ប្រភពពី៖http://www.khmerload.com/news/36818
ចិន៖ វាជារឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលណាស់ ដែលបុរសម្នាក់ ធ្វើការផ្នែកព័ត៌មានវិទ្យា (IT) បានដួលស្លាប់ ក្នុងបន្ទប់ទឹក បន្ទាប់ពីធ្វើការ លើសម៉ោង ហើយរឿងនេះ បានធ្វើឲ្យក្រុមគ្រួសារ មានការសោកស្តាយជាខ្លាំង។
បុរសឈ្មោះ Zhang ដែលជាបុគ្គលិកផ្នែក IT នៅក្រុមហ៊ុនមួយ បានក្លាយជាអ្នកដឹកនាំ គំរោងធំមួយ ដែលមេបានដាក់ឲ្យធ្វើ កាលពីខែតុលា កន្លងទៅ ហើយគាត់ ត្រូវទទួលបន្ទុកនេះ រហូតដល់ ធ្វើការលើសម៉ោង រៀងរាល់ថ្ងៃ ដែលជានិច្ចកាល គាត់តែងតែ ធ្វើការដាច់យប់ រហូតដល់ព្រឹកព្រលឹម ពេលខ្លះដល់ម៉ោង ៥-៦ព្រឹក ក៏មានដែរ។
មិត្តភក្តិរបស់លោក Zhang ម្នាក់ បានឲ្យដឹងថា គាត់មិនបានទទួលប្រាក់បន្ថែម អំពីការធ្វើការលើសម៉ោង ពីក្រុមហ៊ុននោះទេ ប៉ុន្តែក្រុមហ៊ុនបានផ្តល់បន្ទប់ស្នាក់នៅ ១បន្ទប់ នៅជិតការិយាល័យ ដល់គាត់។ អ្នកស្រី Yan ដែលត្រូវជា ប្រពន្ធលោក Zhang បាននិយាយថា "រយៈពេល ២-៣ខែមកនេះ ប្តីរបស់ខ្ញុំ តែងតែ ធ្វើការលើសម៉ោង ហើយសូម្បីតែ ថ្ងៃឈប់សំរាក ក៏គាត់ធ្វើដែរ!"។
សាកសពរបស់លោក Zhang ត្រូវបានគេប្រទះឃើញ នៅក្នុងបន្ទប់ទឹក នៃបន្ទប់ស្នាក់នៅ ជិតការិយាល័យនោះ ដែលមុនថ្ងៃគាត់ស្លាប់ ១ថ្ងៃ គាត់បានថ្ងូរ ប្រាប់ម្តាយគាត់ថា គាត់ពិតជានឿយហត់ខ្លាំងណាស់ ហើយគាត់សន្យាថា នឹងធ្វើការសំរាកលំហែរកាយ នៅពេលដែលគាត់ ធ្វើគំរោងនោះចប់រួចរាល់។
បើយោងតាម ការរាយការណ៍ ពីប្រភពមួយ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានប្រជាជនចិន ស្លាប់យ៉ាងហោចណាស់ ចំនួន ៦០០,០០០នាក់ ដោយសារ ការធ្វើការលើសកំរិត៕

0 comments:
Post a Comment