ប្រភពពី៖http://news.sabay.com.kh/article/332039
តារាសម្ដែងកំប្លុកកំប្លែង អ៊ុំ ម៉ៃ ឬ ភីម៉ៃ បានបង្ហាញភស្តុតាងមួយចំនួននៅលើបណ្ដាញសង្គមព្រឹកនេះ បញ្ជាក់ថា ម៉ូដសក់ដែលលោកបានប្រើរយៈពេល៦ឆ្នាំហើយនោះ គឺជារបស់ខ្មែរពិតៗ លោកមិនបានយកពីថៃឡើយ។
ភស្តុតាងនោះ តារាសម្ដែងមាឌធំរូបនេះ បានយករូបព្រះឆាយាល័ក្ខណ៍របស់ព្រះបាទស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជាទសវត្សរ៍ ១៩២០ និងរូបប៉ុន្មានសន្លឹកទៀតដែលលោកអះអាងថាជាប្រជាពលរដ្ឋជំនាន់នោះមកសំអាង។ តារាប្រុសដែលទទួលការចាប់អារម្មណ៍ក្រោយសម្ដែងរឿង “គ្រាប់ពេជ្រ” ឬ “GEMS ON THE RUN” រូបនេះ បានប្រាប់ Sabay ថា ឯកសារពាក់ព័ន្ធនឹងម៉ូដសក់នេះ លោកបានពឹងមិត្តភ័ក្ដិម្នាក់ឲ្យជួយរកអស់រយៈពេលជាង១ឆ្នាំមកហើយ ទើបតែបានពេលនេះ។
ឯកសារទាំងនេះ មិត្តភ័ក្ដិរបស់លោកទទួលបានពីបណ្ឌិត មីសែល ត្រាណេ អ្នកប្រវត្តិសាស្ត្រល្បីឈ្មោះមួយរូបរបស់កម្ពុជា។ ភីម៉ៃ ថ្លែងថា តាមឯកសារ ម៉ូដសក់នេះ គឺជាម៉ូដខ្មែរ១០០% ដែលមានតាំងពីទសវត្សរ៍ ១៩២០ នោះ ពោលគឺ រាល់ពេលមានពិធីបុណ្យធំៗ ប្រជាពលរដ្ឋខ្មែរទាំងប្រុសទាំងស្រី តែងកាត់ម៉ូដនេះ។

“ម៉ូដសក់នេះ គេហៅថា ម៉ូដសក់កោជប់ ជាម៉ូដសក់ដែលខ្ញុំស្រលាញ់បំផុត ខ្ញុំតែងតែកាត់ម៉ូដសក់នេះនៅពេលថត ឬមានកម្មវិធីធំៗ។ សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមកុំច្រឡំថា ម៉ូដនេះចំលងពីថៃឲ្យសោះ គឺជាម៉ូដរបស់ដូនតាខ្មែរយើងតាំងតែពីសម័យអង្គរមកម្ល៉េះ គ្រាន់តែខ្មែរយើងនិយមប្រើតាមសម័យកាលហើយយើងឃើញមានប្រើក្នុងសម័យកាលព្រះបាទស៊ីសុវត្ថិ”។ ភីម៉ៃ បន្ថែម។

ព្រះបាទស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជាទសវត្សរ៍ ១៩២០ និងប្រជាពលរដ្ឋខ្មែរ(ឯកសារលោកទទួលបានពី បណ្ឌិត មីសែល ត្រាណេ)
ការស្វះស្វែងរកឯកសារមកបញ្ជាក់ជុំវិញម៉ូដសក់នេះ បន្ទាប់ពីលោកបានជ្រើសរើសម៉ូដសក់ដូចក្នុងរូបធ្វើជាម៉ូដផ្ទាល់ខ្លួនរបស់លោក ហើយទទួលការរិះគន់ថា ចម្លងម៉ូដពីថៃ។ ការរិះគន់ទាំងនោះ កាន់តែខ្លាំងពេលវត្តមានរឿង “Pee Mak” នៅកម្ពុជាកាលពីចុងឆ្នាំ ២០១៤ ខណៈតួប្រុសសម្ដែងក្នុងរឿងនេះទាំងអស់កាត់សក់ដូចគ្នានឹងលោក។
ភីម៉ៃ ថ្លែងថា “ម៉ូដនេះ គឺម៉ូដរបស់ខ្មែរ វាស៊ីនឹងក្បាល និងទម្រង់មុខខ្ញុំ ហើយខ្ញុំចង់អភិរក្សផង បានកាត់ អត់មានចម្លងពីណាទេ ម៉ូដនេះ ខ្ញុំកាត់ទាំងពី៤ឆ្នាំ មុនរឿង Pee Mak មកដល់យើងទៅទៀត”។
តួប្រុសក្នុងរឿង “កំណប់បះសក់” រូបនេះ ប្រាប់ទៀតថា ម៉ូដសក់មួយប្រភេទនេះ លោកបានប្រើអស់ប្រមាណជា ៦ឆ្នាំហើយ ហើយក៏មិនចង់ផ្លាស់ប្ដូរដែរ។ “ថ្ងៃស្អែកហ្នឹង បងថតកម្មវិធីមួយឲ្យ CTN ហើយបងនឹងកាត់ម៉ូដហ្នឹងទៀត!” ភីម៉ៃ បន្ថែម៕



ប្រជាពលរដ្ឋខ្មែរក្នុងទសវត្សរ៍ ១៩២០ (ឯកសារ ភីម៉ៃ ទទួលបានពីបណ្ឌិត មីសែល ត្រាណេ)
0 comments:
Post a Comment