនួន ៧,០០០នាក់ បានផ្លាស់ទីលំនៅ ទៅក្នុងទីក្រុង Nyalam ខណៈមនុស្សចំនួន ៥,០០០នាក់ផ្សេងទៀត បានរត់គេចខ្លួន ទៅក្នុងទីក្រុង Gyirong នៃប្រទេសចិន។
បើតាមទីស្នាក់ការកណ្តាល នៃការជួយសង្គ្រោះ នៅក្នុងតំបន់ បានឲ្យដឹងថា នៅក្នុងទីក្រុង Gyirong មានមនុស្សចំនួន ៦នាក់ បានស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៏ គ្រោះរញ្ជួយដីនេះ។ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែមេសា មានមនុស្សចំនួន ៤នាក់ ក្នុងនោះរួមមាន ជនជាតិនេប៉ាល់ ម្នាក់ផងដែរ បានបាត់ខ្លួន នៅក្នុងទីក្រុង Nyalam។
យ៉ាងណាមិញ ផ្ទះចំនួន ១,១៩១ បានដួលរលំ ខណៈផ្លូវជាច្រើនខ្សែ បានរងការខូចខាត និងប្រព័ន្ធទូរគមនាគមន៏ ត្រូវបានកាត់ផ្តាច់ផងដែរ នៅក្នុងប្រទេស និងតំបន់ ទាំង២នេះ។
គួរឲ្យដឹងផងដែរថា រហូតមកដល់ថ្ងៃទី២៩ ខែមេសា នេះ អត្រាចំនួនមនុស្សស្លាប់ នៅក្នុងប្រទេសនេប៉ាល់ ត្រូវបានគេដឹងថា បានកើតឡើង រហូតដល់ជាង ៤,៨០០ នាក់ និងច្រើនជាង ១០,០០០ នាក់ទៀត បានរងរបួស ខណៈនាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់ លោក Sushil Koirala បាននិយាយថា ចំនួនមនុស្សស្លាប់ អាចកើនឡើងដល់ ១០,០០០នាក់៕
សូមទស្សនាវីដេអូ នៅពេលកើតហេតុ គ្រោះរញ្ជួយដី នៅតំបន់ទីបេ៖
រូបភាពបង្ហាញពីទិដ្ឋភាព ក្រោយហេតុការណ៍ គ្រោះរញ្ជួយដី នៅទីបេ៖





រូបភាពបង្ហាញពីទិដ្ឋភាព ក្រោយហេតុការណ៍ គ្រោះរញ្ជួយដី នៅនេប៉ាល់៖









វីដេអូ នៅមុន និងពេលកើត គ្រោះរញ្ជួយដី នៅនេប៉ាល់៖

0 comments:

Post a Comment